ជាតិ
បុណ្យភ្ជុំបិណ្ឌ
សេដ្ឋកិច្ច
តំបន់​ទេសចរណ៍វប្បធម៌ ធម្មជាតិ​តាម​ខេត្ត នឹង​ទាក់ទាញ​ក្នុងឱកាស​ភ្ជុំបិណ្ឌ​
08, Oct 2018 , 11:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ពលរដ្ឋ​ខ្មែរ​មួយចំនួន​ធ្វើដំណើរ​កម្សាន្ត​ទៅ​តំបន់​ទេសចរណ៍​ផ្សេងៗ​នៅ​ទូទាំងប្រទេស​។


​ការដើរ​កម្សាន្ត​នៅ​ទីតាំង​ទេសចរណ៍​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ភាគច្រើន​ជា​ការដើរ​ទស្សនា ដែល​ពលរដ្ឋ​ឆ្លៀត​ក្នុងឱកាស​ពួកគាត់​ទៅ​វត្ត និង​សួរសុខទុក្ខ​សាច់ញាតិ​។​
 
​រមណីយដ្ឋាន​បែប​វប្បធម៌ និង​ធម្មជាតិ នៅតាម​ទីតាំង​ក្នុង​បណ្ដា​ខេត្ត​នានា នឹង​ទាក់ទាញ​ឲ្យ​ពលរដ្ឋ​ទៅ​កម្សាន្ត​ច្រើន ក្នុង​កំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​តំបន់​ទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ នឹង​ទាក់ទាញ​ក្នុង​ពិធី​ភ្ជុំបិណ្ឌ ជាង​ពិធីបុណ្យ​ផ្សេងៗ ព្រោះ​ប្រជាពលរដ្ឋ​ឆ្លៀត​ដើរ​កម្សាន្ត នា​ខណៈដែល​ពួកគាត់​បាន​សួរសុខទុក្ខ​សាច់ញាតិ និង​ទៅ​វត្ត​»​។ លោក​បញ្ជាក់ថា ឲ្យ​តែ​អាកាសធាតុ​អំណោយផល ពលរដ្ឋ​នឹង​ដើរ​កម្សាន្ត​ច្រើន​។​
 
​លោក ហូ វណ្ឌី បន្ថែមថា តំបន់​ទេសចរណ៍​ចម្បងៗ រួមមាន អង្គរវត្ត ឆ្នេរសមុទ្រ និង​តំបន់​ភូមិភាគ​ឦសាន នៅតែ​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​របស់​ពលរដ្ឋ​ក្នុងស្រុក ក្នុង​កំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ពិសេស​ក្នុងកំឡុងពេល​បី​ថ្ងៃ​នៃ​ថ្ងៃ​ភ្ជំ​។ ក្រៅពីនេះ ទេសចរ​ខ្មែរ​មួយចំនួន ក៏​ចេញទៅ​ទស្សនា​នៅក្រៅ​ប្រទេស​ផងដែរ ពិសេស​ក្នុង​តំបន់​អាស៊ាន​។​
 
​កាលពី​ឆ្នាំ​២០១៧ ចលនា​ដើរ​កម្សាន្ត​ក្នុងស្រុក លក្ខណៈ​ទេសចរណ៍ និង​មិនមែន​ទេសចរណ៍ មាន​ចំនួន ១​លាន​៥​ម៉ឺន​នាក់ កើនឡើង ១៥,៧​ភាគរយ​។ ក្នុងនោះ​ទេសចរ​អន្តរ​ជាតិ​មាន​ចំនួន ៤​ម៉ឺន​នាក់​៕ 

Tag:
 ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com