សេដ្ឋកិច្ច
លោក Heidt ៖ ក្រុមហ៊ុន​អាមេរិក អាចជួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​
27, Sep 2018 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក បានរៀបចំ​កម្មវិធី​ពាណិជ្ជកម្ម​លើ​ផ្នែក​កសិកម្ម ជា​លើកដំបូង​របស់ខ្លួន​នៅ​កម្ពុជា​។ កម្មវិធី​នេះ ជា​ឱកាស​ឲ្យ​ប្រតិភូ​របស់​ក្រុមហ៊ុន​ល្បីៗ​មួយចំនួន​របស់​អាមេរិក ស្វែងយល់​ពី​សក្ដានុពល​វិស័យ​កសិកម្ម​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​។ ក្រុមហ៊ុន​អាមេរិក​ចាប់ផ្ដើម​សម្លឹង​ឱកាស​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​របស់​កម្ពុជា ។


 
«​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ ក្រុមហ៊ុន​ផ្នែក​កសិកម្ម​របស់​កម្ពុជា មានការ​រីកចម្រើន ឥឡូវនេះ​ជា​ពេល​ល្អ ដែល​ក្រុមហ៊ុន​ប្រទេស​ទាំងពីរ​ចាប់ដៃគ្នា​»​។​នេះ​ជា​ប្រសាសន៍​របស់លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ។​
 
​លោក​ឯកអគ្គរដ្ឋទូត បន្ថែមទៀតថា ក្រុមហ៊ុន​អាមេរិក​អាចជួយ​វិស័យ​កសិកម្ម​កម្ពុជា ដែលមាន​កំណើន​យឺត និង​កំពុង​ប្រឈម​បញ្ហា​លក្ខខណ្ឌ​គុណភាព និង​សុវត្ថិភាព​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ឲ្យ​នាំចេញ​ផលិតផល​ទៅ​ទីផ្សារ​អន្តរជាតិ​។ លោក William Heidt បានលើកឡើង​ក្នុង​កម្មវិធី​ពាណិជ្ជកម្ម​លើ​ផ្នែក​កសិកម្ម​ដូច្នេះ​ថា​៖«​កសិកម្ម​របស់​កម្ពុជា​ប្រឈម​របាំង​ស្មុគស្មាញ ដូចជា​ស្ដង់ដារ​អនាម័យ និង​ភូតគាម​អនាម័យ ដែលជា​ឧបសគ្គ​ក្នុង​ការធ្វើ​ពិពិធ​កម្ម​នាំចេញ​។ ក្រុមហ៊ុន​អាមេរិក អាចជួយ​កម្ពុជា​ដោះស្រាយ​បញ្ហា​ទាំង​នោះបាន និង​ឡើងទៅ​កម្រិត​ខ្ពស់ជាង​នេះ​»​។​
 
​លោក William Heidt បន្ថែមថា ក្រុមហ៊ុន​អាមេរិក​ទាំងនោះ បាន​ប្រតិបត្តិ​ការជោគជ័យ​នៅ​អាស៊ីអាគ្នេយ៍ និង​ដឹង​ពី​ទីផ្សារ​តំបន់​យ៉ាងច្បាស់​។ លោក​បន្តថា​៖«​ក្រុមហ៊ុន​ទាំងនោះ​នឹង​ផ្ដល់​បច្ចេកវិទ្យា ឧបករណ៍ សេវាកម្ម ដែល​អាចជួយ​កម្ពុជា បង្កើន​ផលិតកម្ម ទិន្នផល និង​លើកកម្ពស់​សមត្ថភាព​ផលិត​វេច​ខ្ចប់​»​។​
 
​តែ​លោក William Heidt មិនអាច​បញ្ជាក់បាន​ថា​នឹង​ការចុះ​អនុស្សារណៈ​រវាង​ក្រុមហ៊ុន​ប្រទេស​ទាំងពីរ បន្ទាប់ពី​កម្មវិធី​ដែលមាន​រយៈពេល​ពីរ​ថ្ងៃនេះ​បញ្ចប់ ឬ​យ៉ាងណា​នោះទេ​?
​គួរ​បញ្ជាក់ថា ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​អាមេរិក​សម្រេចបាន ៣,៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧​។ ក្នុងនោះ​អាមេរិក​នាំចូល​កម្ពុជា​ទំហំ ៤០០​លាន​ដុល្លារ កើនឡើង ១១​ភាគរយ​។ ហើយ​ការនាំ​ចូល​របស់​កម្ពុជា​ទៅ​អាមេរិក​មាន​ចំនួន ៣,១​ពាន់​លាន​ដុល្លារ​។ ក្នុង​ឆ្នាំ​២០១៧​នោះដែរ ការវិនិយោគ​ផ្ទា​ល់ពី​អាមេរិក​នៅ​ក​ម្ព​ជាមាន​ទឹកប្រាក់ ១៥១​លាន​ដុល្លារ កើនឡើង​ជិត ១២​ភាគរយ​៕
 

Tag:
 កសិកម្ម​
  ទូត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com