អន្តរជាតិ
មេ​ទ័ពជើងទឹក​អាមេរិក ព្រមាន​ពី​ការកើនឡើង​សមត្ថភាព​នាវាមុជទឹក​រុស្ស៊ី​
06, Oct 2018 , 9:19 pm        
រូបភាព
ឧត្តមនាវី James Foggo ក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបញ្ចកោណ (រូបភាព AFP)
ឧត្តមនាវី James Foggo ក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបញ្ចកោណ (រូបភាព AFP)
​មេ​ទ័ពជើងទឹក​អាមេរិក​ប្រចាំ​សម្ព័ន្ធ​យោធា​ណា​តូ James Foggo នៅ​ថ្ងៃទី​៥ ខែតុលា ព្រមាន​ថា រុស្ស៊ី​កំពុង​បង្កើន​សមត្ថភាព​ប្រយុទ្ធ​ក្រោម​ទឹក​របស់ខ្លួន ដើម្បី​ប្រឈមមុខ​ដោយផ្ទាល់​ជាមួយ​កម្លាំង​អាមេរិក​នៅ​សមុទ្រ​អា​ត្ល​ង់​ទិ​ក និង​ម៉េ​ឌី​ទែ​រ៉ា​ណេ​។ បើតាម​មន្ត្រី​យោធា​ជាន់ខ្ពស់​អាមេរិក​ដដែល​នេះ រុស្ស៊ី​ប្រឹង​ពង្រឹងសមត្ថភាព​ក្រោម​ទឹក​របស់ខ្លួន​ឲ្យ​កាន់តែខ្លាំង ក៏​ព្រោះ​រុស្ស៊ី​មិន​គ្មាន​សមត្ថភាព​តទល់​ជាមួយ​អាមេរិក​សម្រាប់​សមរភូមិ​លើទឹក​ឡើយ​។​

 
​ឧ​ត្ត​មនា​វី James Foggo មេបញ្ជាការ​ទីបញ្ជាការ​សម្ព័ន្ធមិត្ត​ចម្រុះ​នៃ​សម្ព័ន្ធ​យោធា​ណា​តូ​នៅ Naples និយាយថា រុស្ស៊ី​បាន​វិនិយោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​លើ​កម្លាំង​នាវាមុជទឹក​របស់ខ្លួន ហើយ​ចង់​បង្កើត​ការគំរាមកំហែង​ឲ្យ​អាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូ​ទៀតផង​។ លោក Foggo ក៏​ព្រមាន​ពី​ការគំរាមកំហែង​លើ​សន្តិសុខ​តំបន់​អឺរ៉ុប​ពី​សំណាក់​រុស្ស៊ី​ដែរ ព្រោះ​រុស្ស៊ី​ក៏បាន​ពង្រាយ​នាវាមុជទឹក​របស់ខ្លួន​នៅ​តំបន់​សមុទ្រ​ក្បែរ​អឺរ៉ុប​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មេទ័ព​ជនជាតិ​អាមេរិក​រូបនេះ​បាន​ពន្យល់​ពី​មូល​ហេតុដែល​រុស្ស៊ី​ព្យាយាម​បង្កើន​សមត្ថភាព​ក្រោម​ទឹក​នេះ​។ លោក Foggo បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ឯម​ន្ទីរ​បញ្ច​កោណ​ថា កម្លាំង​ជើង​ទឹក​រុស្ស៊ី​ដឹង​ពី​សមត្ថភាព​របស់ខ្លួន​ដែល​មិនអាច​ប្រជែង​នឹង​អាមេរិក​បានឡើយ​លើ​កម្រិត​នាវា​ដឹក​យន្តហោះ និង​នាវា​មាន​ទំហំ​ធំ ដូចនេះ​ទើបបានជា​រុស្ស៊ី​បន្ត​ការស្រាវជ្រាវ និង​អភិវឌ្ឍ និង​ពង្រឹងសមត្ថភាព​ក្រោម​ទឹក​។​
 
​មេទ័ព​អាមេរិក​ដដែល​អះអាងថា រុស្ស៊ី​មាន​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​ប្រេង និង​អគ្គីសនី​ធុន Kilo ចំនួន​៦​គ្រឿង​នៅ​សមុទ្រ​ខ្មៅ និង​ម៉េ​ឌី​ទែ​រ៉ា​ណេ​ខាងកើត​។ ឆ្លើយតប​នឹង​សំណួរ​ថា ទ័ពជើងទឹក​អាមេរិក​ដឹង​ពី​ដំណើរ​របស់​នាវា​រុស្ស៊ី​ឬ​យ៉ាងណា​នោះ លោក Foggo ដែល​ធ្លាប់​បញ្ជា​នាវាមុជទឹក​ដែរនោះ មិនបាន​និយាយ​អ្វី​ឡើយ តែ​បង្ហើប​ថា អាមេរិក​មាន​សមត្ថភាព​ខ្លាំង​ជាង​រុស្ស៊ី ព្រោះ​មាន​បច្ចេកវិទ្យា​ស្ដាប់​សំឡេង​នាវាមុជទឹក​។ 
 
​អ្វីដែល​លោក Foggo បារម្ភ គឺ​មី​ស៊ី​ល Kalibr ដែល​បំពាក់​លើ​នាវាមុជទឹក​ទាំងនោះ​។ ក្នុងករណី​រុស្ស៊ី​បាញ់​មី​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល​ចេញពី​តំបន់​សមុទ្រ​ណាមួយ​ក៏ដោយ​ដែល​នៅ​ជុំវិញ​តំបន់​អឺរ៉ុប មេ​ទ័ពជើងទឹក​អាមេរិក​រូបនេះ បញ្ជាក់ថា រដ្ឋធានី​របស់​ប្រទេស​នៅ​អឺរ៉ុប​ទាំងអស់ សុទ្ធតែជា​គោលដៅ​របស់​មី​ស៊ី​ល​មួយ​នេះ​។ 
 
​មេបញ្ជាការ​កងទ័ព​ណា​តូ​ដដែល​នេះ ក៏បាន​និយាយ​ដល់​គម្រោង​សមយុទ្ធ​យោធា​នៅ​ន័​រ​វ៉េ​ស ដែលជា​សមយុទ្ធ​យោធា​ដ៏​ធំ​មិន​ធ្លាប់​មានមក​របស់​ណា​តូ​ចាប់តាំងពី​សង្គ្រាមត្រជាក់​មក​។ បើតាម​លោក Foggo សមយុទ្ធ​នេះ​មាន​គោលដៅ​បង្ហាត់​កងទ័ព​បណ្ដេញ​សត្រូវ​ដែល​ឆ្លងកាត់​ព្រំដែន​របស់​ប្រទេស​ណា​តូ និង​ជា​សារ​ព្រមាន​ផងដែរ​៕
 

Tag:
 អាមេរិក​
  រុស្ស៊ី​
  James Foggo
© រក្សាសិទ្ធិដោយ thmeythmey.com