រថយន្ត
អន្តរជាតិ
Beckham ជួយ​ឡង់សេ​រថយន្ត​ដំបូង​របស់​វៀតណាម​នា​ព្រឹត្តិការណ៍​យានយន្ត​នៅ​ប៉ារីស​
08, Oct 2018 , 7:19 pm        
រូបភាព
ដោយ: ធីតា
David Beckham បានបង្ហាញ​ខ្លួន​នា​ពិធី​បើក​ព្រឹត្តិការណ៍​យានយន្ត​ពិភពលោក Paris Motor Show ឬ «Mondial de l’Auto 2018» ដែល​ប្រព្រឹត្តទៅ​កាលពីដើម​ខែតុលា​កន្លង​មក នៅ Porte de Versailles ក្រុងប៉ារីស​ប្រទេស​បារាំង​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល អតីត​កីឡាករ​បាល់ទាត់​អន្តរជាតិ​អង់គ្លេស​រូបនេះ បាន​ឈរ​ជាប់​ជាមួយ​រថយន្ត VinFast ដែលជា​ផលិតផល​ដំបូង​បំផុត​របស់​វៀតណាម​។​

 
VinFast ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ឯកជន​ដ៏​ធំ​របស់​វៀតណាម Vingroup​។ ក្រុមហ៊ុន​មួយ​នេះ កំណត់​គោលដៅ​របស់ខ្លួន​ឲ្យ​ក្លាយជា​សហគ្រាស​យានយន្ដ​ដ៏​ធំជាងគេ​នៅ​តំបន់​អាស៊ី​-​អាគ្នេយ៍ តាមរយៈ​ការផលិត​រថយន្ត​ស្តង់ដា​ពិភពលោក​។ ក្នុង​ព្រឹត្តិការណ៍​យានយន្ត Paris Motor Show ក្រុមហ៊ុន VinFast បាន​បង្អួត​ម៉ូ​ដែល​២​ដំបូង​របស់ខ្លួន គឺ LUX A2.0 Sedan និង LUX SA2.0 SUV​។​


 
​លោកស្រី Le Thi Thu Thy នាយិកា​ក្រុមហ៊ុន VinFast បាន​លើកឡើងថា រថយន្ត​ទាំងនេះ ត្រៀមខ្លួន​ក្លាយជា Brand ថ្មី​មួយ​របស់​វៀតណាម និង​ទីផ្សារ​អន្តរជាតិ ហើយ​ការ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក នឹង​ទទួលបាន​ផល​វិជ្ជមាន​ខ្ពស់​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នៅ វីរបុរស​បាល់ទាត់ David Beckham មាន​វត្តមាន​ជាមួយ​បវរកញ្ញា​វៀតណាម Tran Tieu Vy ដោយ​លោក​បាន​អបអរ​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់ VinFast នៅលើ​ឆាក​អន្តរជាតិ​។​
 
​មិនមាន​ការបកស្រាយ​លំអិត​អ្វី​ឡើយ ទាក់ទង​នឹង​វត្តមាន Beckham ប៉ុន្តែ​គេ​ជឿថា នេះ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ក្រុមហ៊ុន​វៀតណាម នៅមុន​ពេលដែល​ពួកគេ​ដំណើរ​ការលក់​ផ្លូវការ​នៅ​ឆ្នាំ​២០១៩ ។​


 
​ក្រោម​ការពង្រីក​សហប្រតិបត្តិ​ការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាល្លឺម៉ង់ និង​ដៃគូ​រចនា​អ៊ីតាលី VinFast រំពឹងថា ពួកគេ​អាច​ផលិត​បាន​រថយន្ត​ប្រមាណ​៥០០ ០០០​គ្រឿងក្នុង​១​ឆ្នាំ​ដោយ​គិត​ត្រឹម​ឆ្នាំ​២០២៥​។ 
 
​យោងតាម​ការផ្សាយ​រប​ស់ Vingroup រោងចក្រ​យានយន្ត​ដំបូង​បំផុត​របស់​វៀតណាម​នេះ ត្រូវបាន​សាងសង់ឡើង​ក្នុង​គម្រោង​ទឹកប្រាក់​ពី​១​ពាន់​លាន​ទៅ​១,៥​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ដំណាក់កាល​ដំបូង ដោយមាន​ទីតាំងនៅ Hai Phong៕





© រក្សាសិទ្ធិដោយ thmeythmey.com