ជាតិ
សង្គមជាតិ
មន្ត្រី​អាដហុក ដែល​ពាក់ព័ន្ធ​រឿងស្រី​មុំ ត្រូវ​កាត់ទោស​៥​ឆ្នាំ តែ​មិន​ជាប់ឃុំ​ទេ​
26, Sep 2018 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អាច​និយាយបានថា សំណុំរឿង​របស់​មនុស្ស​៥​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ស្នេហា​រវាង​អតីត​ប្រធាន​គណបក្សប្រឆាំង និង​នារី​ជាជាង​កាត់សក់​ម្នាក់ ដែល​អូសបន្លាយ​ពេលវេលា​ជិត​២​ឆ្នាំកន្លះ​មកនេះ បាន​ឈានដល់​ទីបញ្ចប់​ហើយ​។ នៅ​រសៀល ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២0១៨​នេះ ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម ដោយ​កំណត់​ឲ្យ​ពួកគេ​ម្នាក់ៗ ជាប់ទោស​៥​ឆ្នាំ តែ​នៅក្រៅ​ពន្ធនាគារ​។



លោក សំ សុ​គង់ មេធាវី​ម្នាក់​របស់​អ្នក​ទាំង​៥ ដោយ​៤​នាក់ ជា​មន្ត្រី​អាដហុក និង​ម្នាក់ទៀត ជា​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ចៅក្រម​កំណត់ ឲ្យ​ពួកគេ អនុវត្ត​ទោសជាង១ឆ្នាំ ​ក្នុង​ពន្ធនាគារ ហើយជាង៣ឆ្នាំ​ទៀត ត្រូវ​ព្យួរ​។ លោក​បន្តថា ទោសជាង១ឆ្នាំនោះ គឺ​ពួកគេ បាន​អនុវត្ត​រួចហើយ​។ 
 
​លោក​មេធាវី ពន្យល់​បែបនេះ​ថា​៖«​ចំពោះ​ការអនុវត្ត​ទោស ដែល​ចៅក្រម កំណត់​នោះ គឺ​ពួកគាត់ មិនត្រូវ​អនុត្ត​ទៀត​ទេ ព្រោះ​ពួកគាត់ អនុវត្ត​រួចហើយ ចាប់តាំងពី​ពេលដែល​ចាប់ខ្លួន រហូតដល់​ដោះលែង​វិញ​។ អ៊ីចឹង ពួកគាត់ ត្រូវ​នៅក្រៅ​ឃុំ​ពី​ពេលនេះ​ទៅ​»​។​
 
​អ្នក​ទាំង​៥​នាក់ ដែល​រួមមាន លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី  ជា​មន្ត្រី​អាដហុក ព្រមទាំង​លោក នី ចរិយា ដែល​ធ្លាប់ជា​មន្ត្រី​អាដហុក ហើយ​បច្ចុប្បន្ន​ជា​អគ្គលេខាធិការរង​គ​.​ជ​.​ប ត្រូវបាន​ចាប់ខ្លួន​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៦ ហើយរ​ហូ​តដល់​អំឡុង​ខែមិថុនា ឆ្នាំ​២០១៧ ពួកគេ ក៏ត្រូវ​បាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​។ 
 
​សមត្ថកិច្ច និង​តុលាការ សង្ស័យថា ពួកគេ​ទាំង​៥ បាន​ឲ្យ​ប្រាក់​ដល់​នារី​ជាជាង​កាត់សក់​ម្នាក់​ឈ្មោះ​ស្រីមុំ ដើម្បី​បញ្ចុះបញ្ចូល​នាង មិន​ឲ្យ​និយាយ​ការពិត​ពី​ទំនាក់ទំនង​របស់​នាង​ជាមួយ​លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង​។ ហេតុដូច្នេះ ទើប​មន្ត្រី​អាដហុក​ទាំង​៤នាក់ រង​បទចោទ «​សូកប៉ាន់​សាក្សី​» និង​មន្ត្រី​គ​.​ជ​.​ប រង​បទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»៕ 
 

Tag:
 រឿង​ស្រីមុំ​
  អាដហុក​
  គជប​
  តុលាការ​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com