អន្តរជាតិ
របាយការណ៍​UN៖ ប្រជាជន ១,៣​ពាន់​លាន​នាក់​កំពុង​រស់នៅក្នុង​បន្ទាត់​ភាពក្រីក្រ
08, Oct 2018 , 3:59 pm        
រូបភាព
ដោយ:
​អង្គការសហប្រជាជាតិ​បាន​រកឃើញថា ប្រជាជន​នៅលើ​ពិភពលោក​រហូតដល់​ជាង ១​ពាន់​លាន​នាក់​កំពុង​បន្ត​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​ក្នុងពេល​បច្ចុប្បន្ន​។  ប្រជាជន​ទាំងនេះ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ច្រើន​ជាពិសេស​ជម្លោះ ជំងឺ​រាតត្បាត និង​គ្រោះមហន្តរាយ​ជាដើម​ផង​។

 
​តាម​ការ​ស្ទង់​ស្ទាប​លើ​ប្រទេស​ចំនួន ១០៤ ដែលមាន​ប្រជាជន​សរុប​បញ្ចូល​គ្នា​ប្រមាណ ៥,៥​ពាន់​លាន​នាក់ បាន​បង្ហាញថា មនុស្ស​ប្រមាណ​១,៣​ពាន់​លាន​នាក់ កំពុង​រស់នៅក្នុង​បន្ទាត់​នៃ​ភាពក្រីក្រ ដោយ​ក្នុងនោះ​មាន​កុមារ​ចំនួន ៦៦២​លាន​នាក់​។ របាយការណ៍​អង្គការសហប្រជាជាតិ​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍ (UNDP) បានបង្ហាញ​ដូច្នេះ​។ 
 
​របាយការណ៍​ដដែល​នេះ បាន​បង្ហាញថា ក្នុងចំណោម​មនុស្ស​ទាំង ១,៣​ពាន់​លាន​នាក់​នេះ ប្រមាណ​៤៦​ភាគរយ​នៃ​ពួកគេ ត្រូវបាន​គេ​ចាត់ទុកថា «​កំពុង​រស់នៅក្នុង​បន្ទាត់​នៃ​ភាពក្រីក្រ​យ៉ាងធ្ងន់ធ្ងរ​»​។​
 
​ចំណែកឯ​មនុស្ស​ប្រមាណ ៨៧០​លាន​នាក់​ផ្សេងទៀត កំពុង​ប្រឈម​នឹង​ហានិភ័យ និង​អាច​ធ្លាក់​ចូលក្នុង​បន្ទាត់​នៃ​ភាពក្រីក្រ​ផងដែរ ដោយសារតែ​បញ្ហា​មួយចំនួន​ដូចជា ជម្លោះ​, ជំងឺ​, គ្រោះ​ទុរភិក្ស និង​ភាព​អត់​ការងារ​ធ្វើ​ជាដើម​។​
 
​គួរ​បញ្ជាក់ថា របាយការណ៍​របស់​អង្គការសហប្រជាជាតិ​នេះ​បានធ្វើ​ឡើង ដោយ​ផ្អែកលើ​ការពិនិត្យ​មើល​លើ​ទិដ្ឋភាព​សំខាន់ៗ​ចំនួន​បី​រួមមាន សុខភាព​, ការអប់រំ និង​កម្រិតជីវភាពរ​ស់​នៅ​ប្រជាជន​ទាំងនោះ​៕
​ 

Tag:
 ​របាយការណ៍​UN
  បន្ទាត់​ភាពក្រីក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com