ជាតិ
នយោបាយជាតិ
មានអ្នកត្រៀមប្រឆាំង និងអ្នកត្រៀមស្វាគមន៍ ចំពោះវត្តមានសម្តេច ហ៊ុន សែន នៅអាមេរិក សម្តេច ហ៊ុន សែន ពេលរៀបឡើងយន្តហោះ ទៅកាន់ប្រទេសចិន កាលពិថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ដើម្បីចូលរួមពិព័ណចិន-អាស៊ានលើកទី១៥
× ភ្នំពេញ៖ ដំណើរទៅកាន់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំលើកទី៣៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ, សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងទទួលបានការរាក់ទាក់ផង និងប្រឈមការស្រែកតវ៉ាផង។
អតីតគណបក្សប្រឆាំងនៅក្រៅប្រទេស បានប្រកាសរួចហើយថា នឹងប្រមូលផ្តុំគ្នា នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក ដើម្បីប្រឆាំងនឹងវត្តមានគណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយសម្តេច ហ៊ុន សែន។ តាមរយៈខិត្តប័ណ្ណ ដែលគណបក្សប្រឆាំង បានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោក សម រង្ស៊ី នឹងដឹកនាំធ្វើបាតុកម្មដោយផ្ទាល់តែម្តង។
គោលបំណងដ៏ធំមួយនៃការធ្វើបាតុរបស់អតីតអ្នកប្រឆាំង គឺដើម្បីកុំឲ្យសហគមន៍អន្តរជាតិ ទទួលស្គាល់រដ្ឋាភិបាលកម្ពុជា។ នេះបើតាមខ្លឹមសារ ដែលមានសរសេរលើខិត្តប័ណ្ណរបស់អតីតគណបក្សប្រឆាំង។
សម្តេច ហ៊ុន សែន មិនមែនមានតែអ្នកចាំប្រឆាំងនោះទេ តែក៏មានអ្នកចាំគាំទ្រដែរ។ ស្របពេល ថ្នាក់ដឹកនាំ និងអ្នកគាំទ្រខាងប្រឆាំង ប្រកាសធ្វើបាតុកម្ម ខ្មែរ-អាមេរិកខ្លះ ដែលស្រឡាញ់មេដឹកនាំកម្ពុជា ក៏បានចេញមកប្រកាសថា នឹងទទួលស្វាគមន៍យ៉ាងកក់ក្តៅ។
សហគមន៍មួយ ឈ្មោះ «សហគមន៍ខ្មែរ អាមេរិកាំង» បានផ្ញើលិខិតជូនសម្តេច ហ៊ុន សែន ដើម្បីបញ្ជាក់ថា ខ្មែរ-អាមេរិក ដែលជាសមាជិកនៃសហគមន៍នេះ ពិតជារីករាយចំពោះដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់សហរដ្ឋអាមេរិក។ លិខិតនោះ បានចេញដោយលោក ឥក ង៉ូយ អគ្គលេខាធិការនៃសហគមន៍ខ្មែរ-អាមេរិកាំងប្រចាំកម្ពុជា។
តាមរយៈលិខិត ដែលធ្វើនៅថ្ងៃទៅទី២១ ខែកញ្ញា ឆ្នាំ២០១៨ ខ្មែរ-អាមេរិកទាំងនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ទោះជាខ្មែរ-អាមេរិក មិនសូវបញ្ចេញមតិនយោបាយជាសាធារណៈក្តី តែពួកខ្ញុំ ប្រាកដណាស់ថា ពួកគេភាគច្រើន មានជំនឿ និងគាំទ្រសម្តេច តាមរយៈរូបភាពមកទទួលស្វាគមន៍សម្តេច»។
សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។ សេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស បានបញ្ជាក់ថា៖«សម្តេចនាយករដ្ឋមន្ត្រី នឹងធ្វើសេចក្តីថ្លែងការណ៍មួយ ផ្តោតលើការវិវត្តថ្មីៗ និងសមិទ្ធផលសំខាន់ៗ ដែលរដ្ឋាភិបាលសម្រេចបាន រួមទាំងបញ្ហាតំបន់ និងបញ្ហាអន្តរជាតិ ដែលជាការព្រួយបារម្ភរួម»៕
Tag:
ហ៊ុន សែន
សម រង្ស៊ី
អាមេរិក
បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com