ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ទៅដល់​អាមេរិក ដោយ​ជួប​អ្នក​ស្វាគមន៍ មុន​ប្រឈម​នឹង​អ្នកប្រឆាំង​
28, Sep 2018 , 10:22 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយ​ទៅដល់​ទឹកដី​សហរដ្ឋអាមេរិក នៅ​ម៉ោង​ជិត​៤​រសៀល ថ្ងៃទី​២៧ ខែកញ្ញា និង​ត្រូវជា​ម៉ោង​ជិត​៣​ទៀបភ្លឺ ថ្ងៃទី​២៨ ខែកញ្ញា នៅ​កម្ពុជា សម្តេច ហ៊ុន សែន ក៏​បង្ហោះ​សារ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ផ្តល់ដំណឹង​នេះ ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​។


 
​ពេល​ចុះ​ពីលើ​យន្តហោះ សម្តេច ហ៊ុន សែន និង​គណៈប្រតិភូ​កម្ពុជា បានទទួល​ស្វាគមន៍​ដោយ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ និង​មន្ត្រីជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ រួមទាំង​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ផងដែរ​។ 
 
«​មាន​បងប្អូន​ខ្មែរ ដែលជា​តំណាង​សហគមន៍​មកពី​តាម​បណ្តា​រដ្ឋ​នានា និង​ក្រុមគ្រួសារ​បងប្អូន​ដែល​គោរព​ស្រឡាញ់ សម្តេច​តេ​ជោ ជាច្រើន​នាក់ បានមក​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​និង​កក់ក្តៅ​បំផុត​។ ទន្ទឹមនឹងនោះ គឺមាន​បងប្អូន​មួយចំនួន បានមក​រង់ចាំ​សម្តេច ពីរ​-​បី​ថ្ងៃ​មកហើយ​»​។ នេះ​ជា​សារ​ដែរ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន ដដែល។

តាម​កម្មវិធី ដែល​បាន​កំណត់ទុក សម្តេច ហ៊ុន សែន នឹង​ឡើង​ថ្លែង​សុ​ទ្ទរ​កថា ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៨ ខែកញ្ញា​នេះ​។ លើសពីនេះ ប្រមុខ​រដ្ឋាភិបាល ក៏មាន​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង ដែល​មកពី​តាម​បណ្តា​រដ្ឋ​នានា​ផងដែរ​។ 
 
​យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន មិនមែន​ជួបតែ​បរិ​យា​កាល​ល្អ​ទាំងអស់​នោះទេ នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​។ មេដឹកនាំ​កម្ពុជា​រូបនេះ ក៏​អាច​ប្រឈម​នឹង​បាតុកម្ម​របស់​អតីត​ក្រុម​អ្នកប្រឆាំង​ផងដែរ​។ 
 
​អតីត​ក្រុម​អ្នកប្រឆាំង បានរៀបចំ​គម្រោង​រួចហើយ ថា​ពួកគេ​នឹង​ប្រមូល​ផ្តុំគ្នា នៅមុខ​ទី​ស្នាក់​អង្គការសហប្រជាជាតិ ក្នុង​ទីក្រុង​ញូវយ៉ក ដើម្បី​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ ប្រឆាំងនឹង​សម្តេច ហ៊ុន សែន​។ 
 
​មុនដំបូង លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង ប្រកាសថា​លោក នឹង​ដឹកនាំ​ធ្វើបាតុកម្ម​នេះ​។ ប៉ុន្តែ ក្រោយមក លោក ក៏​ប្តូរ​ចិត្ត​វិញ ដោយ​មិន​ទៅ​ដឹកនាំ​បាតុកម្ម​ផ្ទាល់​នោះទេ​។
 
​ទោះជា​គ្មាន​វត្តមាន​លោក សម រង្ស៊ី ក្តី តែ​បាតុកម្ម នៅតែ​ត្រូវធ្វើឡើង​ដដែល​។ អតីត​គណបក្សប្រឆាំង ចង់​ប្រាប់​សហគមន៍​អន្តរជាតិ​ថា រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៦ គឺ​មិន​ស្របច្បាប់​ឡើយ​៕ 

អត្ថបទទាក់ទង
 
 

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com