ពីនេះ ពីនោះ
អាជីព​ដែល​លោកអ្នក​គួរ​ដឹង​ជាមុន​ថា​មិនអាច​ក្លាយជា​អ្នកមាន​…​តែ​ជួយ​សង្គម​បាន​ច្រើន​!
30, Sep 2018 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ កើតមក​នៅលើ​ផែនដី​នេះ គ្មាន​នរណាម្នាក់​មិន​ចង់​ក្លាយ​ជាមាន ឬ​អ្នកមាន​កិត្តិយស​នៅក្នុង​សង្គម​ឡើយ​។ តែ​ពេលខ្លះ គេ​ក៏​អាច​ដឹង​ជាមុន​ថា អាជីព​មួយចំនួន​មិនអាច​អនុញ្ញាត​ឲ្យ​លោកអ្នក​ក្លាយជា​អ្នកមាន​ខ្លាំង​ឡើយ​។ តែ​អាជីព​ទាំងនោះ​ជួយ​សង្គម​បាន​ច្រើន​។  តើ​អាជីព​ទាំងនោះ​មាន​អ្វីខ្លះ​?


​អាជីព​គ្រូបង្រៀន គឺជា​អាជីព​ម្យ៉ាង​ដែល​ជួយ​សង្គម​បាន​ច្រើនណាស់ ព្រោះ វា គឺជា​អាជីព​ដែល​បង្កើត​អាជីព​ដទៃទៀត​។ វា គឺជា​«​ឪពុកម្តាយ​»​នៃ​អាជីព​ដទៃទៀត​។ ស្ទើរតែ​នៅលើ​ពិភពលោក​ទាំងមូល​ទៅហើយ ប្រសិនបើ​លោកអ្នក​ចាប់យក​អាជីព​នេះ លោកអ្នក​មិនអាច​ក្លាយជា​អ្នក​«​មាន​ខ្លាំង​»​បានឡើយ​។ ប៉ុន្តែ លោកអ្នក​ប្រាកដ​ច្បាស់​ខ្លួនឯង​ថា លោកអ្នក​បាន​ជួយ​មនុស្ស​ជាច្រើន​ឲ្យ​មានចំណេះដឹង​ទូទៅ និង​ចំណេះ​ជំនាញ​ដើម្បី​ចិញ្ចឹមជីវិត​របស់​ពួកគេ​នាពេល​អនាគត​។ 
 
​ត្រឹមតែ​ធ្វើជា​គ្រូ ឬ​ជា​ស្ត្រា​ចា​រ្យ ពិតជា​មិនអាច​ក្លាយជា​អ្នកមាន​ធំ​បានឡើយ​។ តែ​ក៏​មិនមែនជា​អ្នកក្រ​ដែរ​។ ប៉ុន្តែ ប្រសិនបើ​លោកអ្នក​សាកល្បង​ធ្វើ​ជំនួញ​ពី​អាជីព​គ្រូបង្រៀន ដូចជា បង្កើត​សាលា​បណ្តុះបណ្តាល នោះ​លោកអ្នក​អាច​ក្លាយជា​អ្នកមាន​ធំ ប្រសិនបើ​ជំនួញ​នោះ​ជោគជ័យ​។ តែ​លោកអ្នក​អាច​ធ្លាក់ខ្លួន​ក្រ​មកវិញ ប្រសិនបើ​អាជីព​នោះ បរាជ័យ​។ បើ​ធ្វើ​ត្រឹម​ជា​គ្រូបង្រៀន​ធម្មតា អ្វីដែល​ប្រាកដ គឺថា មិន​ក្រ ហើយក៏​មិនមាន​ធំ​ដែរ​។ 
 
​អាជីព​វេជ្ជបណ្ឌិត (​គ្រូពេទ្យ​) គឺជា​អាជីព​ដែល​ត្រូវតែ​ជួយសង្គ្រោះ​ជីវិត​មនុស្ស​។ ការជួយ​សង្គ្រោះ​ជីវិត គឺជា​អ្វីដែល​គ្រូវ​ពេទ្យ​ទាំងឡាយ​ត្រូវធ្វើ​មុនគេ​។ លុយកាក់ គឺជា​រឿង​ក្រោយ​។ គ្រូពេទ្យ ជួយសង្គ្រោះ​មនុស្ស​ដោយ​មិន​ប្រកាន់​ភេទ អាយុ វណ្ណៈ ជាតិ​សាសន៍​…​។ ដូច​អាជីព​គ្រូបង្រៀន​ខាងលើ​ដែរ ប្រសិនបើ​លោក​ធ្វើ​ជំនួញ​ពី​អាជីព​នេះ លោកអ្នក​អាច​ក្រ ឬក៏​អាច​ក្លាយជា​អ្នកមាន អាស្រ័យ​លើ​ភាពជោគជ័យ ឬ​បរាជ័យ​។ 
 
​អាជីព​អ្នកសារព័ត៌មាន​, បុគ្គលិក​អង្គ​សង្គម​ស៊ីវិល​, មេធាវី​, អាជីព​អ្នកស្រាវជ្រាវ ឬ​អាជីព អ្នកនយោបាយ ក៏​សឹងតែ​ដូចគ្នា​ទៅនឹង​ខាងលើ​ដែរ ព្រោះ ក្រមសីលធម៌​នៃ​អាជីព​ខាងលើ បាន​តម្រូវ​ឲ្យ​ពួកគេ​ជួយ​សង្គម​ជាមុនសិន​។ 
 
​សរុបសេចក្តី​មក ប្រសិនបើ​លោកអ្នក​ចង់​មាន​-​ចង់បាន​លឿន​។ លោកអ្នក​មិនគួរ​ចាប់យក​អាជីព​ខាងលើ​ឡើយ​។ ប្រសិនបើ​លោកអ្នក​ចង់​មាន​-​ចង់បាន​លឿន លោកអ្នក​គួរតែ​ធ្វើ​ជំនួញ​តែម្តងទៅ​។ តែ​ការធ្វើ​ជំនួញ ជួនកាល ជោគជ័យ ជួនកាល​ក៏​បរាជ័យ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com