ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ថា ការចូលរួម​ប្រជុំ​នៅ UN ទទួលបាន​ជោគជ័យ​
01, Oct 2018 , 10:27 am        
រូបភាព
រូបពីទំព័រហ្វេសបុកសម្តេច ហ៊ុន សែន
រូបពីទំព័រហ្វេសបុកសម្តេច ហ៊ុន សែន
​ភ្នំពេញ​៖ ក្រោយ​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​រួច សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាងខ្លី​ថា «​ជោគជ័យ​»​។ ការ​បង្ហោះ​សារ​ពី​ភាពជោគជ័យ​នេះ គឺធ្វើឡើង​នៅពេល​ប្រមុខ​រដ្ឋាភិបាល និង​គណៈប្រតិភូ កំពុងធ្វើដំណើរ​ចេញពី​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ឆ្ពោះ​មកកាន់​ប្រទេស​កម្ពុជា​វិញ​។


 
​បើតាម​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច ហ៊ុន សែន និង​គណៈប្រតិភូ នឹង​មកដល់​កម្ពុជា នៅ​យប់​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨​នេះ​។ មេដឹកនាំ​កម្ពុជា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ការគាំទ្រ​របស់​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស បានផ្តល់​ជា​កម្លាំងចិត្ត​យ៉ាងខ្លាំង​ដល់​រូបខ្ញុំ ជំនួស​ការនឿយហត់​ផ្លូវកាយ ដោយសារ​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​»​។ 
 
​មាន​ខ្លឹម​សារសំខាន់ៗ​ពីរ​យ៉ាង ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា យកទៅ​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨​។ ទីមួយ គឺ​ការបង្ហាញ​ពី​ស្ថានភាព​និង​សមិទ្ធផល​កម្ពុជា ហើយ​ទី​ពីរ ការត្រៀម​កម្លាំង​បន្ថែម​របស់​កម្ពុជា ដើម្បី​បញ្ជូនទៅ​ឲ្យ​អង្គការសហប្រជាជាតិ ក្នុង​ការជួយ​ថែរក្សា​សន្តិភាព​ពិភពលោក​។​
 
​នៅលើ​ទឹកដី​អាមេរិក គេ​ឃើញ​មាន​អ្នកគាំទ្រ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ហើយ​ក៏មាន​អ្នកប្រឆាំង នាំគ្នា​ទៅធ្វើ​បាតុកម្ម​តវ៉ា​ដែរ​។  យ៉ាងណាក៏ដោយ មេដឹកនាំ​កម្ពុជា បញ្ជាក់ថា អ្នក​ទៅ​ប្រឆាំង មាន​ចំនួន​តិចជាង​អ្នក​ទៅ​គាំទ្រ​ខ្លួ​៕ 

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com