កីឡាជាតិ
ជាតិ
សឿត ណា​វ៉ា ជា​យុវជន​សាលា​បាល់ទាត់​ជាតិ​ម្នាក់ទៀត ដែល​ចូលរួម​ជាមួយ​បឹងកេត​
05, Oct 2018 , 8:59 am        
រូបភាព
កីឡាករ សឿត ណាវ៉ា ពេលបង្ហាញខ្លួនជាមួយក្លិបបឹងកេតក្រោយចុះកិច្ចសន្យារួច
កីឡាករ សឿត ណាវ៉ា ពេលបង្ហាញខ្លួនជាមួយក្លិបបឹងកេតក្រោយចុះកិច្ចសន្យារួច
ដោយ:
​ខ្សែការពារ សឿត ណា​វ៉ា នៅ​ថ្ងៃទី​៤ ខែតុលា​នេះ បាន​ចុះកិច្ចសន្យា​២​ឆ្នាំ​លេង​ឲ្យ​ក្លិប​បឹងកេត បន្ទាប់ពី​រូបគេ​ផុត​កិច្ចសន្យា​ជាមួយ​សាលា​បាល់ទាត់​ជាតិ​បាទី​។ ណា​វ៉ា បាន​ក្លាយជា​ម្ចាស់​អាវ​លេខ​៥ ជំនួស​កីឡាករ សុខ សុវណ្ណ ដែល​បាន​ចាក​ចេញទៅ​រួមរស់​ជាមួយ​វិសាខា​កាលពី​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៨​។

 
​សឿត ណា​វ៉ា ជា​កីឡាករ​មកពី​សាលា​បាល់ទាត់​ជាតិ​បាទី​ទី​២ ដែល​បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​បឹងកេត បន្ទាប់ពី​អ្នកចាំទី ហ៊ុល គឹម​ហ៊ុយ បាន​ចុះកិច្ចសន្យា​កាលពី​ថ្ងៃទី​២ ខែតុលា កន្លងទៅ​។ បើតាម​លោក បែ មករា ចាត់ការ​ទូទៅ​ក្លិប​បឹងកេត ទាំង​កីឡាករ សឿត ណា​វ៉ា និង ហ៊ុល គឹម​ហ៊ុយ សុទ្ធតែ​បាន​ចុះកិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ដូចគ្នា​។​
 
​កីឡាករ សឿត ណា​វ៉ា ជា​អតីត​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ ១៨​ឆ្នាំ និង​១៩​ឆ្នាំ​។ ការ​មក​ចូលរួម​ជាមួយ​បឹងកេត បន្ទាប់ពី​រូបគេ​ផុត​អាយុ​លេង​ឲ្យ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​។ «​សហព័ន្ធ​បាន​រំលាយ​កីឡាករ​យុវជន​របស់​បាទី​ជាង​១០​នាក់ ដោយ​ពួកគេ​ត្រូវផុត​អាយុ​ស់​នៅ​សាលា​ល​បាល់​ជាតិ​បាទី​។ ហើយ​សហព័ន្ធ​បាន​ប្រាប់​ទៅ​បណ្តា​ក្លិប​ឲ្យ​ទំនាក់ទំនង​ទៅ​កីឡាករ​ផ្ទាល់ បើ​ចង់បាន​កីឡាករ​ណាមួយ​មក​ចូលរួម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក បែ មករា ពី​ហេតុផល​ដែល​យុវជន​បាទី​មក​ចូលរួម​ជាមួយ​ក្លិប​អាជីព​។ 
 
​ក្រៅពី​កីឡាករ​ទាំង​ពីររូប​ខាងលើ អ្នកចាត់ការ​ទូទៅ​រូបនេះ​កំពុង​សម្លឹង​កីឡាករ​យុវជន​បាទី​ផ្សេង​ទៅ ដើម្បី​ចូលរួម​ជាមួយ​ក្លិប​បឹងកេត​។ ក្រៅពីនេះ លោក​ក៏​កំពុង​សម្លឹងមើល​កីឡាករ​ល្អៗ​នៅតាម​អាជីព​មួយចំនួនទៀត​ផងដែរ​។ សម្រាប់​លោក បែ មករា ការ​ងាក​មករក​កីឡាករ​យុវជន​បាទី​នេះ ដោយសារ​ពួកគេ​មាន​សមត្ថភាព និង​ទេពកោសល្យ​ល្អ​។ ម្យ៉ាងទៀត​ចង់​ផ្តល់ឱកាស​ឲ្យ​ពួកគេ​បានបង្ហាញ​សមត្ថភាព​ជាមួយ​ក្លិប​អាជីព ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​៕  
 

Tag:
 បាល់ទាត់​
  សឿត ណា​វ៉ា​
  បឹងកេត​
© រក្សាសិទ្ធិដោយ thmeythmey.com