ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សួន សេរី​រដ្ឋា ស្នើ​ឲ្យ​មហាផ្ទៃ​ផ្អាក​ដំណើរការ​គណបក្ស​អំណាច​ខ្មែរ​បណ្ដោះអាសន្ន​
28, Sep 2018 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជម្លោះ​ដណ្ដើម​បក្ស​! លោក សួន សេរី​រដ្ឋា ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​ផ្អាក​ដំណើរការ​គណបក្ស​អំណាច​ខ្មែរ​បណ្ដោះអាសន្ន ដើម្បី​ដោះ​ស្រាយ​ភាពស្របច្បាប់​រវាង​លោក និង​លោក សួង សោ​ភណ្ឌ ក្នុងការ​ដឹកនាំ​គណបក្ស​មួយ​នេះ​។ ក្រសួងមហាផ្ទៃ ហៅ​លោក សួន សេរី​រដ្ឋា និង​លោក សួង សោ​ភណ្ឌ ទៅ​ដោះស្រាយ​បញ្ហា​គណបក្ស​អំណាច​ខ្មែរ​នេះ​។​

 
​ក្រសួងមហាផ្ទៃ បាន​ហៅ​លោក សួន សេរី​រដ្ឋា ទៅ​បកស្រាយ​ហេតុផល​ខ្លួន ដែល​បាន​អះអាងថា លោក សួង សោ​ភណ្ឌ បាន​បន្លំ​ឯកសារ ក្នុង​គោលបំណង​ក្តោប​តំណែង​ប្រធាន និង​អំណាច​បក្ស​។ ក្រោយពេល​បកស្រាយ​ហេតុផល​រួច លោក សួន សេរី​រដ្ឋា បាន​លើកសំណើ​៣​ចំណុច ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​គណបក្ស​អំណាច​ខ្មែរ​។ ចំណុច​ទី​១ លោក សួន សេរី​រដ្ឋា បានស្នើ​ឲ្យ​ក្រសួង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅលើ​ហត្ថលេខា នៅក្នុង​លិខិត​លាលែង​ពី​បក្ស​ខ្លួន ។ ចំណុច​ទី​២ លោក​ស្នើ​ឲ្យ​ក្រសួង​ច្រានចោល​លក្ខន្តិក​ថ្មី ដែល​ក្រុម​លោក សួង សោ​ភណ្ឌ បានធ្វើ​សោធនកម្ម​លើ​ច្បាប់​ចាស់ ដែល​គណបក្ស​បាន​តម្កល់​នៅ​ក្រសួងមហាផ្ទៃ និង​ចុងក្រោយ គឺ​សុំ​ឲ្យ​ផ្អាក​ដំណើរការ​គណបក្ស​អំណាច​ខ្មែរ​បណ្ដោះអាសន្ន​។​
 
​លោក សួន សេរី​រដ្ឋា ដែល​បាន​ទៅ​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ដើម្បី​ដោះស្រាយ​បញ្ហា​គណបក្ស​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដូច្នេះ​ថា​៖«​ជា​លទ្ធផល​អ្វីដែល​យើង​បាន​ស្នើសុំ​ទៅ​គេ ក្រសួងមហាផ្ទៃ​ទទួលយក ដើម្បី​យកមក​ផ្ទៀងផ្ទាត់​។ គេ​សួររក​លិខិត​លាលែង​របស់ខ្ញុំ ហើយ​ខ្ញុំ​មិនដែល​បាន​ចុះហត្ថលេខា​លើ​លិខិត​លាលែង​ហ្នឹង ខ្ញុំ​ក៏​ស្នើសុំ​ឲ្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ពីព្រោះ​គាត់​(​សួង សោ​ភណ្ឌ​) គាត់​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​។ ទី​២ យើង​បាន​ស្នើសុំ​ឲ្យ​ក្រសួង​ពិនិត្យ​ផ្ទៀងផ្ទាត់​លើ​លក្ខន្តិក​ដើម គឺ​អត់​យក​លក្ខន្តិក​ដែល​ក្រុម​លោក សួង សោ​ភណ្ឌ ធ្វើ​វិសោធនកម្ម ។ ទី​៣ គឺ​យើង​បានស្នើ​សុំ​ឲ្យ​មានការ​ផ្អាក​សកម្មភាព​(​គណបក្ស​អំណាច​ខ្មែរ​)​ជា​បណ្ដោះអាសន្ន​។ ប៉ុន្តែ​គេ​មិនទាន់​ឆ្លើយថា​យ៉ាងម៉េច​ទេ »​។​
 
​ក្រៅពី​សាកសួរ​លោក សួន សេរី​រដ្ឋា ក្រសួងមហាផ្ទៃ ក៏​ហៅ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​បច្ចុប្បន្ន​លោក សួង សោ​ភណ្ឌ និង​គណៈកម្មាធិការ​នា​យក​បក្ស ចូលទៅ​ពន្យល់​ហេតុផល ជុំវិញ​បញ្ហា​គណបក្ស នៅ​ព្រឹក​ថ្ងៃទី​២៨ កញ្ញា​នេះដែរ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ភាពស្របច្បាប់​ថា​តើ បុគ្គល​រូប​ណា ដែលមាន​សិទ្ធិ​ដឹកនាំ​គណបក្ស​អំណាច​ខ្មែរ​។​
 
​ជុំវិញ​បញ្ហា លោក សួង សោ​ភណ្ឌ ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​មាន​ឯកសារ និង​ភស្តុតាង​គ្រប់គ្រាន់ ដែល​បង្ហាញថា លោក សួន សេរី​រដ្ឋា បាន​លាលែង​ពី​គណបក្ស​។ ហើយ​លោក នឹង​យក​ឯកសារ​ទាំងនោះ ទៅ​បង្ហាញ​ចំពោះមុខ​ក្រសួងមហាផ្ទៃ ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​របស់ខ្លួន​។ មិនតែប៉ុណ្ណោះ លោក សួង សោ​ភណ្ឌ ហ៊ាន​ទាំង​អះអាងថា លោក​នឹង​សុខចិត្ត​ដើរចេញ​ពី​តំណែង បើសិនជា​លោក សួន សេរី​រដ្ឋា មាន​ភស្តុតាង​ថា ខ្លួន​បាន​បន្លំ​ឯកសារ​មែន​នោះ​។​
​គួរ​បញ្ជាក់ថា គណបក្ស​អំណាច​ខ្មែរ បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៥ ដោយមាន​លោក សួន សេរី​រដ្ឋា ជា​ប្រធាន​បក្ស​។ ហើយ​គណបក្ស​អំណាច​ខ្មែរ បាន​ធ្លាក់​ក្រោម​ការដឹកនាំ​របស់លោក សួង សោ​ភ័​ណ្ឌ នៅ​ឆ្នាំ​២០១៧ នៅ​គ្រា​ដែល​លោក សួន សេរី​រដ្ឋា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពីបទ​ល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ដោយសារ​លោក សួន សេរី​រដ្ឋា សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក «​ញុះញង់​ដល់​កម្លាំង​កងទ័ព មិន​ឲ្យ​ស្តាប់​បទបញ្ជា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចការ​ការពារជាតិ​»​។ តាមរយៈ​បទ​ចោទ​នេះ តុលាការ​បានសម្រេច​ផ្តន្ទាទោស​លោក សួន សេរី​រដ្ឋា ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ និង​ពិន័យ​ប្រាក់​១០​លាន​រៀល កាលពី​ថ្ងៃទី​២៥ សីហា ឆ្នាំ​២០១៧​។ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ ត្រូវបាន​ព្រះមហាក្សត្រ​លើកលែងទោស កាលពី​ថ្ងៃទី​១៧ សីហា ឆ្នាំ​២០១៧៕  


 

Tag:
 សួន សេរី​រដ្ឋា​
  សួង សោ​ភណ្ឌ​
  សុក សំ​អៀន​
  បក្ស​អំណាច​ខ្មែរ​
  មហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com