អន្តរជាតិ
អាមេរិក​ទាត់ចោលកិច្ច​ព្រមព្រៀង​មិត្តភាព​ជាមួយ​អ៊ីរ៉ង់ ក្រោយ​តុលាការ ICJ កាត់ក្តី​ឲ្យ​ចាញ់​អ៊ីរ៉ង់
05, Oct 2018 , 8:39 am        
រូបភាព
​អាមេរិក​ប្រកាស​បញ្ចប់​សមាជិកភាព​ក្នុង​កិច្ចព្រមព្រៀង​មិត្តភាព​ដែល​បង្កើត​ជាមួយ​អ៊ីរ៉ង់​កាលពី​ឆ្នាំ ១៩៥៥​។ ការប្រកាស​នេះ​ធ្វើឡើង​ដោយ​ឆ្លើយ​នឹង​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​ទាមទារ​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ដែល​ខ្លួន​ដាក់​ប្រឆាំង​អ៊ីរ៉ង់​ក្រោយ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ (JCPOA) ក្នុង​ខែឧសភា​។

 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានប្រកាស​នៅ​ថ្ងៃ​ពុធ​ទី ៣ ខែតុលា​ថា អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី​ចំណងមិត្តភាព ទំនាក់ទំនង​សេដ្ឋកិច្ច និង​សិទ្ធិ​កុងស៊ុល (Amity, Economic Relations and Consular Rights Treaty)​ដែល​បង្កើត​ក្នុង​ឆ្នាំ ១៩៥៥​ជាមួយ​អ៊ីរ៉ង់​ហើយ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ការទូត​អាមេរិក​រូបនេះ​បានប្រកាស​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ជាមួយ​អ៊ីរ៉ង់​នេះ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) កាត់ក្តី​ឲ្យ​អ៊ីរ៉ង់​មានប្រៀប​ហើយ​បញ្ជា​ឲ្យ​អាមេរិក​លើក​រាល់​ទណ្ឌកម្ម​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​ប្រភេទ​ទំនិញ​មនុស្សធម៌​ដូចជា​ស្បៀង ឧស​ថ និង​សម្ភារ​ធានា​សុវត្ថិភាព​អាកាសចរណ៍​ជាដើម​ដែល​ខ្លួន​បានដាក់​ប្រឆាំង​អ៊ីរ៉ង់​ឡើងវិញ​ក្នុង​ខែឧសភា​នោះ​។​
 
​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៤៦ តុលាការ​យុត្តិធម៌​អន្តរជាតិ​មានអំណាច​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ​និង​រដ្ឋ ដោយ​ភាគី​ឯកភាពគ្នា​ទទួលយក​យុត្តាធិការ​តុលាការ​។ យ៉ាងណាក៏ដោយ វា​មិនមែនជា​រឿង​ថ្មី ឬ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ដែល​អាមេរិក​មិន​ទទួលយក​ការសម្រេច​របស់​តុលាការអន្តរជាតិ ព្រោះ​ថ្វីបើ​សេចក្តីសម្រេច​របស់​តុលាការ​នេះ​មាន​អនុភាព​គតិយុត្តិ​ក៏ដោយ តុលាការ​នេះ​គ្មាន​អំណាច​ចាប់បង្ខំ​ឲ្យ​ភាគី​អនុវត្ត​ឡើយ​។ 
 
​គេ​ធ្លាប់​ឃើញ​ម្តង​ហើយ សហរដ្ឋអាមេរិក​ធ្លាប់​ទាត់ចោល​សេចក្តីសម្រេច​របស់​តុលាការ​ឆ្នាំ ១៩៨៦ ដែល​កាត់ក្តី​ឲ្យ​មហាអំណាច​នេះ​ចាញ់​ប្រទេស​នី​កា​រ៉ា​ហ្គា​នោះ​។​
 
​ដោយឡែក ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិល​លោក ច​ន បុល​តុ​ន បានបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​អាមេរិក​ត្រួតពិនិត្យ​ឡើងវិញ​រាល់​កិច្ចព្រមព្រៀង​ទាំងអស់​ដែល​ធ្វើ​ឲ្យ​អាមេរិក​ត្រូវមាន​កាតព្វកិច្ច​ទទួល​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​។ ទាំង​អស់លោក បុល​តុ​ន និង​លោក ប៉ុ​ម​ប៉េ​អូ ក៏​នាំគ្នា​ទាត់ចោល​រាល់​ការអះអាង​របស់​អ៊ីរ៉ង់​ដែល​ចោទប្រកាន់​ខ្លួន និង​បដិសេធ​សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ​ដូចគ្នា​។​
 
​សូម​រម្លឹក​បន្តិច​ដែរ​ថា អ៊ីរ៉ង់​បាន​ប្តឹង​អាមេរិក​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាលពី​ខែកក្កដា​ដោយ​សម្អាងថា ការដកខ្លួន​របស់​អា​មេ​រិ​ក​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ (JCPOA) និង​ប្រកាស​ដាក់ទណ្ឌកម្ម​ប្រឆាំង​ខ្លួន​ឡើងវិញ​ជាការ​បំពាន​លើ​សន្ធិសញ្ញា​ទ្វេភាគី ស្តីពី​ចំណងមិត្តភាព​នេះ​។ សន្ធិសញ្ញា​នេះ​ត្រូវបាន​ចុះ​រួមគ្នា​រវាង​អាមេរិក​ក្រោម​អាណត្តិ​ដឹកនាំ​របស់​ប្រធានាធិបតី Dwight D. Eisenhower និង​អ៊ីរ៉ង់​ដឹកនាំ​ដោយ​មហាក្សត្រ Mohammad Reza Pahlavi នៅ​ឆ្នាំ ១៩៥៥ ជាច្រើន​ទសវត្ស​ន៍​មុន​មាន​បដិវត្តន៍​ឥស្លាម​នៅ​អ៊ីរ៉ង់​ឆ្នាំ ១៩៧៩​ដែល​បញ្ចប់​របបរាជានិយម​ដែល​ស្និទ្ធ​នឹង​អាមេរិក​នោះ​។ 
 
​ក្រោយ​លោក ត្រាំ បានសម្រេច​ចាកចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ចុះហត្ថលេខា​ដោយ​អតីត​ប្រធានាធិបតី បា​រ៉ា​ក់​អូ​បា​ម៉ា ទណ្ឌកម្ម​អាមេរិក​ទាំង​អម្បាលម៉ាន​ដែល​ត្រូវបាន​លើកលែង​ក្រោម​អំណាច​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ បាន​ចូល​ជា​ធរមាន​ឡើងវិញ​នៅ​ដើមខែ​សីហា​។ ចំណែក​ទណ្ឌកម្ម​ជំហាន​ទី​ពីរ​នឹង​ចូល​ជាធរ​មាននៅ​ដើមខែ​វិច្ឆិកា​ខាងមុខ​ដោយមាន​គោលដៅ​ប្រឆាំង​វិស័យ​សំខាន់ៗ​ដែលជា​ដង្ហើម​សេដ្ឋកិច្ច​អ៊ីរ៉ង់​មានដូចជា​ធនធាន​ប្រេង និង​ថាមពល​នោះ​។​
 
​ប៉ុ​ម​ប៉េ​អូ​៖ អាមេរិក​គួរ​ដកខ្លួន​ពី​សន្ធិសញ្ញា​មិត្តភាព​នេះ​តាំងពី ៣៩​ឆ្នាំមុន​
 
​ត្រឡប់មកវិញ ក្នុងពេល​ជាមួយគ្នា​នោះដែរ លោក ប៉ុ​ម​ប៉េ​អូ បាន​បញ្ជាក់ថា ការបញ្ចប់​សមាជិកភាព​របស់​អា​មេ​រិ​ក្នុង​កិច្ចព្រមព្រៀង​មិត្តភាព​ទ្វេភាគី​ជាមួយ​អ៊ីរ៉ង់​នេះ​គួរតែ​ត្រូវធ្វើ​តាំងពី ៣៩​ឆ្នាំមុន​ម្ល៉េះ​។ ៣៩​ឆ្នាំមុន លោក​សំដៅលើ​ពេលដែល​បដិវត្តន៍​ឥស្លាម​កើតឡើង​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​ផ្តួលរំលំ​របប​ដឹកនាំ​រាជានិយម​ផ្តាច់ការ​ស្និទ្ធ​នឹង​ក្រុង​វ៉ាស៊ីនតោន​។​
 
​កិច្ចព្រមព្រៀង​មិត្តភាព​នេះ​នៅតែ​មានជីវិត បើទោះជា​ទំនាក់ទំនង​រវាង​អាមេរិក​និង​អ៊ីរ៉ង់​ធ្លាក់​ដល់​កម្រិត​សូន្យ និង​ឈានទៅរក​ភាព​ល្វីង​ជូរចត់ ហើយ​អ៊ីរ៉ង់​បាន​ក្លា​ជាស​ត្រូវ​អាមេរិក​ទៀត​។ ឧទាហរណ៍​នៅ​ខែវិច្ឆិកា​ឆ្នាំ ១៩៧៩ វា​មាន​ចលនា​កុប្បកម្ម​ដណ្តើម​កាន់កាប់​ស្ថានទូត​អាមេរិក​នៅ​ក្រុង​តេ​អ៊ីរ៉ង់ និង​ចាប់​ជនជាតិ​អាមេរិក ៥២​នាក់​ជា​ចំណាប់ខ្មាំង​អស់​ពេល ៤៤៤​ថ្ងៃ​។ 
 
​ក្រោយមកទៀត កិច្ចព្រមព្រៀង​នេះ​នៅ​បន្ត​នៅ​ជា​ធរមាន ថ្វីបើ​អាមេរិក​បានចាប់ផ្តើម​យុទ្ធនាការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​និង​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​សាធារណរដ្ឋ​ឥស្លាម​នេះ​ជា​បន្តបន្ទាប់​ក៏ដោយ​។ ម្យ៉ាង​រឿង​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​គឺ​យោធា​អាមេរិក​បាន​បាញ់​ទម្លាក់​យន្តហោះ​ដឹកនាំ​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ីរ៉ង់​ដែល​ដឹក​មនុស្ស ២៩០​នាក់​ផង​នៅ​ឆ្នាំ​១៩៨៨​។​
 

Tag:
 អ៊ីរ៉ង់​
  អាមេរិក​
  ICJ
© រក្សាសិទ្ធិដោយ thmeythmey.com