ភ្នំពេញ៖ ជម្លោះដណ្ដើមបក្ស! បញ្ហាគណបក្សអំណាចខ្មែរ បានឈានទៅដល់ការប្ដឹងផ្ដល់ និងប្ដឹងសើរើឡើងវិញ ទៅក្រសួងមហាផ្ទៃ បន្ទាប់ពីលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សមួយនេះ ចេញពីពន្ធនាគារវិញ។ អតីតប្រធានបក្សលោក សួន សេរី និង លោក សួង សោភ័ណ្ឌ ប្រធានគណបក្សបច្ចុប្បន្ន ត្រូវប្រឈមមុខដាក់គ្នា ដើម្បីដឹកនាំបក្សអំណាចខ្មែរ។
មេបក្សតាមហាងកាហ្វេ! គឺជាពាក្យរិះគន់របស់លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ទៅលើលោក សួង សោភ័ណ្ឌ ប្រធានបក្សបច្ចុប្បន្ន។ លោក សួន សេរីរដ្ឋា ដែលមិនពេញចិត្តចំពោះសកម្មភាពរបស់លោក សួង សោភ័ណ្ឌ ដឹកនាំបក្សដែលខ្លួនបង្កើតឡើងនេះ បានចោទលោក សោភណ្ឌ ថា ចូលមកដឹកនាំបំផ្លាញកិត្តិយសគណបក្សខ្លួន ដែលមិនអាចទទួលយកបានឡើយ។
អតីតប្រធានគណបក្សអំណាចខ្មែររូបនេះ បានសរសេរលើហ្វេសប៊ុកយ៉ាងដូច្នេះថា៖«គណបក្ស អំណាចខ្មែរ ដែលខ្ញុំបង្កើតជាមួយនឹងសមាជិកស្ថាបនិក និងអ្នកគាំទ្រ គឺជា គណបក្សសកម្ម ដែលសកម្មធ្វើវេទិការអប់រំសិទ្ធិនយោបាយដល់ពលរដ្ឋ ធ្វើវេទិការភាពជាអ្នកនយោបាយអប់រំយុវជនថ្នាក់ខេត្តរាជធានី និងហ៊ាននិយាយរិះគន់ទាំងគណបក្សកាន់អំណាច និងគណបក្សដែលមានសំលេងក្នុងសភា ដែលធ្វើនយោបាយស៊ីឈ្នួលចាញ់ ។ ខ្ញុំមិនមែនបង្កើត គណបក្សមកដេកឱប គ្មានទីស្នាក់ការ គ្មានមន្ត្រីធ្វើការ គ្មានសកម្មភាព ហើយបានតែអង្គុយតាមហាងកាហ្វេសរសេរហ្វេសប៊ុកធ្វើជាស្នំនយោបាយរបស់គណបក្សផ្សេង បម្រើនយោបាយនៃគណបក្សផ្សេងនោះទេ»។
ដោយមិនអស់ចិត្តលោក សួន សេរីរដ្ឋា ហ៊ានទាំងរិះគន់លោក សួង សោភ័ណ្ឌ ថា ជាមេបក្សនយោបាយដេកយាមផ្នូរអតីតគណបក្សសង្គ្រោះជាតិផង។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក សួន សេរីរដ្ឋា បាននិយាយចំៗទៅលើលោក សួង សោភ័ណ្ឌ ដែលជាអតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ យ៉ាងដូច្នេះថា៖«ដូចការពិតជាក់ស្ដែងអ៊ីចឹង គាត់(សួង សោភ័ណ្ឌ) អង្គុយតែការពារតែខ្មោចគណបក្សសង្គ្រោះជាតិ អង្គុយការពារតែទង្វើររបស់លោក សម រង្ស៊ី និងការពារក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិតែប៉ុណ្ណឹង។ តែចំពោះសកម្មភាពគណបក្សខ្លួនឯងវិញ អត់មានធ្វើអ្វីទាំងអស់។ សកម្មភាពរបស់លោក សួង សោភ័ណ្ឌ ធ្វើ ចាប់តាំងពីខ្ញុំជាប់ពន្ធនាគារមក គណបក្សអំណាចខ្មែរអត់មានរីកចម្រើនទៅណាទេ»។
ផ្ទុយពីការលើកឡើងរបស់លោក សួន សេរីរដ្ឋា ខាងលើ លោក សួង សោភ័ណ្ឌ ចេញមុខការពារទង្វើរខ្លួន ក្នុងការដឹកនាំបក្សមួយឆ្នាំមកនេះ។ ដ្បិតមិនសូវមានសកម្មភាពចុះមូលដ្ឋានច្រើន ដូចអ្វីដែលលោក សួន សេរីរដ្ឋា ចង់បានមែន ប៉ុន្តែលោក សួង សោភ័ណ្ឌ អះអាងថា បក្សលោកមានភាពរឹងមាំ ក្នុងសកម្មភាពចូលរួមនយោបាយខ្លាំងជាងក្រោមការដឹកនាំរបស់អតីតប្រធានបក្សចាស់។ មិនតែប៉ុណ្ណោះលោក សួង សោភ័ណ្ឌ ថែមទាំងហ៊ាននិយាយថា លោក សួន សេរីរដ្ឋា ជាមេដឹកនាំអសមត្ថភាព ទោះធ្វើនយោបាយ៥០ឆ្នាំទៀត ក៏គ្មានលទ្ធផលល្អសម្រាប់បក្សដែរ។
«ជាក់ស្ដែងការបោះឆ្នោតឃុំ-សង្កាត់(២០១៧) ក្រោមការដឹកនាំរបស់លោក រដ្ឋា សូម្បីតែមួយកៅអីឃុំ-សង្កាត់ ក៏អត់បានដែរ ។ នេះគេហៅថាលទ្ធផល។ ហើយមួយវិញទៀតការលើកស្លាកបក្សអីហ្នឹង? វាមិនមែនជាភាពចាំបាច់ទេ។ តែផ្ទុយទៅវិញក្រោមការដឹកនាំរបស់ខ្ញុំអ្នកណាមិនស្គាល់គណបក្សអំណាចខ្មែរ តាមរយៈការពហិកាឈរឈ្មោះបោះឆ្នោត យើងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត យើងអត់ទទួលស្គាល់រដ្ឋាភិបាលអាណត្តិទី៦។ ចំណុចអស់ទាំងនេះហើយ ដែលមេដឹកនាំគណបក្សនីមួយៗ គេមានបច្ចេកទេសផ្សេងៗគ្នា។ សំខាន់បំផុតការទទួលស្គាល់ពីប្រជាពលរដ្ឋទេ…។ ចំពោះលោក រដ្ឋា ផ្ទាល់ និយាយដោយស្មោះត្រង់ខ្ញុំឲ្យដឹកនាំ៥០ឆ្នាំទៀត ក៏អត់ទទួលបានលទ្ធផលដែរ។ តែផ្ទុយទៅវិញចំពោះខ្លួនខ្ញុំផ្ទាល់ ខ្ញុំជឿជាក់ថា ប្រើពេលតែ១០ឆ្នាំទេ យើងអាចជោគជ័យបាន»។ នេះជាការអះអាងរបស់លោក សួង សោភ័ណ្ឌ។
បើតាមលោក សួង សោភ័ណ្ឌ មូលហេតុដែលគណបក្ស មិនព្រមធ្វើសមាជបក្សជ្រើសតាំងលោក សួន សេរីរដ្ឋា ធ្វើជាប្រធានបក្សវិញ ដោយសារឃើញការដឹកនាំបែបអសមត្ថភាពរបស់លោក សេរីរដ្ឋា គួបផ្សំនឹងភាពកំសាកសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបានចេញពីពន្ធនាគារកាលពីថ្មីៗនេះ។
តែយ៉ាងណាអតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ធ្លាប់អះអាងថា ការស្នើសុំអន្តរាគមន៍ពីសម្ដេច ហ៊ុន សែន ដើម្បីសុំព្រះមហាក្សត្រលើកលែងទោសនេះ គឺជានយោបាយបត់បែនតាមកាលៈទេសៈ ដើម្បីអាចមានឱកាសឈរជើងក្នុងឆាកនយោបាយ។ ប៉ុន្តែលោក សេរីរដ្ឋា បានចោទលោក សួង សោភ័ណ្ឌ ទៅវិញទេ ដែលក្លែងឯកសារប្រាប់ទៅគណៈកម្មការនាយកបក្សថា លោកលាលែងចេញពីតំណែង ដើម្បីមានឱកាសឡើងក្តោបអំណាចបក្សខ្លួន។
ឆ្លើយតបការចោទនេះវិញ ប្រធានគណបក្សអំណាចខ្មែរបច្ចប្បន្ន អះអាងថា ខ្លួនឡើងកាន់តំណែងតាមច្បាប់គណបក្សត្រឹមត្រូវ។ លោក សួង សោភ័ណ្ឌ ថែមទាំងសង្កត់ធ្ងន់ថា លោកសុខចិត្តលាឈប់ពីតំណែងប្រធានបក្ស ប្រសិនជាលោក សួន សេរីរដ្ឋា រកឃើញភស្តុតាងថាលោកពិតជាក្លែងបន្លំឯកសារ ដូចការលើកឡើងមែននោះ។ លោក សួង សោភ័ណ្ឌ ក៏បានដាក់ពាក្យប្ដឹងលោក សួន សេរីរដ្ឋា ទៅតុលាការ ក្រោមហេតុផលការពារគណបក្សកុំឲ្យត្រូវបានគេរំលាយផងដែរ។
គួរបញ្ជាក់ថា គណបក្សអំណាចខ្មែរ បានបង្កើតឡើងកាលពីឆ្នាំ២០១៥ ដោយមានលោក សួន សេរីរដ្ឋា ជាប្រធានបក្ស។ ហើយគណបក្សអំណាចខ្មែរ បានធ្លាក់ក្រោមការដឹកនាំរបស់លោក សួង សោភ័ណ្ឌ នៅឆ្នាំ២០១៧ នៅគ្រាដែលលោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដោយសារលោក សួន សេរីរដ្ឋា សរសេរនៅលើគណនីហ្វេសប៊ុករបស់លោក «ញុះញង់ដល់កម្លាំងកងទ័ព មិនឲ្យស្តាប់បទបញ្ជា ដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចការការពារជាតិ»។តាមរយៈបទចោទនេះ តុលាការបានសម្រេចផ្តន្ទាទោសលោក សួន សេរីរដ្ឋា ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យប្រាក់១០លានរៀល កាលពីថ្ងៃទី២៥ សីហា ឆ្នាំ២០១៧។ អតីតប្រធានគណបក្សអំណាចខ្មែររូបនេះ ត្រូវបានព្រះមហាក្សត្រលើកលែងទោស កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៨៕