ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្តល់យោបល់​រកឃើញ​បញ្ហាដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ កណ្តាល និង​សៀមរាប​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្តល់យោបល់​រកឃើញ​បញ្ហាដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ កណ្តាល និង​សៀមរាប​
27, Sep 2018 , 4:53 pm        
រូបភាព
លោក ញឹក ប៊ុនឆៃ ដឹកនាំកិច្ច​ប្រជុំដំបូង​ក្នុងនាមជាប្រធាន​ប្តូរវេន
លោក ញឹក ប៊ុនឆៃ ដឹកនាំកិច្ច​ប្រជុំដំបូង​ក្នុងនាមជាប្រធាន​ប្តូរវេន
ដោយ: ថ្មីៗ
​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ដឹកនាំ​កិច្ចប្រជុំ​លើកដំបូង​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ក្នុងតួនាទី​លោក​ជា​ប្រធាន​ប្តូរ​វេន​។ កិច្ចប្រជុំ​បានរៀបចំ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា នេះ នៅ​វិមាន​សន្តិភាព ដើម្បី​លើកឡើង​ពី​លទ្ធផល​ការងារ​ប្រចាំខែ​កញ្ញា​របស់​ប្រតិភូ​គណបក្ស​នីមួយៗ​។​

 
​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន «​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​» នេះ ត្រូវបាន​បង្កើតឡើង ដើម្បី​ពង្រឹង​ជំនួប​ពិភាក្សា​រវាង​នាយករដ្ឋមន្ត្រី និង​តំណាង​គណបក្សនយោបាយ​ដែល​បាន​ប្រកួតប្រជែង​ការបោះឆ្នោត​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ដែលមាន​អាណត្តិ​ដូច​រដ្ឋាភិបាល​នេះ ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​ដោយ​ព្រះរាជក្រឹត្យ ចុះ​កាលពី​ថ្ងៃទី​៦ ខែកញ្ញា ដោយមាន​ថ្នាក់ដឹកនាំ និង​តំណាង​គណបក្ស​ចំនួន​១៥​ចូលរួម​។​
 
​យោងតាម​ការផ្សាយ​រប​ស់​វិទ្យុជាតិ​កម្ពុជា  លោក ឈឹម​ផល​វរុណ អគ្គលេខាធិការ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បាន​មានប្រសាសន៍ថា សមាជិក ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ បាន​រកឃើញ​ករណី​ជម្លោះដីធ្លី​នៅ​តំបន់​មួយចំនួន​នៅ​ខេត្តកណ្តាល សៀមរាប និង​ខេត្ត​ព្រះសីហនុ​ជាដើម​។​
 
​លោក​បាន​បញ្ជាក់ថា បន្ទាប់ពី​ប្រមូលបាន​ព័ត៌មាន និង​ទទួល​សូំ​ណូ​ម​ពរ​ពី​ប្រជាពលរដ្ឋ​ដែលជា​អ្នករងគ្រោះ​ដីធ្លីរួចហើយ​នោះ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នឹង​ផ្ញើ​របាយការណ៍​នេះ ជូន​បន្តទៅ​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន​។​
 
ជាមួយគ្នានេះ​ផងដែរ លោក ញឹក ប៊ុនឆៃ​ ដែលជា​ប្រធាន​ប្តូ​រវេន បាន​គូសបញ្ជាក់ថា អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​មួយចំនួន​នៅ​មិនទាន់​ដឹង​ពី​តួនាទី ភារកិច្ច​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នៅឡើយ​ទេ បើទោះបីជា​ស្ថាប័ន​នេះ ​ជា​ស្ថាប័ន​របស់​រដ្ឋ​ធ្វើ​ការងារ​បម្រើ​ពលរដ្ឋ​ក៏ដោយ​។​
 
​អង្គប្រជុំ​បានសម្រេច​ថា​នឹង​ចេញ​អត្តសញាណប័ណ្ណ​សំគាល់​សមាជិក នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដោយ​ប្រើ​ត្រា​ទីស្តីការគណរដ្ឋមន្ត្រី​ ដើម្បី​ប្រើប្រាស់​ទូទៅ​ជា​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ហើយ​បន្ត​ខិតខំ​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធ​ នៅពេល​ចុះ​បំពេញ​បេសកម្ម ដូចជា​ការ​ជូន​ដំណឹងពី​ពេល​ល​វេលា ទីកន្លែង​ដែល​ត្រូវ​ទៅ​បំពេញការងារ​ជាដើម​។​
 
​ជាគោលការណ៍​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ នឹង​បើក​កិច្ចប្រជុំ​ក្នុង​មួយខែ​ម្តង ពោលគឺ​នៅ​សប្តាហ៍​ទី​៤ នៃ​ខែ​នីមួយៗ​ ដើម្បី​បូកសរុបការងារ និង​ផ្តល់យោបល់​ទៅ​រាជរដ្ឋាភិបាល​ ជុំវិញ​បញ្ហា​នានា​ដែល​ស្ថាប័ន​នេះ រកឃើញ​។​
 
​សមាសភាពគណបក្សនយោបាយ​ ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែលមាន​រាយ​នាម​តាម​លេខ​រៀង​ដូច​ក្នុង​សន្លឹកឆ្នោត​រួមមាន 
១. គណបក្សខ្មែរ​រួបរួម​ជាតិ​
- លោក​ ញឹក ប៊ុនឆៃ ប្រធាន​ប្រតិភូ​
- លោក​ អ៊ុំ សុម​ន្ថា អនុប្រធាន​ប្រតិភូ​
- លោក​ លី វៃ តំណាង​ក្នុង​លេខាធិការដ្ឋាន​
 
២. គណបក្ស​ពន្លឺ​ថ្មី​
- លោក​ នួន សុខា​វី ប្រធាន​ប្រតិភូ​
- លោក​ អាន់ អ៊ា​ត អនុប្រធាន​ប្រតិភូ​
- លោក​ ខុម រតនៈ​ពិសិដ្ឋ តំណាង​ក្នុង​លេខាធិការដ្ឋាន​
 
៣. គណបក្ស​សញ្ជាតិ​កម្ពុជា​
- លោក​ សេង សុ​ខេង ឋានៈ​ស្មើ ប្រធាន​ប្រតិភូ​
- លោក​ គ​ង្គ សាវ៉ន អនុប្រធាន​ប្រតិភូ​
- លោ​ក ឡាច ផាន់​ណា តំណាង​ក្នុង​លេខាធិការដ្ឋាន​
 
៤. គណបក្ស​ខ្មែរ​ក្រោក​
- លោក​ សុខ​វណ្ណ វ​ឌ្ឍ​នាសា​ប៊ុន ប្រធាន​ប្រតិភូ​
- លោក​ សុខ លីម អនុប្រធាន​ប្រតិភូ​
- លោក​ ឈឿង ចាន់​ធឿន តំណាង​ក្នុង​លេខាធិការដ្ឋាន​
 
៥. គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​
- លោក​ ម៉ម សូណង់ដូ ប្រធាន​ប្រតិភូ​
- លោកស្រី ហួន ផាន់​ណា​រី អនុប្រធាន​ប្រតិភូ​
- លោក​ សុ​ត សៀម តំណាង​ក្នុង​លេខាធិការដ្ឋាន​
 
៦. គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​
- លោកស្រី សុខ​រ័ត្ន សុវណ្ណ បញ្ចៈ​សីលា ប្រធាន​ប្រតិភូ​
- លោក​ ចន្ទ ភាព អនុប្រធាន​ប្រតិភូ​
- លោក​ ច័ន្ទ​មុនី ល​ក្ម្សី តំណាង​ក្នុង​លេខាធិការដ្ឋាន​
 
៧. គណបក្ស​រស្មី​ខេមរា​
- លោក​ ​ស៊ិន សុភាព ប្រធាន​ប្រតិភូ​
- លោក​ ហែម ប្រសើរ អនុប្រធាន​ប្រតិភូ​
- លោក​ ម៉ន ចន្ទរា តំណាង​ក្នុង​លេខាធិការដ្ឋាន​
 
៨. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​
- ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ប្រធាន​ប្រតិភូ​
- លោក ពេជ្រ សូ​ដេ​ថ្ថា អនុប្រធាន​ប្រតិភូ​
- លោក រស់ សា​ផន តំណាង​ក្នុង​លេខាធិការដ្ឋាន​
 
៩. គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​
- លោក ហួន រាជ​ចំរើន ប្រធាន​ប្រតិភូ​
- លោក លឹម សំណាង អនុប្រធាន​ប្រតិភូ​
- លោក​ ហួន រដ្ឋា តំណាង​ក្នុង​លេខាធិការដ្ឋាន​
 
១០. គណបក្ស​យុវជន​កម្ពុជា​
- លោក ពេជ្រ ស្រស់ ប្រធាន​ប្រតិភូ​
- លោក ហួន ធា​រិ​ទ្ធ អនុប្រធាន​ប្រតិភូ​
- លោក យឹម សេង​យាន តំណាង​ក្នុង​លេខាធិការដ្ឋាន​
 
១១. គណបក្ស​ធម្មាធិបតេយ្យ​
- លោកស្រី ពោធិ​តី សាវត្ថី ប្រធាន​ប្រតិភូ​
- លោក តាន់ ច័ន្ទ​ផល អនុប្រធាន​ប្រតិភូ​
- លោក លី ខេង តំណាង​ក្នុង​លេខាធិការដ្ឋាន​
 
១២. គណបក្ស​ឆន្ទៈ​ខ្មែរ​
- លោក​ គង់ មុនី​កា ប្រធាន​ប្រតិភូ​
- លោក​ អ៊ី មុយ​លី អនុប្រធាន​ប្រតិភូ​
- លោក​ តុល ប្រាសាទ តំណាង​ក្នុង​លេខាធិការដ្ឋាន​
 
១៣. គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​
- លោក​ ស្រួយ ខេ​ត ប្រធាន​ប្រតិភូ​
- លោក​ ប្លា​ង សី​ន អនុប្រធាន​ប្រតិភូ​
- លោក​ តូង លេន តំណាង​ក្នុង​លេខាធិការដ្ឋាន​
 
១៤. គណបក្ស​ខ្មែរ​តែមួយ​
- លោក​ កែម រិ​ទ្ធិ​សិត ប្រធាន​ប្រតិភូ​
- លោក​ គុជ លី អនុប្រធាន​ប្រតិភូ​
- លោកស្រី ឃី ម៉េង​លីន តំណាង​ក្នុង​លេខាធិការដ្ឋាន​
 
១៥. គណបក្ស​ប្រជាជន​កម្ពុជា​
- លោក​ ឯក សំអុល ប្រធាន​ប្រតិភូ​
- លោក​ អ៊​ក គឹម​ហាន អនុប្រធាន​ប្រតិភូ​
- លោក​ កែវ ចាន់ណា តំណាង​ក្នុង​លេខាធិការដ្ឋាន​
 
​ប្រធាន​ប្រតិភូ​នៃ​គណបក្ស​នីមួយៗ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ខណៈ​អនុប្រធាន​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​៕

© រក្សាសិទ្ធិដោយ thmeythmey.com