ជាតិ
សង្គមជាតិ
អ្នកសារព័ត៌មាន​តំបន់​អាស៊ីអាគ្នេយ៍​ជជែក​គ្នា​រក​វិធានការ​ប្រយុទ្ធប្រឆាំង Fake News
01, Oct 2018 , 7:59 am        
រូបភាព
​បាងកក​៖ ព័ត៌មាន​ក្លែងបន្លំ (Fake News) បាន​ក្លាយជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ការ​សាយភាយ​យ៉ាង​ឆាប់រហ័ស​នៃ​ព័ត៌មាន​ក្លែងបន្លំ​ក្នុង​យុគសម័យ​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​វិ​វត្ត​យ៉ាង​លឿន បង្ក​ការគំរាមកំហែង​ខ្លាំង​ដល់​វិស័យ​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ផង​។ ចាប់​ថ្ងៃទី​២៨ ដល់ទី​២៩ ខែកញ្ញា អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​នាក់​មកពី​ប្រទេស​ក្នុង​តំបន់ បាន​ជួបជុំគ្នា​ដើម្បី​ផ្លាស់ប្ដូរ​យោបល់ និង​ស្វែងរក​ដំណោះស្រាយ​នៃ​បញ្ហា​នេះ​។​

 
​ក្នុង​សន្និសីទ​តំបន់​ស្ដីពី​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ ដែល​រៀបចំ​ដោយ​សម្ព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ីអាគ្នេយ៍ (SEAPA) ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​២៩ ខែកញ្ញា អ្នកសារព័ត៌មាន សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ការលើកកម្ពស់​សេរីភាព​សារព័ត៌មាន​មកពី​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ជជែក​គ្នា​ពី​ការគំរាមកំហែង​របស់​ព៌​ត៌មាន​ក្លែងបន្លំ ដែល​កំពុងតែ​រី​ដុសដាល​ខ្លាំង​នៅតាម​ប្រទេស​នានា​ក្នុង​តំបន់​។​
 
​ប្រធានបទ​សំខាន់​ជាច្រើន​ទាក់ទង​នឹង​ឥទ្ធិពល​របស់​ព័ត៌មាន​ក្លែងបន្លំ​ត្រូវបាន​លើកឡើង​ក្នុង​សន្និសីទ​នេះ​ដូចជា​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់ និន្នាការ​នៃ​ព័ត៌មាន​ក្លែងបន្លំ និង​ការអធិប្បាយ​នាំ​ឲ្យ​មានការ​រើសអើង តួនាទី​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុងការ​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត និង​គំនិត​ផ្ដួចផ្ដើម​ក្នុងការ​ផ្ដល់ព័ត៌មាន​ពិតជា​ដើម​។ ឥទ្ធិពល​នៃ​ព័ត៌មាន​បន្លំ​ក្នុង​វិស័យ​នយោបាយ ក៏ត្រូវ​បាន​លើក​យកមក​ជជែក​ផងដែរ​។​
 
 
​អគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ​ទីក្រុង​បាងកក​លោក Steffan Herrstrom និយាយថា សិទ្ធិ​ទទួលបាន​ព័ត៌មាន គឺជា​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស ហើយក៏​ជា​ឧបករណ៍​សម្រាប់​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដំណើរការ​សម្រេចចិត្ត​មិន​ត្រឹមត្រូវ និង​ការគ្រប់គ្រង​ខុសឆ្គង​ជាដើម​។ លោក​ក៏​សង្កត់ធ្ងន់​ដែរ​ថា សិទ្ធិមនុស្ស មិនមែនជា​គុណ​តម្លៃ​របស់​ប្រទេស​លោកខាងលិច​តែឯង​ឡើយ តែ​ជា​គុណ​តម្លៃ​របស់​សាកលលោក​ទាំងមូល​។​
 
​ជុំវិញ​ប្រធានបទ​ព័ត៌មាន​ក្លែងបន្លំ​នេះដែរ ប្រទេស​នានា​ក្នុង​តំបន់​បាន​ជួប​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ព័ត៌មាន​ដើម្បី​កេងចំណេញ​ប្រយោជន៍​ផ្នែក​នយោបាយ​។ គួបផ្សំ​នឹង​ការកើនឡើង​បណ្ដាញ​សង្គម ព្រម​គ្នា​នឹង​កំណើន​អ្នកប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ផង​នោះ ព័ត៌មាន​ក្លែងបន្លំ​បាន​រីក​សាយភាយ​កាន់តែខ្លាំង​គួរ​ឲ្យ​ព្រួយបារម្ភ​។​
 
​ជាមួយនឹង​បញ្ហា​ជាច្រើន​កើតចេញពី​ព័ត៌មាន​ក្លែងបន្លំ​នេះ អ្នកចូលរួម​ទាំងអស់​បានលើកឡើង​ជា​គំនិត​យោបល់​ជាច្រើន​ដើម្បី​ដោះស្រាយ​ការប្រឈមមុខ​មួយ​នេះ​។ ការជំរុញ​អក្ខរកម្ម​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​កត្តា​សំខាន់​ក្នុង​ការពង្រឹង​ប្រសិទ្ធភាព និង​គុណភាព​នៃ​ព័ត៌មាន ក្នុង​យុគសម័យ​ដែល​ព័ត៌មាន​ក្លែងបន្លំ​រាលដាល​ឆាប់រហ័ស​។ ជាមួយគ្នានេះ ការបង្កើត​ស្តង់ដា​ព័ត៌មាន​រួមមួយ​ក្នុង​តំបន់ ក៏​អាចជា​ចំណាត់ការ​មួយ​ក្នុងការ​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត​ដែរ​។​
 
​មិនមែន​តែ​អ្នកសារព័ត៌មាន និង​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់​ក្នុង​វិស័យនេះ​ត្រូវ​ដើរតួនាទី​ដោយផ្ទាល់​ឡើយ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ក៏មាន​ចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ​ដែរ ជាពិសេស​បណ្ដាញ​សង្គម Facebook តែម្ដង​។ ភាគច្រើន​នៃ​ប្រទេស​ក្នុង​តំបន់ ព័ត៌មាន​មិន​ពិត​បាន​ហូរហៀ​ដោយសារ​បណ្ដា​សង្គម​មួយ​នេះ​តែម្ដង​។ បណ្ដា​ក្រុមហ៊ុន​ទាំងនេះ ក៏ត្រូវ​ពង្រឹងសមត្ថភាព​តាមដាន និង​វាយតម្លៃ​ព័ត៌មាន​ទាំងឡាយ​ដែល​ត្រូវបាន​បង្ហោះ​ក្នុង​ប្រព័ន្ធ​របស់ខ្លួន​ដែរ​៕

 

Tag:
 អាស៊ាន​
  Fake News
© រក្សាសិទ្ធិដោយ thmeythmey.com