អន្តរជាតិ
មហា​ធៀ ទទូច​ឲ្យ​អាស៊ាន​ពង្រីក​តួនាទី​ជួយ​គាំទ្រ​ឥណ្ឌូណេស៊ី​ដោះស្រាយ​បញ្ហា​ក្រោយ​រញ្ជួយ​ដី​
04, Oct 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៤ ខែតុលា​នេះ​ថា អាស៊ាន​មាន​តួនាទី​ធំ​ក្នុងការ​ចូលរួម​គាំទ្រ និង​ជួយ​ឥណ្ឌូណេស៊ី​ដោះស្រាយ​បញ្ហា​ក្នុងពេល​ប្រទេស​នេះ​ប្រឈម​នឹង​គ្រោះអាសន្ន​ដូច​បច្ចុប្បន្ន​។ ប៉ុន្តែ​លោក​ចង់​ឲ្យ​មានការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​ស​ម្រប​សម្រួល​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ការ​ផ្តល់ជំនួយ​នេះ ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ការបង្កើត​បញ្ហា​បន្ថែម​។​

 
​ថ្លែង​ក្នុងពេល​បើក​កិច្ចប្រជុំ​លើក​ទី ៣៣ នៃ​គណៈកម្មការ​អាស៊ាន​ទទួលបន្ទុក​ការគ្រប់គ្រង​គ្រោះមហន្តរាយ (ACDM) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​គ្រប់គ្រង​គ្រោះមហន្តរាយ​លើក​ទី​ប្រាំមួយ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ  លោក មហា​ធៀ បាន​អះអាងថា លោក​ចង់​ឲ្យ​អាស៊ាន​ជួយ​ឥណ្ឌូណេស៊ី ព្រោះ​អង្គការ​តំបន់​នេះ​មាន​តួនាទី​ចម្បង​ក្នុងការ​សម្របសម្រួល និង​ផ្តល់ជំនួយ​ដល់​ឥណ្ឌូណេស៊ី​ក្នុងពេល​ជួប​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​បែបនេះ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama លោក មហា​ធៀ បាន​បញ្ជាក់ថា ក្នុងនាម​ជា​ប្រទេសជិតខាង គេ​មិនអាច​រង់ចាំ​អង្គុយ​មើល ឥណ្ឌូណេស៊ី​ប្រឈម​បញ្ហា​ឡើយ​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា រាល់​ការប៉ុនប៉ង​ជួយ​នេះ​ត្រូវតែ​ធ្វើឡើង​ដោយមាន​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាក់លាក់ និង​សម្របសម្រួល​ត្រឹមត្រូវ​ផង​។​
 
​នាយករដ្ឋមន្ត្រី​វ័យ ៩៣​ឆ្នាំ​រូបនេះ​ពន្យល់ថា បើ​គ្មាន​ការរៀបចំ​ច្បាស់លាស់​បែបនេះ​ទេ វា​នឹង​បង្កើត​ប​ញ្ហា្ក​ា​ន់​តែ​ច្រើន និង​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ស្មុគស្មាញ ឬ​បង្អាក់​ដល់​ប្រតិបត្តិការ​ជួយសង្គ្រោះ​ទៅវិញ​ទេ​។​
 
«​វា​ច្បាស់​ណាស់​ថា ក្រោម​កាលៈទេសៈ​នេះ គណៈកម្មការ​អាស៊ាន​គ្រប់គ្រង​គ្រោះមហន្តរាយ​មាន​តួនាទី​ធំ​ណាស់​។ ប៉ុន្តែ​រាល់​ការប៉ុនប៉ង​ជួយ​ដោយ​គ្មាន​ការសម្របសម្រួល និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​ទេ​នឹង​នាំ​ឲ្យ​ស្ថានការណ៍​កាន់តែ​រញ៉េរញ៉ៃ​។ ជំនួស​ឲ្យ​ការជួយ យើង​បាន​ត្រឹម​បង្កបញ្ហា​កាន់តែច្រើន​ដល់​ក្រុមការងារ​ដែល​បំពេញ​ប្រតិ​ប​តិ្ត​ការសង្គ្រោះ​ទៅវិញ​»​។ លោក មហា​ធៀ និយាយ​ដូច្នេះ​។ 
 
​លោក មហា​ធៀ ក៏បាន​ឆ្លៀតឱកាស​លើកសរសើរ​ពី​យន្តការ​ក៏ដូចជា​លិខិតបទដ្ឋាន​អាស៊ាន​ដែល​បង្កើតឡើង​ដើម្បី​ដោះស្រាយ​ឬ​ឆ្លើយតប​គ្រោះមហន្តរាយ​នេះដែរ​។ លោក​និយាយថា​៖ «​កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ការឆ្លើយតប​បន្ទាន់ (AADMER) បានបង្ហាញ​ឲ្យ​គេ​ឃើញថា វា​ជា​បទបញ្ញត្តិ​ថ្នាក់​តំបន់​ដែលមាន​ការអនុវត្ត​ល្អប្រសើរ​ក្នុង​ពិភបលោក​លោក និង​មាន​លក្ខ​ខណៈ​ពេញលេញ ជឿនលឿន និង​មាន​អនុភាព​គតិយុត្តិ​សម្រាប់​ប្រទេស​ទាំង​ដប់​នៅ​អាស៊ាន​អនុវត្ត​ដែរ​»​។​
 
​ជុំវិញ​ជំហរ​បស់​ម៉ាឡេស៊ី​វិញ បើតាម​នាយករដ្ឋមន្ត្រី​រូបនេះ ម៉ាឡេស៊ី​ត្រៀម​កំពុង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​បញ្ជូន​ក្រុម​រុករក និង​សង្គ្រោះ និង​ជំនួយ​មនុស្សធម៌​ទៅកាន់​ឥណ្ឌូណេស៊ី​។ ពេលនេះ ម៉ាឡេស៊ី​ក៏បានផ្តល់​ជា​ជំនួយ​មនុស្សធម៌​មានតម្លៃ​ប្រមាន ២៤​ម៉ឺន​ដុល្លារ​ទៅកាន់​មូលនិធិ​ជំនួយ​ទ្រទ្រង់​ប្រជាជន​នា​កោះ Sulawesi ដែរ​។​
 
 
​តាមពិតទៅ កោះ Sulawesi រង​ការវាយប្រហារ​ដោយសារ​ការរញ្ជួយ​ដី​កម្រិត ៧,៥ រ៉ិ​ច​ទ័​រ​កាលពី​ថ្ងៃ​សុក្រ និង​មាន​រលក​យក្ស​ស៊ូណាមិ​ផង​។ មនុស្ស​យ៉ាងហោចណាស់ ១៤០០​នាក់​បាន​ស្លាប់ ហើយ​ជិត ២​សែន​នាក់​រង​ផលប៉ះពាល់​និង​កំពុង​ទន្ទឹងរង់ចាំ​ជំនួយ​។ ក្រៅពី​ក្រុង Palu តំបន់​ផ្សេងទៀត​នៅលើ​កោះ Sulawesi មានដូចជា Donggala និង Sigi ក៏​រងគ្រោះ​ដូចគ្នា​ដែរ ។ 
 
​ត្រឡប់មកវិញ នាយករដ្ឋមន្ត្រី​ចាស់​ជាងគេ​លើ​លោក លោក មហា​ធៀ នេះ​បាន​អះអាង​បន្ថែមថា បញ្ហា ដែល​កើតឡើង​នេះ​មិនគួរ​ត្រឹមតែ​ត្រូវ​ចាត់ទុកជា​គ្រោះមហន្តរាយធម្មជាតិ​ប៉ុណ្ណោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គួរតែ​ស្ថិតក្រោម​ការវាយតម្លៃ​ដោយ​ផ្អែកលើ​សន្តិសុខ​មនុស្សជាតិ និង​ជម្លោះ​ផង​ព្រោះ​វា​បង្ក​ការខូចខាត​ធំធេង​។​
 
​លោក មហា​ធៀ ក៏បាន​លើក​របាយការណ៍​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​មួយចំនួន​ដែល​បាន​បង្ហាញថា ចាប់ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១៧ អាស៊ី​ប៉ាស៊ីហ្វិក​បានក្លាយ​ជា​តំបន់​ដែល​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ខ្លាំងជាងគេ  ហើយ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើនជាងគេ​ដែរ​។   
 

Tag:
 មហា​ធៀ មហាម៉ាត់​
  Palu
  ឥណ្ឌូណេស៊ី​
  ស៊ូណាមិ​
  រញ្ជួយ​ដី
© រក្សាសិទ្ធិដោយ thmeythmey.com