អន្តរជាតិ
មិត្ត​តៃវ៉ាន់​ចុងក្រោយ​នៅ​អាហ្វ្រិក​អ៊ី​ស្វា​ទី​នី ស្នើ​ឲ្យ UN ផ្តល់ឱកាស​តៃវ៉ាន់​ចូលរួម​សកម្មភាព​ជាមួយ​គេ​ផង​
01, Oct 2018 , 9:51 am        
រូបភាព
ដោយ:
​ភាព​ស្មើមុខស្មើមាត់​នៅក្នុង​អង្គប្រជុំ​ប្រចាំឆ្នាំ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ បានផ្តល់​ឲ្យ​ឱកាស​ដល់​រដ្ឋ​មិនសូវមាន​ឥទ្ធិពល​ដូចជា​អ៊ី​ស្វា​ទី​នី​បាន​លើក​ពី​តម្រូវការ​របស់ខ្លួន និង​តម្រូវការ​សម្រាប់​តំបន់​ទៅកាន់​សហគមន៍​អន្តរជាតិ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ៊ី​ស្វា​ទី​នី ថែមទាំង​បាន​ឆ្លៀតឱកាស​បង្ហាញ​ពី​ភាព​ស្មោះ​ស្ម​គ្រ័​ទៅកាន់​តៃវ៉ាន់ ដែល​កំពុងតែ​ប្រឈម​នឹង​ការបាត់បង់​ដៃគូ​សហប្រតិបត្តិ​ការ​ជា​បន្តបន្ទាប់​។​


 
​នៅពេលដែល​ទទួលបាន​ឱកាស​ក្នុងការ​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​២៨ កញ្ញា ព្រះមហាក្សត្រ​ស្វា​ទី​នី Mswati III បានស្នើ​ឲ្យ​អង្គការសហប្រជាជាតិ​ផ្តល់ឱកាស​ឲ្យ​ប្រទេស​អាហ្វ្រិក ដែល​ពិភពលោក​កន្លងមក​ស្គាល់​ថា​ជា​បណ្តុំ​ប្រទេស​ក្រីក្រ ចូលរួម​បំពេញបេសកកម្ម​ការងា​រ​កាន់តែច្រើន​តាមរយៈ​អង្គភាព​ដ៏​មាន​ឥទ្ធិពល​របស់​អង្គការសហប្រជាជាតិ គឺ​ក្រុមប្រឹក្សាសន្តិសុខ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ទោះ​ទៅដល់​វេទិកា​ពិភពលោក ដែល​ប្រជុំ​ទៅដោយ​សម្ព័ន្ធមិត្ត​របស់​ចិន​នៅ​ទីនោះ​ក៏ដោយ ប្រមុខរដ្ឋ​អ៊ី​ស្វា​នី មិនរ​អារ​នឹង​លើក​ឈ្មោះ​តៃវ៉ាន់​ឡើយ​។ ប្រមុខរដ្ឋ​អង្គ​នេះ បានស្នើ​ត្រង់ៗ​ឲ្យ​អង្គការសហប្រជាជាតិ ដែល​កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល​នៃ​ការចរចា​ពី​ការកែទម្រង់​ផ្តល់ឱកាស​តៃវ៉ាន់ ចូលរួម​បំពេញ​សកម្មភាព​ដូច​បណ្តា​ប្រទេស​ដទៃទៀត​ផង​។​

«​រាជាណាចក្រ​អ៊ី​ស្វា​ទី​នី សូមបញ្ជាក់​ជាថ្មី​ពី​ជំហរ​ដែល​គ្មាន​ការ​ងាករេ​ក្នុងការ​ទទូច​ឲ្យ​អង្គការសហប្រជាជាតិ​ផ្តល់ សាធារណរដ្ឋ​ចិន ឬ តៃវ៉ាន់ នូវ​ឱកាស​ក្នុងការ​ចូលរួម និង​ផ្តល់​ចំណែក​ក្នុង​ប្រព័ន្ធ​អភិវឌ្ឍ​អង្គការសហប្រជាជាតិ​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​ប្រមុខរដ្ឋ​អ៊ី​ស្វា​ទី​នី ដែល​ទើបតែ​ផ្លាស់ប្តូរ​ឈ្មោះ​ពី​ស្វា​ស៊ី​ឡង់​។​

​ប្រមុខរដ្ឋ​អង្គ​នេះ បាន​ថ្លែងថា បទពិសោធន៍​ល្អៗ​របស់​តៃវ៉ាន់​ក្នុង​វិស័យ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព គួរតែ​ត្រូវបាន​ចាត់ទុកជា​ចំណែក​មួយ​នៃ​ការចូលរួមចំណែក​ការងារ និង​សមាជិកភាព​របស់​អង្គការសហប្រជាជាតិ ហើយ​ប្រជាជន​តៃវ៉ាន់ ក៏​គួរតែ​ត្រូវបាន​យកចិត្តទុកដាក់ តាមរយៈ​មូលបទ​ថ្មី​នៃ​ការធ្វើ​ឲ្យ​អង្គការសហប្រជាជាតិ​ផ្សារភ្ជាប់​ជាមួយនឹង​ប្រជាជន​សកល​ផងដែរ​។​

​គួរ​ជម្រាប​ផងដែរ អ៊ី​ស្វា​ទី​នី គឺជា​រដ្ឋ​ក្នុង​តំបន់​អាហ្វ្រិក​តែមួយគត់ ដែល​នៅតែ​បន្ត​រក្សា​ចំណងមិត្តភាព​ជាមួយនឹង​តៃវ៉ាន់ ខណៈ​រដ្ឋ​ផ្សេងទៀត បានសម្រេច​បោះបង់​តៃវ៉ាន់ ហើយ​ទៅ​ក្រសោប​ចិន​ដើម្បី​ទទួលបាន​ផលប្រយោជន៍ និង​ជំនួយ​ជាច្រើន​ពី​ចិន​។ បច្ចុប្បន្ន តៃវ៉ាន់ នៅសល់តែ​កល្យាណមិត្ត​១៨​រដ្ឋ​ប៉ុណ្ណោះ ដែល​រក្សា​ភក្តីភាព និង​ចំណងមិត្តភាព​ការទូត​ផ្លូវការ​ជាមួយ​៕ 
 
 

Tag:
 តៃវ៉ាន់​
  អ៊ី​ស្វា​ទី​នី
© រក្សាសិទ្ធិដោយ thmeythmey.com