ជាតិ
បុណ្យភ្ជុំបិណ្ឌ
ព្រះពុទ្ធ ប្រសូត ត្រាស់ដឹង និង​ចូល​និព្វាន សុទ្ធតែ​នៅក្រោម​ដើមឈើ
10, Oct 2018 , 9:59 pm        
រូបភាព
ដើមរាំងប្រសូត
ដើមរាំងប្រសូត
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដើមឈើ​២​ប្រភេទ គឺ​ដើម​សាលព្រឹក្ស និង​ដើម​ពោធិព្រឹក្ស ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជីវិត​របស់​ព្រះសម្មាសម្ពុទ្ធ​។ ព្រះពុទ្ធ ទ្រង់​ប្រសូត និង​ទ្រង់​បរិនិព្វាន នៅក្រោម​ដើម​សាលព្រឹក្ស ដែល​ប្រជាពលរដ្ឋ​ខ្មែរ ទម្លាប់​ហៅថា ដើម​រាំង​ប្រសូត ហើយ​ទ្រង់​ត្រាស់ដឹង នៅក្រោម​ដើម​ពោធិព្រឹក្ស​។​


 
​នៅមុន​គ្រិស្តសករាជ​៦២៤​ឆ្នាំ ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រសូត​ឡើង​ក្នុង​លោក​។ ព្រះអង្គ ទ្រង់​ចាប់បដិសន្ធិ​ក្នុង​ផ្ទៃ​នៃ​ព្រះ​នាង​សិរិ​មហាមាយា ជា​ព្រះ​អគ្គមហេសី​នៃ​ព្រះបាទ​សុទ្ធោទនៈ ដែល​គ្រងរាជ្យ​នៅ​នគរ​កបិលវត្ថុ ក្នុងប្រទេស​ឥណ្ឌា​។ ថ្វី​ដ្បិត​បដិសន្ធិ​ក្នុង​ត្រកូល​ក្សត្រ​មែន តែ​ព្រះអង្គ ទ្រង់​មិន​ប្រសូត​ក្នុង​ព្រះរាជវាំង​នោះទេ គឺ​ព្រះអង្គ ទ្រង់​ប្រសូត​នៅក្រោម​ដើម​សាលព្រឹក្ស​។ 
 
​លុះដល់​ព្រះជន្ម​២៩​ព្រះវស្សា ព្រះអង្គ ក៏​លួច​ចេញទៅ​សាង​ព្រះ​ផ្នួស​។ ក្រោយ​សាង​ព្រះ​ផ្នួស បាន​៦​ព្រះវស្សា ព្រះអង្គ ទ្រង់​ត្រាស់​ជា​ព្រះពុទ្ធ នៅក្រោម​ដើមឈើ​មួយ​ប្រភេទ ដែល​ហៅថា ដើម​ពោធិព្រឹក្ស​។ បន្ទាប់ពី​ត្រាស់ដឹង​អស់​រយៈពេល​៤៥​ព្រះវស្សា ព្រះអង្គ ក៏​ឈានដល់​ព្រះជន្ម​៨០​ព្រះវស្សា ហើយក៏​បរិនិព្វាន (​ស្លាប់​) នៅក្រោម​ដើម​សាលព្រឹក្ស​។ 
 
​ដោយសារតែ​ដើម​សាលព្រឹក្ស និង​ដើម​ពោធិព្រឹក្ស ជាប់​ពាក់ព័ន្ធ​នឹង​ជីវិត​ព្រះពុទ្ធ ទើប​ប្រជាពលរដ្ឋ​ខ្មែរ មាន​ជំនឿ និង​គោរព​ចំពោះ​ដើមឈើ​ទាំង​២​នេះ ជាពិសេស​ដើម​ពោធិព្រឹក្ស​។ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ មិនសូវ​ហ៊ាន​កាប់ ឬ​កាច់​មែកឈើ​ទាំង​២​ប្រភេទ​នេះ ផ្តេសផ្តាស់​នោះទេ​។ 
 
​បើទោះបីជា​ប្រជាពលរដ្ឋ​ខ្មែរ មាន​ជំនឿ​លើ​ដើម​សាលព្រឹក្ស និង​ដើម​ពោធិព្រឹក្ស​ក៏ពិតមែន តែ​ដើមឈើ​ទាំង​២​ប្រភេទ​នេះ មិនសូវមាន​ដាំ​ដុះ​កុះករ​ច្រើន​កន្លែង​ដូចដើម​ឈើ​ដទៃ​ឡើយ​។

មាន​មូលហេតុ​មួយចំនួន ដែល​ដើមឈើ​ទាំង​២​នេះ មិនសូវមាន​ដាំ​ដេរដាស់​ដូចដើម​ឈើ​ដទៃ​៖
 
​ទី​១. កាលពី​បុរាណសម័យ ដើមឈើ​ទាំង​២​នេះ មាន​ដើមកំណើត នៅឯ​ប្រទេស​ឥណ្ឌា មិនមាន​ក្នុងប្រទេស​កម្ពុជា​ទេ​។ លុះ​សម័យ​ក្រោយៗ​មក ទើប​ដើមឈើ​ទាំង​២​នេះ ត្រូវបាន​នាំមក​កម្ពុជា​។ 
 
​ទី​២. ដើមឈើ​ទាំង​២​នេះ ច្រើនតែ​ដាំ​ក្នុង​វត្ត​អារាម មិនសូវ​ដាំ​ពោរ​ពាស​តាម​កន្លែង​ផ្សេងៗ​នោះទេ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ មានជំនឿថា ដើមឈើ​នេះ ទាល់តែ​ដាំ​ក្នុង​វត្ត ទើប​ពូកែ​សក្តិ​សិទ្ធិ​។ ផ្កា​ដើម​រាំង​ប្រសូត អាច​យក​ធ្វើ​ថ្នាំ​សម្រាប់​ស្ត្រី​កូនខ្ចី​ដ៏​មាន​ប្រសិទ្ធភាព​។ ចំណែក ដើម​ពោធិព្រឹក្ស នាំ​ឲ្យ​មាន​បារមី​កាន់ ព្រោះ​មាន​ពពួក​ទេវតា​ទាំងឡាយ​ស្នាក់អាស្រ័យ​។ 
 
​ប្រសិនបើ​ដាំ​នៅក្រៅ​ទីវ​ត្ត​អារាម ផ្ការាំង​ប្រសូត​នេះ មិនសូវ​ពូកែ​សក្ដិ​សិទ្ធិ​ឡើយ ហើយ​ដើម​ពោធិព្រឹក្ស អាចមាន​ព្រាយ​បិសាច​ស្នាក់អាស្រ័យ ដែលជា​ហេតុ​នាំ​ឲ្យ​កើត​មានរឿង​អពមង្គល​ដល់​អ្នកស្រុក​ទៀតផង​។ 
 
​ទី​៣. មិន​ថា​នៅ​កម្ពុជា​នោះទេ សូម្បីតែ​នៅ​ប្រទេស​ឥណ្ឌា និង​ប្រទេស​នានា​នៅ​អាស៊ីអាគ្នេយ៍ ក៏​គេ និយម​ដាំ​តែ​ក្នុង​វត្ត​អារាម​ដែរ ព្រោះ​ដើមឈើ​ទាំង​២​នេះ ទាក់ទង​នឹង​ពុទ្ធសាសនា​។ ដើម​ពោធិព្រឹក្ស គឺជា​វត្ថុ​១ ក្នុងចំណោម​វត្ថុ​ទាំង​៥ ដែល​តំណាង​ឲ្យ​ព្រះពុទ្ធសាសនា​។ វត្ថុ​ទាំង​៤​ទៀត គឺ ព្រះពុទ្ធ​ប្បដិមា ព្រះ​ចេតិយ ព្រះធម៌ និង ព្រះ​សារីរិកធាតុ​។ 
 
​មូលហេតុ​ទាំងនេះហើយ បានជា​ដើមឈើ​ទាំង​២​ប្រភេទ មិនសូវ​ឃើញ​មាននៅ​តាម​ទី​ដទៃ​ដូច​ដើមឈើ​ផ្សេងៗ​។ សូម្បីតែ​ក្នុងព្រៃ ក៏​មិនសូវមាន​ដើមឈើ​នេះដែរ ជាពិសេស​នៅ​កម្ពុជា តែម្តង​៕

Tag:
 ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com