បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
កុមារ​អាយុ​១២​និង​១៣​ឆ្នាំ ទទួល​ជ័យលាភី​កំណាព្យ​លេខ​១​ក្នុង​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​
30, Sep 2018 , 5:59 pm        
រូបភាព
​បាត់ដំបង​៖ កំណាព្យ​ដែលមាន​ចំណងជើង​ថា “​វប្បធម៌​ធម្មជាតិ​ខ្មែរ​” របស់​កុមារី រស់ អេ​ន​ជេ​លី និង​កំណាព្យ “​ខេត្ត​មួយ​ដែល​ល្បី​” របស់​កុមារា ធុល សេរី​វុត្ថា ត្រូវបាន​គណៈកម្មការ​វាយតម្លៃ ឱ្យ​ជាប់​ជ័យលាភី​លេខ​១​។ ចំណែក​ជ័យលាភី​លេខ​២ បាន​ទៅលើ​កំណាព្យ​ក្រោម​ចំណងជើង​ថា​“​ទំនួញ​វប្បធម៌​” និង​លេខ​៣ បាន​ទៅលើ​កំណាព្យ​ដែលមាន​ឈ្មោះថា “​កង់​”​។


​កំណាព្យ​ប្រមាណ​១៤​ចំណងជើង ដែល​តែង​ជា​ទោល​និង​ជា​ក្រុម ភាគច្រើន​ផ្ដោតលើ​វប្បធម៌ អក្សរសិល្ប៍ អក្សរសាស្ត្រ​ខ្មែរ ព្រមទាំង​បរិយាយ​ពី​ខេត្តបាត់ដំបង​ផង​នោះ បានធ្វើ​ឡើង​ក្នុង​បរិវេណ​វត្ត​កណ្ដាល​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​។ ម្ចាស់​ស្នាដៃ​អាច​ជ្រើសរើស​ទំនុក​សូត្រ និង​ស្មូត តាម​ចំណូលចិត្ត​របស់ខ្លួន​។ បេក្ខជន​ទាំងអស់ តម្រូវឱ្យ​យក​កង់​របស់ខ្លួន​មកជា​មួយ​ផង ដើម្បី​សម​នឹង​ចំណងជើង​កម្មវិធី​កង់​និង​កំណាព្យ​។​
 
​រស់ អេ​ន​ជេ​លី ម្ចាស់​ជ័យលាភី​លេខ​១ បាន​ចាប់​ក្រុម​ជាមួយ​កុមារា ធុល សេរី​វុត្ថា ដែល​មកពី​សាលារៀន​ជាមួយគ្នា​។ ទើបតែ​មាន​អាយុ​១២​ឆ្នាំ អេ​ន​ជេ​លី ក្នុង​សម្លៀកបំពាក់​អាវ​ពណ៌​ស​ដៃ​ប៉ោង សំពត់​ផាមួង​បត់ បាន​នាំយក​កំណាព្យ​ដែលមាន​ចំណងជើង​ថា “​វប្បធម៌​ធម្មជាតិ​ខ្មែរ​” មក​ប្រកួតប្រជែង​។ ខ្លឹមសារ​ក្នុង​កំណាព្យ​នេះ សរសេរ​លើកតម្កើង​ពី​វប្បធម៌​ខ្មែរ សម្បត្តិ​ធម្មជាតិ​លើ​ទឹកដី​កម្ពុជា ព្រមទាំង​សម្រស់​ខេត្តបាត់ដំបង​ផង​។ ក្មេងស្រី​ដែលមាន​ដើមកំណើត​នៅ​ខេត្តក្រចេះ​រូបនេះ សង្កេតឃើញថា​បច្ចុប្បន្ន​មនុស្ស​មួយចំនួន​ហាក់​មើលរំលង​ពី​វប្បធម៌​ខ្មែរ ដូច្នេះ​នាង​ស្នើឱ្យ​កូន​ខ្មែរ​ងាក​មក​រួមគ្នា​ថែរក្សា​វប្បធម៌​ជាតិ កុំឱ្យ​បាត់បង់​នៅ​ថ្ងៃ​ខាងមុខ​។​
 
 រស់ អេ​ន​ជេ​លី បញ្ជាក់​៖ «​ខ្ញុំ​យល់ថា​វប្បធម៌​ខ្មែរ​ពិតជា​សំខាន់ ដូនតា​ជំនាន់​មុន​បាន​បូជាជីវិត ក៏​ដើម្បី​វប្បធម៌​ខ្មែរ​ដ៏​ល្អ​នេះដែរ ទើប​ខ្ញុំ​និពន្ធ​កំណាព្យ​នេះ​ឡើង​។ ខ្ញុំ​ចង់ឱ្យ​ប្រជ​ជន​ខ្មែរ មក​ថែរក្សា​និង​ឱ្យ​តម្លៃ​វប្បធម៌​និង​អក្សរសាស្ត្រ​ខ្មែរ ដើម្បី​កុំឱ្យ​បាត់បង់​នៅ​ថ្ងៃ​ខាងមុខ ព្រោះ​វប្បធម៌​ខ្មែរ​យើង​ពិតជា​មានតម្លៃ​»​។
  
 
​ចំណែក​កុមារា ធុល សេរី​វុត្ថា វិញ គឺជា​សមាជិក​ក្រុម​ដែល​ជាប់​ជ័យលាភី​លេខ​១​ដែរ​។ សេរី​វុត្ថា បានជ្រើសរើស​ស្មូត​កំណាព្យ​បែប​កុមា​របា លើ​កំណាព្យ​ដែលមាន​ចំណងជើង​ថា “​ខេត្ត​មួយ​ដែល​ល្បី​”​។ ទឹកដម​ស្មូត ព្រមទាំង​ការលើកដាក់​សំឡេង របស់​កុមារា​វ័យ​១៣​ឆ្នាំ​រូបនេះ មិន​ចាញ់​អ្នកជំនាញ​ស្មូត​ប៉ុន្មាន​ឡើយ ការណ៍​នេះ​បាន​ញ៉ាំងឱ្យ​អ្នកចូលរួម​ទះដៃ​លាន់​រំពង​។ ចំណាយពេល​ត្រឹម​តែមួយ​ម៉ោង ព្រោះ​មិនមាន​ពេល​គ្រប់គ្រាន់ សេរី​វុត្ថា បាន​បញ្ចូល​សម្រស់​ខេត្តបាត់ដំបង មាន​ស្ទឹង​សង្កែ រមណី​ដ្ឋា​ន​ផ្សេងៗ ម្អូ​ប​អាហារ ព្រមទាំង​ភោគផល​ក្នុង​ខេត្ត​នេះ ក្នុង​កំណាព្យ​របស់ខ្លួន​។ ក្មេងប្រុស​ដែល​រៀន​នៅ​ទីក្រុង​ភ្នំពេញ​រូបនេះ សង្ឃឹមថា​កំណាព្យ​របស់គេ ជា​ផ្នែក​មួយ​លើកស្ទួយ​អក្សរសិល្ប៍​ខ្មែរ និង​ជម្រុញ​ការ​តែង​និពន្ធ​ផងដែរ​។​
 
 «​ក្នុង​កំណាព្យ​នេះ​ខ្ញុំ​បាន​រៀបរាប់​ពី​ធម្មជាតិ​ទូទៅ បន្ទាប់មក​ខ្ញុំ​និយាយ​ពី​ខេត្តបាត់ដំបង មាន​លោកតា​ដំបងក្រញូង ស្រូវ ស្ទឹង​បាត់ដំបង​។ ក្នុង​កំណាព្យ​នេះ ខ្ញុំ​ក៏​បង្ហាញ​ពី​ការថែរក្សា​បរិស្ថាន​ផងដែរ គឺ​សម្អាត​រហូត ដើម្បីឱ្យ​វា​កាន់តែ​ល្អ​ឡើងៗ មិនមែន​ធ្វើ​តែម្ដង​ហើយ​ចប់​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​កុមារា ធុល សេរី​វុត្ថា​។ 
  
 
​ចំណែក​ជ័យលាភី​លេខ​២​វិញ​បាន​ទៅលើ​បេ​ក្ខ​នារី ច័ន្ទ វណ្ឌី វ័យ ៣៣​ឆ្នាំ​។ “​ទំនួញ​វប្បធម៌​” ជា​ចំណងជើង​កំណាព្យ​របស់​នារី​ក្នុង​សម្លៀកបំពាក់​ចងក្បិន​។ កំណាព្យ​នេះ​និយាយ​ពី​វប្បធម៌​ខ្មែរ​ដ៏​ត្រចះត្រចង់ តែ​ហាក់​ស្ថិតក្នុង​ភាព​ឯកោ​។ ម្ចាស់​ជ័យលាភី​រូបនេះ យល់ថា​ការដាក់​ស្នាដៃ​មក​ប្រកួតប្រជែង​នេះ ជា​ផ្នែក​មួយ​ចូលរួម​លើកស្ទួយ​អក្សរសិល្ប៍​ខ្មែរ និង​ការផ្សព្វផ្សាយ​ពី​គំនិត​របស់ខ្លួន ទៅដល់​ក្មេងជំនាន់ក្រោយ ឱ្យ​ចូលរួម​កាន់តែច្រើន​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ អ្នកនាង​វណ្ឌី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹមថា​មហោស្រព​អក្សរសិល្ប៍​ខ្មែរ​នឹង​មាននៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​រហូត​។ ខ្ញុំ​សប្បាយចិត្ត​ទោះជា​ថ្ងៃនេះ​ខ្ញុំ​មិនបាន​ទទួល​ជ័យលាភី ក៏​ខ្ញុំ​នៅតែ​រីករាយ​ក្នុងការ​ចូលរួម​លើកស្ទួយ​អក្សរសាស្ត្រ​ខ្មែរ តាមរយៈ​កម្មវិធី​បែបនេះ​»​។ 
  
 
​ប្លែក​ពី​គេ​បន្តិច​យុវជន ឡឹ​ក គឹម​សួរ ដែលជា​និស្សិត​នៃ​សាកលវិទ្យាល័យ​បាត់ដំបង  បាន​និពន្ធ​កំណាព្យ​សរសើរ​ពី​កង់​ខ្មែរ​ក្រោយ​ចំណងជើង​ថា “​កង់​” និង​ទទួលបាន​ជ័យលាភី​លេខ​៣ ។ ចុះ​ពីលើ​ឆា​កដៃ​ដឹក​កង់​ខ្មែរ​មកជា​មួយ​ផង​នោះ គឹម​សួរ ពន្យល់ថា​មូលហេតុ​ដែល​ខ្លួន​លើកយក​ប្រធានបទ​”​កង់​” មក​ប្រកួតប្រជែង ក៏​ដោយសារតែ​គេ​សង្កេតឃើញ​បច្ចុប្បន្ន​មធ្យោបាយ​ធ្វើដំណើរ​ភាគច្រើន ជា​ម៉ូតូ​ឡាន មិនសូវមាន​កង់​។ យុវជន​វ័យ​១៩​ឆ្នាំ​រូបនេះ បាន​លើកសរសើរ​ពី​គុណប្រយោជន៍​របស់​កង់ ក្នុង​ការជួយ​សុខភាព​និង​បរិស្ថាន ដែល​គេ​បានដាក់​បញ្ចូល​ក្នុង​កំណាព្យ​របស់ខ្លួន​។  គឺ​ម​សួរ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បច្ចុប្បន្ន​កង់​មិនសូវមាន​គេ​ប្រើប្រាស់​ច្រើន​ទេ ហើយ​កង់​ខ្មែរ​កាន់តែ​មិនសូវ​ឃើញ​មាន​។ មាន​អ្នកខ្លះ​មិន​ស្គាល់​កង់​ខ្មែរ​ទេ ដូច្នេះ​ខ្ញុំ​ក៏​យក​ប្រធានបទ​នេះ​សរសេរ​»​។ 
  
 
​សម្រាប់​ជ័យលាភី​លេខ​មួយ​ទទួលបាន​ថវិកា ២០០,០០០​រៀល លេខ​២​ទទួលបាន​១៥០,០០០ និង​លេខ​៣​ទទួលបាន ១០០,០០០​រៀល​។​
​ការដាក់​ពិន្ទុ​វាយតម្លៃ​កំណាព្យ ផ្ដោតទៅលើ​អត្ថន័យ ខ្លឹមសារ ការអប់រំ គុណ​ត​ម្លែ ឃ្លាឃ្លោង រួមទាំង​ការសូត្រ​ឬ ស្មូត​ផងដែរ​៕ 
 







Tag:
 បាត់ដំបង​
  កំណាព្យ​
  អក្សរសិល្ប៍​
  អក្សរសាស្ត្រ​ខ្មែរ​
 
© រក្សាសិទ្ធិដោយ thmeythmey.com