អន្តរជាតិ
លោក ផេ​ន ចោទ​ចិន​ថា ចង់បាន​ប្រធានាធិបតី​ផ្សេង​ពី​លោក ត្រាំ តែ​ចិន​បដិសេធ​
05, Oct 2018 , 1:27 pm        
រូបភាព
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន (រូបភាព AFP)
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន (រូបភាព AFP)
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន នៅ​ថ្ងៃទី​៤ ខែតុលា បាន​ចោទប្រកាន់​ចិន​ជា​ចំហ​ចំពោះ​សកម្មភាព​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង ការ​លួច​កម្មសិទ្ធិបញ្ញា​ផ្នែក​ពាណិជ្ជកម្ម និង​ការកើនឡើង​ការបំពាន​សិទ្ធិមនុស្ស​ក្នុង​ទឹកដី​ចិន​។ លោក ផេ​ន ក៏​ចោទ​ចិន​ថា ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​បំភ័ន្ត​សាធារណមតិ​នៅ​អាមេរិក​មុន​ការបោះឆ្នោត​ពាក់​សភា​នៅ​ខែក្រោយ និង​ចង់​ប្ដូរ​លោក ដូ​ណា​ល់ ត្រាំ ផង​។ ប៉ុន្តែ​ចិន​បាន​បដិសេធ​ដាច់​ណាត់​។​

 
​ចិន​បាន​ក្លាយជា​មុខសញ្ញា​ថ្មី​មួយទៀត​សម្រាប់​អាមេរិក​វាយប្រហារ​ជុំវិញ​ការ​លូកលាន់​ការបោះឆ្នោត​របស់ខ្លួន​។ ខណៈ​ការបោះឆ្នោត​សភា​ពាក់កណ្ដាល​អាណត្តិ​នឹងធ្វើ​ឡើង​នៅ​ខែក្រោយ ហើយ​ដែលជា​ការបោះឆ្នោត​ដ៏​សំខាន់​សម្រាប់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នោះ អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន បានចេញ​មុខ​ចោទ​ចិន​ចំៗ​ថា បាន​ជ្រៀតជ្រែក​គ្រប់​វិធីសាស្ត្រ​ក្នុងការ​បោះឆ្នោត​នៅ​អាមេរិក សំដៅ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​លោក ត្រាំ ។​
 
​ថ្លែង​ទៅកាន់​អង្គការ​មួយ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី​៤ ខែតុលា លោក ផេ​ន និយាយ​ម៉ាត់ៗ​ថា ការដឹកនាំ​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​ហុច​ផល ឯ​ចិន​ចង់បាន​ប្រធានាធិបតី​ផ្សេង​។ នេះ​ជា​រឿង​មិនអាច​ប្រកែក​បាន​ដែល​ចិន​កកូរកកាយ​ប្រជាធិបតេយ្យ​អាមេរិក​។ លោក ផេ​ន ទំនង​ចង់​សំដៅ​ដល់​ចំណាត់​ការដំឡើង​ពន្ធ​របស់លោក ត្រាំ លើ​ផលិតផល​ចិន​ដើម្បី​កាត់បន្ថយ​អតុល្យភាព​ជញ្ជីងពាណិជ្ជកម្ម និង​បង្ខំ​ឲ្យ​ចិន​អនុវត្ត​ក្បួន​រកស៊ី​ដែល​យុត្តិធម៌​វិញ​។​
 
​សម្ដី​ចោទប្រកាន់​របស់​អនុ​ប្រធានាធិបតី​អាមេរិក ក៏​ទទួលបាន​ការឆ្លើយតប​ពី​ក្រុង​ប៉េកាំង​វិញ​ភ្លាម​ដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying បាន​ហៅ​ការ​ចោទ​របស់លោក ផេ​ន ជា​រឿង​គួរ​ឲ្យ​អស់សំណើច គ្មាន​មូលដ្ឋាន និង​បាន​បង្ខូច​បង្កាច់​មុខមាត់​ចិន​។ អ្នកនាំពាក្យ​រូបនេះ​ចាត់ទុក​សម្ដី​លោក ផេ​ន ធ្វើឡើង​តាម​ការនិយាយ​ត​គ្នា ច្រឡំ​ខុស​ជា​ត្រូវ និង​បង្កើត​រឿង​ឡើង ហើយ​ចិន​ប្រឆាំង​ទង្វើ​នេះ​ដាច់ខាត​។​
 
«​ចិន​តែងតែ​អនុវត្តតាម​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ផ្សេង ហើយក៏​គ្មាន​ចំណាប់អារម្មណ៍​នឹង​កកូរកកាយ​ការងារ​ផ្ទៃក្នុង និង​ការបោះឆ្នោត​របស់​អាមេរិក​ដែរ​។​» នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Hua ជុំវិញ​គោលនយោបាយ​ការបរទេស​របស់​ចិន និង​បាន​ទទូច​ឲ្យ​អាមេរិក​កែប្រែ​កំហុសឆ្គង​របស់ខ្លួន ឈប់​ចោទ​ចិន​ដោយ​គ្មាន​មូលដ្ឋាន ដែល​ប៉ះពាល់​ផលប្រយោជន៍​ចិន ក៏ដូចជា​ទំនាក់ទំនង​ចិន​-​អាមេរិក​ផង​។​
 
​ការបោះឆ្នោត​ខែវិច្ឆិកា​ខាងមុខ ជា​ចំណុច​របត់​ដ៏​សំខាន់​សម្រាប់​លោក ត្រាំ និង​បក្ស​សាធារណរដ្ឋ​ផង​។ ក្នុងករណី​បក្ស​សាធារណរដ្ឋ​បាត់បង់​សំឡេង​ភាគច្រើន​របស់ខ្លួន​នៅ​សភា​ទៅ​ឲ្យ​បក្ស​ប្រជាធិបតេយ្យ គោលនយោបាយ​របស់លោក ត្រាំ ដែល​ចម្រូងចម្រាស់​ខ្លាំង​ដូចជា​បញ្ហា​អន្តោប្រវេសន៍ និង​ការសាងសង់​ជញ្ជាំង​ព្រំដែន ប្រាកដជា​រាំងស្ទះ​មិន​ខាន​។ កាន់តែ​ធ្ងន់ធ្ងរ​ទៅទៀត​នោះ លោក ត្រាំ ក៏​អាច​ប្រឈមមុខ​នឹង​ការទម្លាក់​ពី​តំណែង​ផងដែរ​៕
 

Tag:
 អាមេរិក​
  ចិន​
  ម៉ៃ ផេ​ន
© រក្សាសិទ្ធិដោយ thmeythmey.com