ជាតិ
បុណ្យភ្ជុំបិណ្ឌ
ហេតុអ្វី​បានជា​បុព្វបុរស​ខ្មែរ បង្កើត​ពិធី​បោះ​បាយបិណ្ឌ​?
12, Oct 2023 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាពលរដ្ឋ​ខែ្មរ តែងតែ​នាំគ្នា​ទៅ​បោះ​បាយបិណ្ឌ​នៅតាម​វត្ត​អារាម ដែល​ស្ថិតក្នុង​ស្រុកភូមិ​របស់​ខ្លួន នាពេល​ព្រលឹម ម៉ោង​ប្រមាណ​៤ ឬ​៥ ទៀបភ្លឺ ជា​រៀងរាល់ថ្ងៃ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​។ ប្រជា​ពុទ្ធបរិស័ទ មានជំនឿថា ការបោះ​បាយបិណ្ឌ គឺ​ដើម្បី​បញ្ជូន​អាហារ​ទាំងនេះ ទៅ​ឲ្យ​ពពួក​ញាតិ​របស់ខ្លួន ដែល​បាន​បាត់បង់​ជីវិត​យូរ​ក្តី ឬ​ពេល​ថ្មីៗ​ក្តី ជាពិសេស ដោយ​សេចក្តី​ភ័យខ្លាច​ថា សាច់​ញាត់​ទាំងនោះ អាច​ភ្លាត់សតិ​ទៅ​កើតជា​សត្វ​ប្រេត ដោយ​អំពើ​បាប​ណាមួយ​។


 
​មុននឹង​អាចឈាន​ទៅដល់​ការពិភាក្សា​ថា ការបោះ​បាយបិណ្ឌ ហើយ​ប្រេត​អាច​ទទួលបាន​ឬ​មិនបាន​នោះ គឺ​យើង ត្រូវ​សិក្សា​ឈ្វេង​យល់ថា តើ​ពិតជា​ប្រេត ឬ​មិនមាន​ជាមុនសិន​។ យើង​មិនអាច អះអាងថា មាន​ប្រេត​ឬ​មិនមាន តាម​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​យើង ដោយ​ដាច់​ណាត់​នោះទេ​។ ដោយហេតុថា ក្នុង​ធម្មជាតិ​នេះ មាន​វត្ថុ​មាន​រូប និង វត្ថុ​គ្មាន​រូប សត្វ​មាន​រូប និង​សត្វ​គ្មាន​រូប​ដ៏​ច្រើន​អនេក ដែល​មិនអាច​រាប់​អស់​ឡើយ​។ 
 
​ដូច្នេះ អ្វីដែល​ភ្នែក​យើង មើលមិនឃើញ មិន​ប្រាកដថា វត្ថុ​ឬ​សត្វ​នោះ មិនមាន​ក្នុង​ធម្មជាតិ​នោះទេ​។ ជួនកាល អ្វីដែល​យើង​ជា​មនុស្ស​សាមញ្ញ មើលមិនឃើញ តែ​ជា​អ្វី​ដែលមាន​ក្នុង​ធម្មជាតិ តួយ៉ាង​ដូចជា សត្វ​ប្រេត ជាដើម​។​
 
​ពេលនេះ ខ្ញុំ សូម​មិន​បកស្រាយ​ថា តើ​មាន​ប្រេត​ឬ​មិនមាន ហើយ​ការបោះ​បាយបិណ្ឌ​នៅតាម​ឃឿន​ព្រះវិហារ ពិតជា​បាន​ទៅដល់​សត្វ​ប្រេត ឬ​មិនបាន​នោះទេ​។ តែ ខ្ញុំ សូម​បង្ហាញ​ពី​គោលបំណង និង​គំនិត​របស់​ដូនតា​យើង ដែល​បង្កប់​អត្ថន័យ​ក្នុង​ពិធី​នេះ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ជីវិត​ជាក់ស្តែង​ទើប​ប្រសើរ​។
​ទី​១. នៅពេល​យុវជន ទៅ​វត្ត​បោះ​បាយបិណ្ឌ ដោយ​យល់ថា បោះ​ឲ្យ​ញាតិសន្តាន ដែល​ស្លាប់ទៅ គឺជា​ឱកាស​ដ៏​ល្អ សម្រាប់​ព្រះសង្ឃ​បង្ហាត់បង្រៀន​ពួកគេ ឲ្យ​មាន​ស្មារតី ក្នុងការ​ធ្វើបុណ្យ​រក្សាសីល​។ យុវជន​ភាគច្រើន មិនសូវ​ចូលចិត្ត​ទៅ​វត្ត​ឡើយ ដោយ​យល់ថា ការ​ទៅ​វត្ត​អារាម​គឺជា​តួនាទី​របស់​មនុស្ស​ចាស់ ហេតុដូច្នេះ​ហើយ​បាន​ពួកគេ មិនសូវ​យល់​ពី​របៀប​របប បែបផែន និង​ទំនៀមទម្លាប់​ក្នុង​វត្ត​។ 
 
​អ្នកខ្លះ សូម្បីតែ​និយាយ​ជាមួយ​ព្រះសង្ឃ ក៏​មិនចេះ​ផង​។ កុំថាឡើយ​និយាយ អ្នក​ខ្លះទៀត សូម្បីតែ​មើលមុខ​ព្រះសង្ឃ ក៏​មិន​ហ៊ាន​ទៅទៀត​។ ដូច្នេះ ពេល​យុវជន​ទាំងនោះ ទៅ​បោះ​បាយបិណ្ឌ គឺជា​មធ្យោបាយ​មួយ ដើម្បី​ដាស់​ស្មារតី​របស់​ពួកគេ ឲ្យ​ស៊ាំ​ក្នុងការ​ទៅ​វត្ត​ធ្វើបុណ្យ រក្សាសីល មិនមែន​រង់ចាំតែ​ដល់​រដូវ​បុណ្យទាន ទើប​ទៅនោះ​ឡើយ​។​
 
​ទី​២. ការ​ទៅ​បោះ​បាយ​បិណ្ឌ ធ្វើ​ឲ្យ​ប្រជាកសិករ ជាពិសេស​ក្រុមយុវជន មានឱកាស​ថ្វាយបង្គំ​ព្រះ ស្តាប់​ព្រះសង្ឃ​សូត្រធម៌ និង​សុំ​សីល​។ ទង្វើ​ទាំងនេះ ក៏​ជាការ​សន្សំ​បុណ្យ និង​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា និង​បរិសុទ្ធ​ដែរ​។​
 
​គំនិត​នៃ​ការបង្កើត​ពិធី​បោះ​បាយបិណ្ឌ មិនមែន​គ្រាន់តែ ដើម្បី​ឧទ្ទិស​ដល់​ញាតិ​ទាំងឡាយ​ដែល​ស្លាប់​នោះទេ តែ​នៅមាន​គំនិត​អប់រំ​ជាច្រើន ដូច​បាន​បរិយាយ​មក​ខាងលើ ដែល​អាច​នាំ​សេចក្តីសុខ​ចម្រើន​ដល់​ជីវិត​រស់នៅ នាពេល​បច្ចុប្បន្ន​៕ 

Tag:
 ភ្ជុំ​បិ​ណ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com