អន្តរជាតិ
គីម ជុង​អ៊ុន ថា ដូ​ណា​ល់ ត្រាំ ជា​មនុស្ស​ម្នាក់​គត់​អាច​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​បាន​
25, Sep 2018 , 11:37 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នានជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (រូបភាព AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នានជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (រូបភាព AFP)
​បួន​ថ្ងៃក្រោយ​បញ្ចប់​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ដើម្បី​ពន្យល់​លទ្ធផល​នៃ​ជំនួប​នៅ​ព្យុងយ៉ាង​។ លោក មូ​ន បាន​ប្រា​ប់លោក ត្រាំ ពី​ការប្ដេជ្ញាចិត្ត​របស់​ឥត​ងាករេ​របស់លោក គីម ជុង​អ៊ុន ក្នុង​ការរំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​ការផ្លាស់ប្ដូរ​មុខមាត់​កូរ៉េខាងជើង​។ ឮ​បែបនេះ លោក ត្រាំ ហាក់​រីករាយ និង​ត្រៀម​ជួប​មេដឹកនាំ​កូរ៉េខាងជើង​នៅពេល​ឆាប់ៗ​នេះ​។​

 
​ជាថ្មី​ម្ដងទៀត ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ស្វាគមន៍​ជំនួប​មេដឹកនាំ​កូរ៉េ​ទាំងពី​កាលពី​សប្ដាហ៍​មុន​។ នា​ជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ខាងក្រៅ​ជំនួប​ប្រជុំ​ចាំ​ឆ្នាំ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក លោក ត្រាំ និយាយថា ទំនាក់ទំនង​អាមេរិក និង​កូរ៉េខាងជើង ប្រែ​ទៅជា​ល្អប្រសើរ​យ៉ាងខ្លាំង​។ លោក ត្រាំ ក៏​សាទរ​លោក មូ​ន ដែល​ធ្វើ​ឲ្យ​ជំនួប​នៅ​ទីក្រុង​ព្យុងយ៉ាង​ជោគជ័យ​។​
 
​លោក​ប្រធានាធិបតី មូ​ន ដែល​បាន​ដើរតួ​ជា​អ្នកសម្របសម្រួល​រវាង​លោក ត្រាំ និង​លោក គីម បាន​ប្រាប់​ប្រ​ធានា​ធីប​តី​អាមេរិក​ពី​ជំហរ​របស់​មេដឹកនាំ​កូរ៉េខាងជើង​ដែល​នៅតែ​ចង់បាន​ឧបទ្វីប​ប​កូរ៉េ​មួយ​ដែល​គ្មាន​នុយក្លេអ៊ែរ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ប្រាប់​សម​ភាគី​អាមេរិក​ថា​៖ «​លោក គីម បង្ហាញ​ម្ដង​ហើយ​ម្ដងទៀត​នូវ​ការជឿជាក់ និង​ក្ដី​រំពឹង​លើ​រូបលោក និង​សង្ឃឹម​ជួប​លោក​ឆាប់ៗ​នេះ​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​ឲ្យ​បាន​លឿន ព្រោះ​លោក​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​។​»
 
​ឆ្លើយតប​ការលើកឡើង​របស់លោក មូ​ន លោក ត្រាំ បញ្ជាក់ថា​វិញ​ថា ជំនួប​មេដឹកនាំ​អាមេរិក និង​កី​រ់េ​ខាងជើង​លើក​ទី​២ នឹងធ្វើ​ឡើង​នៅពេល​ខ្លី​ខាងមុខ តាមរបៀប​ជំនួប​លើកដំបូង​ដែរ តែ​នឹងមិន​ធ្វើឡើង​នៅ​សិង្ហ​បុរី​ទៀតឡើយ​។ មេដឹកនាំ​អាមេរិក​ដែល​ធ្លាប់​គំរាម​កម្ទេច​កូរ៉េខាងជើង​ឲ្យ​ក្លាយជា​ផេះផង់​រូបនេះ​ប្រាប់​អ្នកសារព័ត៌មាន​ថា អាមេរិក​នឹងមិន​ប្រញាប់​ឡើយ ខណៈ​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ កំពុងធ្វើការ​លើ​កិច្ចការ​នេះ​។​
 
​ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ មេដឹកនាំ​កូរ៉េខាងត្បូង និង​អាមេរិក​ក៏បាន​ជជែក​ពី​ចំណាត់ការ​របស់​អាមេរិក​ក្នុងការ​ឆ្លើយតប​សកម្ម​ភាព​របស់​កូរ៉េខាងជើង​ដែល​បាន​អនុវត្ត​វិធានការ​ជាច្រើន​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​។ នេះ​ក៏​ព្រោះតែ​កូរ៉េខាងជើង​បានធ្វើការ​ច្រើន​គួរសម​ដែរ​ហើយ​ដូចជា​ការកម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ ហើយ​ថ្មីៗ​នេះ​ក៏​ប្រកាស​បិទ​ទីតាំង​បាញ់​មី​ស៊ី​ល​មួយទៀត​។ ក្នុងករណី​អាមេរិក​ផ្ដល់​ការលើកទឹកចិត្ត​ណាមួយ កូរ៉េខាងជើង​ក៏​ត្រៀម​បិទ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដ៏​ធំ​ដែរ​។​
 
​យ៉ាងណាមិញ អាមេរិក​ហាក់​នៅតែ​ប្រកាន់​ជំហរ​តឹងរ៉ឹង​ដដែល ជាពិសេស​ការបន្ត​ដាក់ទណ្ឌកម្ម​រហូតដល់​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ​សិន​។ ក្នុងជំនួប​ដដែល លោក ត្រាំ និង​លោក មូ​ន បាន​ឯកភាពគ្នា​បន្ត​អនុវត្ត​ទណ្ឌកម្ម​ដែលមាន​ស្រាប់​ដើម្បី​ជា​សារ​ប្រាប់​កូរ៉េខាងជើង​ថា កា​រំសាយ​នុយក្លេអ៊ែរ​ជា​ផ្លូវ​តែមួយគត់​ដើម្បី​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​សន្តិភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​៕
​ 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com