បទយកការណ៍ / បទសម្ភាសន៍
ភាសាបាលី​ធ្លាក់ចុះ​អ្នករៀន ព្រោះ​គ្មាន​ទីផ្សារការងារ​
30, Sep 2018 , 8:59 pm        
រូបភាព
 
​ភ្នំពេញ​៖ ការរៀន​ភាសាបាលី​នៅក្នុងពេល​បច្ចុប្បន្ននេះ ហាក់​មានការ​ធ្លាក់ចុះ​ជា​គំហុក មិន​ថា​ព្រះសង្ឃ​ឬ​គ្រហស្ថ​។ បាលី គឺជា​ភាសា​មួយ​ដែល​បាន​កត់ត្រា គម្ពី​ព្រះ​ត្រៃបិដក និង​ពុទ្ធឱវាទ​ជាច្រើន​របស់​ព្រះពុទ្ធសាសនា​។ ដោយសារតែ​សង្គម​ចេះតែ​វិវឌ្ឍន៍​ទៅមុខ ហើយ​ទីផ្សារការងារ​មិនសូវ​អំណោយ​ផង​នោះ ភាសាបាលី​មិនត្រូវ​បាន​គ្រហស្ថ​ធម្មតា​ចាប់អារម្មណ៍​រៀន​ច្រើន​ឡើយ​។​

​ដើម្បី​បាន​ជ្រាប​ច្បាស់ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖


 
​នៅក្នុង​បន្ទប់រៀន​ភាសាបាលី​និង​សំ​ស្ត្រឹ​ត​មួយ​ដែលមាន​ទំហំ​ប្រមាណ​ជា​១០​ម៉ែត្រការ៉េ នៃ​សាលា​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ ដែលមាន​ទីតាំងនៅ​ជិត​ព្រះបរមរាជវាំង មាន​សិស្ស​ជា​ព្រះសង្ឃ​ចំនួន​តែ​៣​អង្គ​តែប៉ុណ្ណោះ កំពុង​រៀន​ភាសាបាលី​ពី​គ្រូ​ជា​គ្រហស្ថ​វ័យ​៨៥​ឆ្នាំ​។ មិនមែន​មានតែ​បន្ទប់​មួយ​នេះ​ទេ ដែល​ខ្សត់​សិស្ស បន្ទប់​ទល់មុខ​បន្ទប់​នេះ ក៏មាន​សិស្ស​តែ​២​នាក់មក​រៀន​ដែរ​។​
 
​មិនបាន​បំពេញតម្រូវការ​ទីផ្សារការងារ​ទូលំទូលាយ​ផង និង​ជា​ភាសា​គ្រឹះ​សម្រាប់តែ​ខាង​សាសនា​ផង​នោះ មនុស្ស​ភាគច្រើន មិនបាន​ចាប់អារម្មណ៍​មក​រៀន​ភាសា​នេះឡើយ​។ ទោះជា​យ៉ាង​ណាក​ក៏ដោយ ភាសាបាលី នៅតែ​ដើរតួនាទី​សំខាន់​ក្នុង​ជីវិត​មនុស្ស​និង​សង្គម​។​
  
 
​គរុ​ពហូស្សូត​បណ្ឌិត ជិត ជន គឺជា​គ្រូបង្រៀន​ភាសាបាលី​និង​សំ​ស្ត្រឹ​ត​ជិត​៥០​ឆ្នាំ បាន​លើកឡើងថា មកដល់​ពេលបច្ចុប្បន្ន​នេះ សិស្ស​រៀន​ភាសាបាលី​នឹង​សំ​ស្ត្រឹ​ត មានការ​ធ្លាក់ចុះ​ច្រើន បើ​ប្រៀប​ជាមួយ​សម័យ​ដើម ដែល​លោក​ថា សិស្ស​ច្រើន​រហូត​រក​សាលារៀន​គ្មាន​។ ជា​ភាសា​មួយ​កត់ត្រា​រាល់​គម្ពី​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ភាសាបាលី និង​សំ​ស្ត្រឹ​ត សព្វថ្ងៃ​សូម្បីតែ​ព្រះសង្ឃ​ក៏​មិនសូវ​ឃើញ​រៀន​ច្រើន​ដែរ​។ ទោះ​ភាសា​នេះ មិន​ត្រូវបាន​មនុស្ស​សម័យ​បច្ចុប្បន្ន​ឱ្យ​តម្លៃ​ច្រើន​ក៏ដោយចុះ តែ​លោក ជិត ជន នៅតែ​មើលឃើញថា​វា​ជា​ភាសា​ដែល​អាច​នាំ​មនុស្ស​ដឹង​ពី​ឬ​សគល់​នៃ​ភាសា​ខ្មែរ​ផង ភាសា​សកល​ផង នឹង​ដឹង​ពី​មូលដ្ឋានគ្រឹះរ​បស់ពាក្យ​ផងដែរ​។ បណ្ឌិត ជិត ជន បញ្ជាក់​៖ «​អក្សរសាស្ត្រ​ខ្មែរ​ទាំងអស់ បើ​យើង​មិនចេះ​បាលី យើង​មិនដឹងថា​សរសេរ​ហ្នឹង​ត្រូវ​ឬ​ស​ខុស​ទេ ដូច្នេះ​ចេះ​បាលី​នេះ​វិសេសវិសាល​ណាស់​។ កាលពី​ជំនាន់​ខ្ញុំ​រៀន ប្រឡង​៨​ពាន់​នាក់​យកតែ​១០០​នាក់ ដូច្នេះ​នាក់​ដែល​ជាប់​នោះ​ដល់​តែ​ពូកែ​ណាស់​»​។​
 
​ព្រះ​ភិក្ខុ រឿន សំបូ មកពី​ខេត្តព្រៃវែង ដែល​រៀន​ភាសាបាលី​នៅ​សាលា​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ មាន​ថេរ​ដីកា​ថា ការរៀន​ភាសាបាលី​មិនមែន​ដើម្បី​ប្រយោជន៍​ផ្លូវលោក​ឡើយ តែ​ជា​ប្រយោជន៍​សម្រាប់​បរលោក​នាយ​។ ត្រូវ​ចំណាយពេល​១៤​ឆ្នាំ​រៀន និង​ត្រូវ​ទន្ទិញ​ឱ្យ​ចាំ​ស្ទាត់​វេយ្យាករណ៍​បាលី​ផង​នោះ ព្រះ​ភិក្ខុ សំបូរ នៅតែ​មិនទាន់​ចេះ​ស្ទាត់​ភាសា​នេះ​នៅឡើយ ព្រោះ​វា​មាន​ចំណុច​លំបាក​ច្រើន​។​
  
 
​ត្រូវ​និមន្ត​តាម​ម៉ូតូ​កង់​បី​ប្រចាំ​វត្ត មក​សាលា​តាំងពីព្រឹក​ព្រលឹម​ជា​រៀងរាល់ថ្ងៃ ព្រះ​ភិក្ខុ សំបូរ ត្រូវ​ខ្ចប់​ចង្ហាន់​ពី​វត្ត​មកជា​មួយ ទុក​ឆាន់​ពេល​ថ្ងៃត្រង់ ដើម្បី​កាត់បន្ថយ​ការចំណាយ​។ ហេតុផល​ដែល​ព្រះ​ភិក្ខុ សំបូ រៀន​ភាសា​ពុទ្ធវចនៈ​នេះ ក៏​ដើម្បី​ទ្រទ្រង់​ព្រះពុទ្ធសាសនា​ផង នឹង​ដើម្បី​ស​ន្យំ​ឧបនិស្ស័យ​បណ្ដុះ​ពូជ​បញ្ញា​ដល់​ខ្លួន​ព្រះអង្គ​ផង​។ «​ត្រូវ​ចំណាយពេល​មកពី​ព្រឹក ព្រោះ​ជិះ​កង់​បី​ដាក់​ខែ បើ​យើង​មក​ថ្ងៃ​ទៅវិញទៅមក​២​ម៉ឺន​។ ចំពោះ​អាត្មា​វិញ​ចង់​រៀន ព្រោះ​ភាសាបាលី សិក្សា​ពី​កម្រិតវប្បធម៌​ទូន្មាន សូម្បីតែ​ពិភពលោក​ក៏​គេ​ឱ្យ​តម្លៃ​ទស្សនៈ​របស់​ព្រះពុទ្ធ​ជា​ទស្សនៈ​ឯក​ដែរ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​ព្រះ​ភិក្ខុ រឿន សំបូ​។ 
 
​ចំណែក ព្រះ​ភិក្ខុ ខៀវ ខន និមន្ត​មកពី​ខេត្តតាកែវ​វិញ មាន​ថេរ​ដីកា​ថា ក្នុងនាម​ជា​ព្រះសង្ឃ​ការសិក្សា​ភាសាបាលី ជាការ​ចាំបាច់​មួយ ទោះ​គម្ពីរ​បស់​ព្រះពុទ្ធសាសនា បាន​ប្រែជា​ខេមរៈភាសា​ក្ដី តែ​ឬ​សគល់រ​បស់ពាក្យ និង​ការសិក្សា​ពី​ហេតុ​និង​ផល​របស់​ច្បាប់ធម្មជាតិ មាន​ច្រើន​ទៀត​ដែល​មិនទាន់​ប្រែ​។ ចំណាយពេល​រៀន អស់​១៣​ឆ្នាំ​ទៅហើយ​ក្ដី តែ​ព្រះអង្គ​នៅតែ​មិនទាន់​ជ្រៅជ្រះ​ក្នុង​ភាសា​នេះ​នៅឡើយ ដោយសារ​ភាសាបាលី ជា​ភាសា​ពិបាក​រៀន​និង​ចាំ​។ ព្រះ​ភិក្ខុ​អង្គ​នេះ បានចាត់ទុក​ភាសាបាលី​សំ​ស្ត្រឹ​ត​ជា​ផែនទី និង​ជា​ថ្នាំពេទ្យ​ដ៏​សំខាន់​មួយ ដើម្បី​រៀបចំ​ដំណើរ​ជីវិត ប្រកបដោយ​គុណភាព​។ ព្រះ​ភិក្ខុ ខៀវ ខន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បុគ្គល​ដែល​បាន​សិក្សា​ភាសាបាលី​បាន​ជ្រៅជ្រះ បានន័យថា​ជា​បុគ្គល​ក្លា​ក្នុង​ព្រះពុទ្ធសាសនា​។ លោក​ប្រៀបប្រដូច​ការសិក្សា​ភាសាបាលី​ទៅនឹង​ផែនទី​មួយ ដើម្បី​បង្ហាញផ្លូវ​។ គោលដៅ​រៀន​ភាសាបាលី បានន័យថា​យើង​បាល​យល់ច្បាស់​ក្នុង​ពុទ្ធវចនៈ ក៏​ជា​ប្រយោជន៍​ក្នុង​សង្គមជាតិ​ផងដែរ​»​។ 
  
 
​ដូចគ្នា​នឹង​ព្រះសង្ឃ​ខាងលើ​ដែរ ព្រះ​ភិក្ខុ ឡាន ឡា កំពុងស្ថិត​ក្នុង​ថ្នាក់រៀន​ភាសាបាលី​។ និមន្ត​មកពី​ខេត្តព្រៃវែង​ព្រះអង្គ ឡាន ឡា ទើបតែ​រៀន​ភាសាបាលី​បាន​រយៈពេល​ប្រាំ​ឆ្នាំ​តែប៉ុណ្ណោះ​។ រៀន​មិនបាន​តាម​លំដាប់​ដូចជា​ព្រះសង្ឃ​អង្គ​ដទៃទៀត ព្រោះ​ការខ្វះ​សាលា និង​គ្រូ​ផង ព្រះ​ភិក្ខុ ឡាន ឡា ត្រូវ​រៀន​ផ្លោះ​រហូត ដែលជា​ហេតុ​ឱ្យ​ព្រះអង្គ​មានការ​លំបាក​រៀនកាន់​តែ​ខ្លាំង​។ ព្រះ​ភិក្ខុ​ដែលមាន​រាងកាយ​ស្គមស្គាំង​ខ្លាំង​រូបនេះ បាន​បញ្ជាក់ថា ប្រសិនបើ​ទៅមុខ​កាន់តែ​ខ្សត់​អ្នករៀន​ភាសាបាលី នោះ​អាច​នឹង​ប៉ះពាល់​ដល់​សាសនាព្រះពុទ្ធ ព្រោះ​គម្ពី​និង​ព្រះ​ត្រៃបិដក សុទ្ធសឹងតែ​ជា​ភាសាបាលី​និង​សំ​ស្ត្រឹ​ត​។ ព្រះអង្គ ឡាន ឡា បន្ថែម​៖«​ក្នុង​គម្ពី​ព្រះ​ត្រៃបិដក​ទាំង​១១៧ ពោរពេញ​ដោយ​ភាសាបាលី ក្រោយមក​អ្នកប្រាជ្ញ​ខ្មែរ​បាន​ប្រែ​មកជា​ភាសា​ខ្មែរ​។ បើសិនជា​បាត់បង់​អ្នកចេះ​ភាសាបាលី ប្រហែលជា​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​»​។​
  
 
​ត្រឡប់មក​គរុ​ពហូស្សូត​បណ្ឌិត ជិត ជន វិញ លោក​ថា​អ្នករៀន​ភាសាបាលី និង​សំ​ស្ត្រឹ​ត ជា​អ្នក​ដែលមាន​ឧបនិស្ស័យ​ខ្ពស់​ក្នុង​ព្រះពុទ្ធសាសនា និង​ជា​អ្នក​ខំ​សន្សំ​បុណ្យ​សម្រាប់​បរលោក​នាយ​ផង​។ ទោះ​ភាសាបាលី​និង​សំ​ស្ត្រឹ​ត​ជា​ភាសា​គ្រឹះ​របស់​សាសនា​ក្ដី ប៉ុន្តែ​ទីផ្សារការងារ​នៅតែមាន ដោយ​ធ្វើ​នៅ​ក្រសួង​មួយចំនួន និង​បកប្រែ​សម្រាប់​ស្ថាប័ន​ផ្សេងៗ​។ គរុ​ពហុស្សូត ជិត ជន សង្កត់ធ្ងន់ថា អ្នករៀន​ភាសាបាលី និង​សំស្ក្រឹត​ច្បាស់ នោះគេ​នឹង​រៀន​ភាសាបរទេស​ផ្សេងៗ​ឆាប់​យល់​ឆាប់​ចេះ ព្រោះ​ភាសា​ទាំង​ពីនេះ​ជា​ភាសា​ដើម​នៃ​ភាសា​ផ្សេងៗ​។​« អ្នកចេះ​បាលី​ច្បាស់​ទៅ​រៀន​សំ​ស្ត្រឹ​ត​ក៏​ស្រួល ទៅ​រៀន​បារាំង អង់គ្លេស​ក៏​ស្រួល​។ ភាសាបាលី​នេះ​ពិបាក​ណាស់ សិស្ស​ឥឡូវនេះ​រៀន​បាលី​១០​ឆ្នាំ​ហើយ​មិនទាន់​ចេះ​ផង​។ មិនចេះ​ហ្នឹង​មកពី​មិន​យល់​ផង មិន​ចាំ​ផង​»​។  គរុ​ពហូស្សូត​បណ្ឌិត ជិត ជន បញ្ជាក់បន្ថែម​៕
 
  

Tag:
 ភាសាបាលី​
  សំ​ស្ត្រឹ​ត​
  ជិត ជន
© រក្សាសិទ្ធិដោយ thmeythmey.com