ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ៖ បញ្ហា​សិទ្ធិមនុស្ស កំពុង​ក្លាយជា​បេសកកម្ម​អរិយធម៌​របស់​មហាអំណាច ក្នុងការ​ជ្រៀតជ្រែក​រដ្ឋ​ឯករាជ្យ​
29, Sep 2018 , 11:09 am        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​សិទ្ធិមនុស្ស កំពុង​ក្លាយទៅជា​«​បេសកកម្ម​ដើម្បី​បំពាក់​អរិយធម៌​» សម្រាប់​ប្រទេស​មហាអំណាច ក្នុងការ​ជ្រៀតជ្រែក​ប្រទេស​ដទៃ ក្រោម​ស្លាក​ការពារ​សិទ្ធិ​នយោបាយ​។ នេះ​ជាការ​ថ្លែង​របស់​សម្ដេច ហ៊ុន សែន នៅ​ចំពោះមុខ​មេដឹកនាំបណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៨ កញ្ញា​។​



​សម្ដេច ហ៊ុន សែន បាន​លើកយក​ភាពជោគជ័យ​របស់​កម្ពុ​ជា ក្នុង​ការរើបម្រាស​ចេញពី​ភ្លើងសង្គ្រាម ហើយ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី ក្លាយទៅជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុយ​មួយ នៅក្នុង​ពិភពលោក ទៅ​ថ្លែង​ចំពោះមុខ​ថ្នាក់ដឹកនាំ​បណ្ដា​ប្រទេស​នានា​មុនគេ ។ បន្ទាប់ពី​លើក​ពី​ភាពជោគជ័យ​របស់​រដ្ឋា​ភិ​បា​លហើយ សម្ដេច ហ៊ុន សែន ក៏​បន្ត​រាយការណ៍​ពី​ស្ថានភាព​បោះឆ្នោត​នៅ​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ ដោយមាន​ពីរ​ចំណុច​ផ្សេងគ្នា​។​
 
​ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន បាន​និយាយ​ពី​ចំណុច​វិជ្ជមាន នៃ​ចំនួន​អ្នកបោះឆ្នោត​៨៣, ០២ ភាគរយ ដែល​សម្ដេច ចាត់ទុកថា ជាការ​បង្ហាញ​ពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ស្ថិរភាព​និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។ និយាយ​ចំណុច​នេះហើយ ប្រមុខ​រដ្ឋាភិបាល ក៏​ផ្ដើម​ថ្លែង​បែប​ការទូត ទៅកាន់​ប្រទេស​មួយចំនួន ដែល​ធ្លាប់​រិះគន់ និង​ប្រឆាំង​ការបោះឆ្នោត​កម្ពុជា យ៉ាង​ដូច្នេះ​ថា​៖«​មជ្ឈដ្ឋាន​ខាងក្រៅ​មួយចំនួន ដែល​ចិញ្ចឹម​ជាប់​នូវ​មហិច្ឆតា​ប៉ុនប៉ង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា នៅតែ​ធ្វើជា​មើលមិនឃើញ​នូវ​គុណភាព និង​សុចរិត​ភាព​នៃ​ដំណើរការ​បោះឆ្នោត​របស់​យើង តាមរយៈ​ការចេញ​សេចក្តីថ្លែងការណ៍​នានា​ប្រឆាំងនឹង ឬ​វាយប្រហារ​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ដែល​ទង្វើ​បែបនេះ គឺជា​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​»​។​
  
 
​ដោយ​មិនទាន់​អស់​សេចក្តី​នោះ សម្ដេច ហ៊ុន សែន បាន​និយាយ​ដោយ​ប្រយោល​ពី​សកម្មភាព​ប្រទេស​មហាអំណាច​មួយចំនួន ដែល​បាន​ប្រើប្រាស់​បញ្ហា​សិទ្ធិមនុស្ស ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​។ សម្ដេច កត់សម្គាល់​ឃើញថា បញ្ហា​សិទ្ធិមនុស្ស​កំពុង​ក្លាយជា​លេស​មួយ សម្រាប់​ពួកគេ​លូកដៃ​ចូល​អធិបតេយ្យ​របស់រ​ដ្ឋ​ឯករាជ្យ​។​
 
«​ខ្ញុំ​សូម​ទាញអារម្មណ៍​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់ អំពី​សារៈសំខាន់​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។ វា​អាស្រ័យ​លើ​យើង​គ្រប់គ្នា នៅក្នុង​ការផ្ដល់​ការគោរព​ដ៏​ត្រឹមត្រូវ​ចំពោះ​ធម្មនុញ្ញ​ដ៏​មាន​សារៈសំខាន់​នេះ ដោយ​ត្រូវ​ចៀសវាង​ការជ្រៀតជ្រែក ការធ្វើ​ឲ្យ​អន្តរាយ ឬ​ការរំខាន​ដល់​កិច្ចការ​អធិបតេយ្យ​របស់​រដ្ឋ​ឯករាជ្យ​។ យើង​មានការ​សោកស្ដាយ​ជា​ពន់ពេក ក្នុងការ​រំលេច​នូវ​តថភាព​ដែលថា​សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន​នេះ បានក្លាយ​ទៅជា​«​បេសកកម្ម​ដើម្បី​បំពាក់​អរិយធម៌​» សម្រាប់​ប្រទេស​មានអំណាច​មួយចំនួន ឬក៏​អាច​និយាយបានថា ជា​និយាម​ប្រតិបត្តិ​ថ្មី​របស់​ពួកគេ ដែលជា​លេស​សម្រាប់​រាល់​ការ​លូកដៃ​ជ្រៀតជ្រែក ក្រោម​ផ្លាក​ការពារ​សិទ្ធិ​នយោបាយ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន​។​
 
​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​បន្ថែមថា សម័យកាល​ចក្រពត្តិនិយម និង​អាណានិគមនិយម​សម្រាប់​ពិភពលោក វា​បាន​ក្លាយទៅជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ទៅហើយ​។ ដូច្នេះ​ប្រទេស​ធំៗ មិនគួរ​ដាក់​បន្តុប​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​រប​ស់​ពួកគេ​មកលើ​ប្រទេស​នានា ដែល​តូច​ជាង​ខ្លួន​នោះឡើយ ព្រោះ​ប្រទេស​តូចៗ​ទាំងនេះ ក៏មាន​អធិបតេយ្យភាព និង​មាន​សេចក្តីប្រាថ្នា​ស្របច្បាប់​ក្នុងការ​រក្សា​នូវ​អត្តសញ្ញាណ​របស់ខ្លួន​។​
 
​សម្រាប់​សម្ដេច ហ៊ុន សែន សម័យកាល​បច្ចុប្បន្ននេះ ជា​សម័យ​កាលដែល​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​ពឹងផ្អែក​គ្នា​ទៅវិញទៅមក ហើយ​ផ្នត់គំនិត​ចាប់បង្ខំ​ដ៏​ចាស់គំរិល​នោះ គួរតែ​ត្រូវបាន​បានបញ្ចប់​។ «​ទាំងអស់គ្នា ទាំង​ប្រទេស​ធំ ប្រទេស​តូច ត្រូវតែ​រួមគ្នា​គោរព និង​លើកតម្កើង​វិធាន​នៃ​ច្បាប់​អន្តរ​ចា​តិ និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ »​។ នេះ​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​៕

Tag:
 ហ៊ុន សែន​
  UN
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com