ជាតិ
អាមេរិក នឹង​ផ្ដល់​ថវិកា​២៣​លាន​ដុល្លារ សម្រាប់​ទ្រទ្រង់​វិស័យ​វារីវប្បកម្ម​នៅ​កម្ពុជា​
27, Sep 2018 , 9:19 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម
​ភ្នំពេញ​៖ រដ្ឋាភិបាល​អាមេរិក នឹង​ផ្ដល់​ថវិកា​ជាង​២០​លាន​ដុល្លារ សម្រាប់​ជួយ​ទ្រទ្រង់​វិស័យ​វារីវប្បកម្ម​នៅ​កម្ពុជា​។ នេះ​ជាការ​បង្ហើប​ឲ្យ​ដឹង​ពី​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុង​វេទិកា​សន្ទនា​ដៃគូ​វិស័យ​សាធារណៈ និង​ឯកជន​ស្តីពី​ការអភិវឌ្ឍ​សាកវប្បកម្ម និង​ស្វាយចន្ទី កាលពី​ថ្ងៃទី​២៦ កញ្ញា​។​

 
​ទឹកប្រាក់​២៣​លានដុល្លារ​នេះ នឹងត្រូវ​ប្រគល់ជូនរ​ដ្ឋា​ភិ​បាល​កម្ពុជា តាមរយៈ​ការចុះហត្ថលេខា​រវាង​ក​ម្ពុ​ជា និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) នាពេលខាងមុខ​។ ទឹកប្រាក់​នេះ សម្រាប់​ទ្រទ្រង់​លើ​គម្រោង​វិស័យ​វារីវប្បកម្ម​រយៈពេល​៥​ឆ្នាំ​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។​
 
​ថ្លែង​ក្នុង​វេទិកា​សន្ទនា​ដៃគូ​វិស័យ​សាធារណៈ និង​ឯកជន​ស្តីពី​ការអភិវឌ្ឍ​សាកវប្បកម្ម និង​ស្វាយចន្ទី លោក វេ​ង សាខុន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) បានរៀបចំ​គម្រោង​គាំទ្រ​ដល់​វិស័យ​វារីវប្បកម្ម​ដែលមាន ថវិកា​សរុប​ប្រមាណ​ជាង ២៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក​»​។ 
 
​គម្រោង​វិស័យ​វារីវប្បកម្ម​នេះ រដ្ឋាភិបាល គ្រោង​ចាប់ផ្ដើម​អនុវត្ត​នៅតាម​បណ្ដា​ខេត្ត ជាប់​បឹង​ទន្លេសាប​។ រដ្ឋាភិបាល​កម្ពុជា សង្ឃឹមថា រដ្ឋាភិបាល​អាមេរិក​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត​។​
 
​ការអភិវឌ្ឍ​អនុវិស័យ​សាកវប្បកម្ម ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្ម​នៅមានកម្រិត ដូចជា​ផលិតភាព ការស្រាវជ្រាវ​ពូជ​ដំណាំ ការផ្តល់សេវា​បច្ចេកទេស និង​ការអភិវឌ្ឍ​ខ្សែចង្វាក់​ផ្គត់ផ្គង់​កសិផល​មិនទាន់​ឆ្លើយតបបាន​ទៅនឹង​តម្រូវ​ទីផ្សារ​។ ដោយឡែក​ការប្រើប្រាស់​ដី​កសិកម្ម​មិនទាន់​អស់​សក្តានុពល ហើយ​យន្តការ​នៃ​ការផ្តល់​ព័ត៌មាន​ទីផ្សារ​កសិកម្ម​ដោយ​ផ្សារភ្ជាប់​នឹង​ផែន​ការដាំដុះ​និង​ប្រមូល​ផល រួមទាំង​ប្រព័ន្ធ​អនាម័យ និង​ភូតគាម​អនាម័យ​នៅ​មិនទាន់មាន​ភាពរឹងមាំ​។ ចំណែក​ការវិនិយោគ​លើ​ការកែច្នៃ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​គាំទ្រ​ដល់​ការផលិត ការកែច្នៃ និង​ទីផ្សារ​មាន​ភាពខ្វះខាត​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម ដែល​បាន​ស្រង់​សម្តី​លោក វេ​ង សាខុន ក្នុង​វេទិកា​សន្ទនា​ដៃគូ​វិស័យ​សាធារណៈ និង​ឯកជន​ស្តីពី​ការអភិវឌ្ឍ​សាកវប្បកម្ម ។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​លើក​បញ្ហា​ចំនួន​៤​ចំណុច សម្រាប់​ដាក់​ឲ្យ​អ្នកជំនាញ​ពិចារណា និង​ផ្ដល់យោបល់​នោះ​គឺ​ទី​១ ការបន្ត​ពង្រឹង​ប្រព័ន្ធ​អនាម័យ និង​ភូតគាម​អនាម័យ ការវិនិយោគ​បន្ថែម​លើ​មន្ទីរពិសោធន៍​គុណភាព​សម្រាប់​ការនាំចេញ ព្រមទាំង​ជំរុញ​ការផលិត និង​ប្រើប្រាស់​ផលិតផល​កសិកម្ម​ក្នុងស្រុក​។ ទី​២ បន្ត​ជំរុញ​ការរៀបចំ និង​អនុវត្ត «​ច្បាប់​ស្តីពី​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​» និង «​ច្បាប់​ស្តីពី​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​»​។ 
 
​ចំណុច​ទី​៣ លើកកម្ពស់​ឧស្សាហកម្ម​កែ​ចៃ្ន តាមរយៈ​ការជំរុញ​ការវិនិយោគ​លើ​កសិផល​ដែលមាន​សក្តានុពល​ដូចជា​ស្រូវ ដំ​ទ្បូ​ង​មី ម្រេច ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ បន្លែ តាមរយៈ​ការរៀបចំ​យុទ្ធសាស្ត្រ​តាម​មុខ​ដំណាំ​នីមួយៗ និង​ទី​៤ បន្ត​ជំរុញ​ការដាំ​បន្លែ​គ្រប់​ប្រភេទ​ជំនួស​ឱ្យ​ការនាំ​ចូល និង​សម្របសម្រួល​ការរៀបចំ​បង្កើត​ទីផ្សារ​បោះ​ដុំ និង​ចែកចាយ​បន្លែ ដែលមាន​ស្តង់ដារ និង​អនាម័យ​ខ្ពស់​។​
 
​បើតាម​លោក វេ​ង សាខុន ក្រសួង​កំពុង​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា និង​ប្រទេស​ផ្ដល់ជំនួយ ទាំង​ថវិកា និង​បច្ចេកទេស​ក្នុងការ​ចូលរួម​ជំរុញ​លើកកម្ពស់​បង្កើន​ផលិតភាព​ដំណាំ​សាកវប្បកម្ម ទាំង​គុណភាព និង​សុវត្ថិភាព​ឲ្យ​បាន​សមស្រប តាម​ស្តង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​៕
 

Tag:
 ​វេ​ង សាខុន​
  វារីវប្បកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com