ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយ​ចេញពី​ពន្ធនាគារ លោក សួន សេរី​រដ្ឋា នៅតែមាន​ចិត្ត​ចង់​ធ្វើ​នយោបាយ​
24, Aug 2018 , 8:19 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក សួន សេរីរដ្ឋា
រូបពីហ្វេសប៊ុកលោក សួន សេរីរដ្ឋា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការធ្វើ​នយោបាយ​ត្រូវ​ប្រឈមមុខ​ជាប់ពន្ធនាគា​រ​។ វា​ជា​រឿង​ពិត​មួយ​ដែល​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ជួបប្រទះ​មួយឆ្នាំ​កន្លងមក ។ ប៉ុន្តែ​លោក សួន សេរី​រដ្ឋា នៅតែមាន​ចិត្ត​ចង់​ធ្វើ​នយោបាយ​ដដែល ក្រោយពី​ទទួលបាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ តាមរយៈ​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។



​នៅពេលនេះ វា​មិនទាន់​ជា​ពេលវេលា​សមស្រប សម្រាប់​លោក សួន សេរី​រដ្ឋា ដែល​ត្រូវ​បោះជំហាន​ចូល​ឆាកនយោបាយ​វិញ​ឡើយ​។ ប៉ុន្តែ​ក៏​មិនមែន​មានន័យថា លោក សួន សេរី​រដ្ឋា នឹង​បោះបង់ចោល​អាជីព​នយោបាយ​ដែរ​។ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​ទើប​ចេញពី​ពន្ធនាគារ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​កីឡាករ​ប្រដាល់​នៅពេល​វាយ​គ្នា​បែក​មុខមាត់​ប៉ុណ្ណា ក៏​មិន​បោះបង់ចោល​ការប្រកួត​ដែរ ហើយ​នៅតែ​បន្ត​ប្រឹង​ហ្វឹកហាត់​ថែមទៀត ដើម្បី​ឡើង​ស​ង្វៀង​វាយ​ប្រដាល់​បន្តទៀត​។ ដូច្នេះ​សម្រាប់​ខ្ញុំ មិនទាន់​អាច​បញ្ជាក់ថា ខ្ញុំ​នឹង​ចូលធ្វើ​នយោបាយ​នៅពេលណា​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​បោះបង់ចោល​អាជីព​នយោបាយ​ដែរ​។ ហើយ​នៅពេលនេះ​ខ្ញុំ នៅតែ​គិតថា​ខ្ញុំ​ជា​អ្នកនយោបាយ​»​។​

​អំឡុងពេល ដែល​ខ្លួន​ជាប់ពន្ធនាគារ លោក សួន សេរី​រដ្ឋា បានប្រកាស​លាលែង​ចេញ​ពី​តំណែង ដោយ​ទុក​គណបក្ស​អំណាច​ខ្មែរ ឲ្យ​លោក សួង សោ​ភណ្ឌ ធ្វើជា​ប្រធាន​បក្ស ដឹកនាំ​ជំនួស​។ ដូច្នេះ​អ្នកនយោបាយ ដែល​ធ្លាប់​រិះគន់​មិន​សំចៃមាត់ រហូតដល់​មានទោស​ជាប់ពន្ធនាគារ​រូបនេះ មិនទាន់​អាច​ផ្ដល់​ចម្លើយ​ច្បាស់​ថា លោក​នឹង​ធ្វើជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ឬ​បង្កើត​គណបក្ស​ថ្មី​នោះទេ ដោយ​រង់ចាំ​ពេលវេលា​មកដល់​សិន​។

«​ខ្ញុំ​មិនដឹងថា គណៈកម្មាធិការ​បក្ស​អំណាច​ខ្មែរ នឹង​រើស​ខ្ញុំ​ឲ្យ​ធ្វើជា​ប្រធាន​វិញ​ឬក៏​អត់​ទេ​? ប៉ុន្តែ​បើ​គណៈកម្មាធិការ​បក្ស​មិន​រើស ខ្ញុំ​ក៏​នៅមាន​ជម្រើស​នយោបាយ​ច្រើន ប្រៀប​ដូច​កីឡាករ​ប្រដាល់ ដែល​ចាក​ចេញពី​ក្លឹប ហើយ​គេ​មិន​ឲ្យ​ចូល​វិញ គឺ​យើង​អាចបង្កើត​ក្លឹប​ថ្មី​មួយទៀត​បាន ។ ដូច្នេះ​ខ្ញុំ​អាចបង្កើត​គណបក្ស​អំណាច​ខ្មែរ​ឡើង ដូច្នេះ​ខ្ញុំ​ក៏​អាចបង្កើត​ផ្សេង​បានដែរ ដោយ​វា​អាស្រ័យ​លើ​ការប្រមូល​អ្នកចូលរួម​ជាមួយ​យើង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សួន សេរី​រដ្ឋា ដែល​បាន​បន្ថែមថា លោក​នឹង​បន្ត​និយាយ​បញ្ហា​ក្នុងសង្គម​ដូច​មុន ពោលគឺ​មិន​ទម្លាក់ចោល​អ្វី ដែល​ខ្លួន​ធ្លាប់ធ្វើ​ឡើយ​។

​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស តាម​សំណើ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ បានចេញ​នៅ​ថ្ងៃទី​២៣ សីហា ឆ្នាំ​២០១៨​នេះ​។ មូលហេតុ​ដែល​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ព្រះមហាក្សត្រ​លើកលែងទោស​លោក សួន សេរី​រដ្ឋា នេះ គឺ​ដោយសារតែ​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ ធ្លាប់បាន​សរសេរ​លិខិត​សុំទោស​សម្ដេច ចំនួន​២​ដង​កន្លងមក​។​

អត្ថបទទាក់ទង


​គួរ​បញ្ជាក់ថា លោក សួន សេរី​រដ្ឋា ត្រូវបាន​តុលាការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស រួមមាន បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់បង្គាប់ បទ​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍ នៃ​ក្រមព្រហ្មទណ្ឌ ។ ការចោទប្រកាន់​នេះ ធ្វើឡើង​បន្ទាប់ពី​លោក សួន សេរី​រដ្ឋា បញ្ចេញមតិ​តាម​ហ្វេ​ស​ប៊ុ​ក (Facebook) របស់លោក កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៧ ទាក់ទង​នឹង​ការបញ្ជា​កងទ័ព​ឲ្យ​ទៅ​ត្រៀមប្រយុទ្ធ​នឹង​កងទ័ព​ឡាវ​ថា​៖ «​បើ​សង្គ្រាម​កើតឡើង​ជាមួយនឹង​ប្រទេស​ឡាវ​មែន កូន​ខ្មែរ​កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា ហើយ​មេទ័ព​ចោរ​នឹង​ឡើងបុណ្យ ប្រមូល​លុយ សប្បាយ​ស្រី​ញី​យ៉ាង​គគ្រឹក គគ្រេង​»​។ តាមរយៈ​បទ​ចោទ​នេះ តុលាការ​បានសម្រេច​ផ្តន្ទាទោស​លោក សួន សេរី​រដ្ឋា ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ និង​ពិន័យ​ប្រាក់​១០​លាន​រៀល កាលពី​ថ្ងៃទី​២៥ សីហា ឆ្នាំ​២០១៧៕ 


Tag:
 សួន សេរី​រដ្ឋា​
 ​ពន្ធនាគារ​
© រក្សាសិទ្ធិដោយ thmeythmey.com