អន្តរជាតិ
លោក ប្រា​យុទ្ធ សោកស្ដាយ ក្រោយ​បែកធ្លាយ​វីដេអូ​សន្តិសុខ​ថៃ​វាយ​អ្នកទេសចរ​ចិន
01, Oct 2018 , 9:39 pm        
រូបភាព
រូបភាព The Nation
រូបភាព The Nation
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​ទំនុកចិត្ត​ពី​ទេសចរ​ចិន​ឡើងវិញ បន្ទាប់ពី​ការ​បែកធ្លាយ​វីដេអូ​មួយ​ដែល​សន្តិសុខ​ថៃ​បាន​វាយ​អ្នកទេសចរ​ចិន​នៅឯ​ព្រលានយន្តហោះ​ដន​មឿង​ក្នុង​ទីក្រុង​បាងកក​កាលពី​សប្ដាហ៍​មុន​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ Sansern Kaewkamnerd និយាយថា លោក ប្រា​យុទ្ធ សោកស្ដាយ​ជាខ្លាំង​ចំពោះ​ករណីនេះ បើទោះជា​ហេតុការណ៍​ផ្ដើមចេញពី​ជនជាតិ​ចិន​ក្ដី​។​

 
​ករណី​ហិង្សា​លើ​ជនជាតិ​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ដន​មឿង ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បារម្ភ​យ៉ាងខ្លាំង ជាពិសេស​បារម្ភ​ពី​ផលប៉ះពាល់​លើ​អារម្មណ៍​របស់​ទេសចរ​ចិន​ទៅលេង​ថៃ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍ Sansern Kaewkamnerd នៅ​ថ្ងៃទី​៣០ ខែកញ្ញា​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​រូបនេះ​និយាយថា សកម្មភាព​ហិង្សា​នេះ​បាន​ប៉ះពាល់​មុខមាត់​ប្រទេស​ជាខ្លាំង​។​
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​ផ្សាយ​ពី​ហេតុការណ៍​នេះ​យ៉ាង​ទូលំទូលាយ ហើយ​សន្តិសុខ​ថៃ​ក៏បាន​រង​ការរិះគន់​ខ្លាំង​ផងដែរ​។ បើតាម​កាសែត The Nation សន្តិសុខ​ថៃ​បាន​ទាស់សម្ដី​ជាមួយ​អ្នកទេសចរ​ចិន និង​បាន​លើកដៃ​ប្រុង​វាយ ឯ​ជន​ជាតិចិន​បានគេច​ផុត មុននឹង​សន្តិសុខ​ម្នាក់ទៀត​ចូល​អន្តរាគមន៍​។ ក្រោយ​ហេតុការណ៍​នេះ ក្រុមហ៊ុន​អាកាសយានដ្ឋាន​ថៃ បាន​ព្យួរការងារ​អ្នកចាត់ការ​ព្រលានយន្តហោះ​ដន​មឿង និង​អ្នកចាត់ការ​ផ្នែក​សន្តិសុខ​ម្នាក់​ផង ហើយ​មន្ត្រី​សន្តិសុខ​ដែល​ពាក់ព័ន្ធ​ក្នុងករណីនេះ ក៏ត្រូវ​ព្យួរ​តំណែង ហើយ​អាច​នឹង​បាត់បង់​ការងារ​ផង​។​
 
​ពាក់ព័ន្ធ​ដើមហេតុ​នៃ​ហេតុការណ៍​នេះ ក្រុមហ៊ុន​ខាងលើ​អះអាងថា អ្នកទេសចរ​ចិន​ដែលមាន​ឈ្មោះថា  Mei Ji បាន​ទៅដល់​ព្រលាន​ដន​មឿង តាម​ជើងហោះហើរ​ពី​ក្រុង​ហ្សា​ការ​តា ប៉ុន្តែ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​ទឹកដី​ថៃ​ឡើយ ព្រោះ​គ្មាន​លិខិតបញ្ជាក់​ពី​គោលដៅ​ធ្វើដំណើរ ទីតាំង​ស្នាក់នៅ ឬក៏​ទឹកប្រាក់​គ្រប់គ្រាន់​សម្រាប់​ការ​ស្នាក់នៅ​បាងកក​។ លើសពីនោះ ជនជាតិ​ចិន​រូបនេះ​ក៏​បដិសេធ​រង់ចាំ​ក្នុង​បន្ទប់​ទៅទៀត តែ​ចុងក្រោយ​ក៏បាន​ចាក​ចេញពី​ទឹកដី​ថៃ​ទៅ​។​
 
​តាមរយៈ​លោក Sansern នាយករដ្ឋមន្ត្រី​ថៃ​លើកឡើងថា ទោះជា​ជនជាតិ​ចិន​មិនអាច​បញ្ជាក់​ពី​លិខិតស្នាម​ស្នាក់នៅ ឬ​មិន​រង់ចាំ​ក្នុង​បន្ទប់​ឃុំខ្លួន​ក្ដី ហើយ​បញ្ចេញ​សកម្ម​ភាពមិន​សមរម្យ​ក៏ដោយ សន្តិសុខ​ជនជាតិ​ថៃ​គួរ​គ្រប់គ្រង​អារម្មណ៍ និង​ចាត់វិធានការ​តាមច្បាប់​អន្តរជាតិ​។ លោក Suthirawat Suwannarat អ្នកចាត់ការ​ព្រលានយន្តហោះ​ដែល​ត្រូវបាន​ព្យួរការងារ​នោះ បានទទួល​កំហុស និង​សុំទោស​ទេសចរ​ចិន​។​
 
​ចំណាត់ការ​ឆាប់រហ័ស​របស់​អាជ្ញាធ​រ​ថៃ គឺជា​ការពង្រឹង​ទំនុកចិត្ត​ភ្ញៀវទេសចរ​ចិន ដែលជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ថៃ​។ កាលពី​ឆ្នាំ​២០១៧ អ្នកទេសចរ​ចិន​មាន​ចំនួន​ប្រមាណ​មួយ​ភាគ​បួន​នៃ​ចំនួន​អ្នកទេសចរ​ចំនួន​៣៥​លាន​នាក់​។ ប៉ុន្តែ​ជនជាតិ​ចិន​ទៅលេង​ថៃ បាន​ធ្លាក់ចុះ​ក្រោយ​ហេតុការណ៍​លិច​ទូក​នៅ​ភូ​កេ​ត​ដែល​សម្លាប់​៥២​នាក់​កាលពី​ខែកក្កដា​៕
 

Tag:
 ​ថៃ​
  ចិន​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com