ជាតិ
នយោបាយជាតិ
សម្តេច ស ខេង៖ បើយើង មិនចង់បានប្រជាធិបតេយ្យ មិនមែនប្រឹងចរចាពីឆ្នាំ៩១ មកទេ សម្តេច ស ខេង ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតនីតិកាលទី៦ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨
× ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានការពារគណបក្សប្រជាជនកម្ពុជា មិនបានធ្វើឲ្យប្រជាធិបតេយ្យ ធ្លាក់ចុះនោះទេ។ ផ្ទុយទៅវិញ រដ្ឋមន្ត្រីមហាផ្ទៃ បានដាក់កំហុសនេះ ទៅឲ្យអតីតគណបក្សប្រឆាំង។
ធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលបោះឆ្នោតនីតិកាលទី៦ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ សម្តេច ខេង បានរម្លឹកគុណសម្បត្តិគណបក្សប្រជាជនកម្ពុជា ដែលខិតខំស្វែងរកការចរចាជាមួយភាគីខ្មែរដទៃ ចាប់តាំងពីឆ្នាំ១៩៩១មក ដើម្បីបង្រួបបង្រួមជាតិ និងកសាងលទ្ធិប្រជាធិបតេយ្យ។ អនុប្រធានគណបក្សកាន់អំណាចរូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«បើយើង មិនចង់បានប្រជាធិបតេយ្យ សុខសន្តិភាព ការបញ្ចប់សង្គ្រាម ការរួបរួមជាតិ និងការអភិវឌ្ឍទេ យើង មិនចាំបាច់ចរចាក៏បានដែរ ពីឆ្នាំ១៩៩១ មក»។
លើសពីនេះ សម្តេច ស ខេង ក៏បានទាញយកចំណុចវិជ្ជមានច្រើនទៀត មកធ្វើជាទឡ្ហីករណ៍ ដើម្បីបង្ហាញថា រដ្ឋាភិបាល និងគណបក្សកាន់អំណាច ពិតជាប្រឹងប្រែងលើកកម្ពស់ប្រជាធិបតេយ្យមែន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រៀបរាប់បែបនេះថា៖«យើង បើកចំហឲ្យមានគណបក្សនយោបាយជាច្រើន ប្រព័ន្ធផ្សព្វផ្សាយ និងអ្វីៗទាំងអស់ ហើយមកថាយើងហ្នឹង ធ្វើឲ្យថមថយលទ្ធិប្រជាធិបតេយ្យ មិនមែនទេ»។
បន្ទាប់ពីការពារគណបក្សប្រជាជនកម្ពុជារួចហើយ សម្តេច ស ខេង ក៏បានចោទទៅវិញថា អតីតគណបក្សសង្គ្រោះជាតិទេ ដែលជាអ្នកមានបំណងធ្វើឲ្យប្រជាធិបតេយ្យអន្តរាយ។ រដ្ឋមន្ត្រីមហាផ្ទៃ លើកអំណះអំណាងធំៗចំនួនពីរ ដែលបង្ហាញថា អតីតគណបក្សប្រឆាំង ពិតជាចង់បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
ទីមួយ អតីតគណបក្សប្រឆាំង មិនទទួលស្គាល់លទ្ធផលបោះឆ្នោតអាណត្តិទី៥ កាលពីឆ្នាំ២០១៣ ហើយទីពីរ មានគម្រោងធ្វើបដិវត្តពណ៌ និងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីមហាផ្ទៃ ដោយបានបញ្ជាក់យ៉ាងដូច្នេះថា៖«អ្នកឯងទេ ដែលធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ អន្តរាយ គឺបំផ្លាញតែម្តង។ អ៊ីចឹង កុំអួតថាខ្លួនឯង ជាអ្នកប្រជាធិបតេយ្យ»។
ក្រោយការបោះឆ្នោតអាណត្តិទី៦ គេ តែងឮអតីតគណបក្សប្រឆាំង អះអាងជាដដែលៗថា គណបក្សកាន់អំណាច បានផ្លាញប្រជាធិបតេយ្យ សេរីពហុបក្ស ដោយសារតែ គណបក្សកាន់អំណាច បានក្តោបក្កាប់រដ្ឋសភាតែម្នាក់ឯង។ អតីតគណបក្សប្រឆាំង បានដើរប្រាប់សហគមន៍អន្តរជាតិថា រដ្ឋាភិបាលកម្ពុជាអាណត្តិទី៦នេះ មិនមានលក្ខណស្របច្បាប់ឡើយ ព្រោះកើតចេញពីការបោះឆ្នោតក្លែងក្លាយ៕
Tag:
ស ខេង
ប្រជាធិបតេយ្យ
បក្សប្រឆាំង
© រក្សាសិទ្ធិដោយ thmeythmey.com