សិល្បៈអន្តរជាតិ
សុខភាព
លោក Simon Cowell អ្នកបង្កើត​កម្មវិធី​កម្សាន្ត​លំដាប់​ពិភពលោក ផ្អាក​ប្រើ​ទូរ​សព្ទ​ជិត​១​ឆ្នាំ​
09, Oct 2018 , 5:59 pm        
រូបភាព
ដោយ: ធីតា
​លោក Simon Cowell បាន​អះអាងថា លោក​មិនបាន​ប្រើប្រាស់​ទូរ​សព្ទ​អស់​រយៈពេល​ជាង​១០​ខែ ដើម្បី​ពង្រឹង​សុខភាព​ផ្លូវចិត្ត និង​ភាពសប្បាយ​រីករាយ​។ អ្នកជំនាញ​រៀបចំ​កម្មវិធី​តន្ត្រី និង​កម្មវិធី​កម្សាន្ត​លំដាប់​ពិភពលោក​រូបនេះ អះអាងថា ជីវិត​លោក​ពិតជា​មានន័យ ពេល​នៅ​ឆ្ងាយ​ពី​ទូរ​សព្ទ​។​

 
«​ខ្ញុំ​ពិត​ខកខាន​ប្រើប្រាស់​ទូរ​សព្ទ​អស់​រយៈពេល​ប្រមាណ​១០​ខែ​។ ភាពខុសប្លែក​គ្នា​នោះ គឺថា ខ្ញុំ​បាន​ក្លាយជា​មនុស្ស​ដែល​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន និង​ផ្ចិតផ្ចង់​ខ្ពស់​ផងដែរ​លើ​ការងារ​អ្វីមួយ​»​។ លោក Simon បាន​និយាយយ៉ាង​ដូច្នេះ​ទៅកាន់​សារព័ត៌មាន The Mail on Sunday​។ 
 
​លោក Simon មហាសេដ្ឋី​អង់គ្លេស​វ័យ​៥៨​ឆ្នាំ ជា​ផលិតករ​កម្មវិធី​ទូរទស្សន៍ និង​ស្ថាបនិក​កម្មវិធី​ប្រឡង​សិល្បៈ​ល្បីៗ​លំដាប់​ពិភពលោក ដូចជា The X Factor, Britain’s Got Talent, American Idol និង America’s Got Talent ជាដើម​។​
 
​លោក​បាន​ត្អូញត្អែរថា រាល់​ជំនួប​ជាមួយ​មនុស្ស​ដែលជា​ប់​ប្រើប្រាស់​ទូរ​សព្ទ​ដៃ ហាក់ដូចជា​មិនសូវ​មានការ​ផ្ចិតផ្ចង់​នោះឡើយ​។ លោក​បានលើកឡើង​ពី​ការសម្រេចចិត្ត​ឆ្ងាយ​ពី​ទូរ​សព្ទ​ជិត​១​ឆ្នាំ​ថា​៖ «​វា​ពិតជា​ល្អ​ខ្លាំងណាស់​សម្រាប់​សុខភាព​ផ្លូវចិត្ត​។ ពិតណាស់ នេះ​ជា​បទពិសោធន៍​ដ៏​ចម្លែក ប៉ុន្តែ​វា​ពិតជា​ល្អ​ខ្លាំងណាស់​សម្រាប់​អ្នក ហើយ​វា​ពិតជា​បានធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​ខុសពី​ធម្មតា​»​។​
 
​ជាមួយគ្នានេះ​ផងដែរ លោក Simon បាន​អះអាងថា លោក​បានកំណត់​ពេលវេលា​ច្បាស់លាស់​សម្រាប់​កូនប្រុស Eric វ័យ​៤​ឆ្នាំ​របស់ខ្លួន​លើ​ការប្រើប្រាស់ iPad ដោយ​លោក​ចូលចិត្ត​បបួល​គេ​អង្គុយ​មើល​ទូរទស្សន៍​ជំនួស​វិញ​។​
 
​កាលពី​ឆ្នាំមុន សេវាកម្ម​ស្រាវជ្រាវ Deloitte បានធ្វើ​ការស្ទង់មតិ​លើ​យុវជន​អង់គ្លេស ៤១៥០​នាក់ ដែល​ក្នុងនោះ ៣០​ភាគរយ បាន​អះអាងថា ពួកគេ​ចំណាយពេល​យ៉ាងច្រើន​ជាមួយ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន ជាពិសេស​អាយុ​ចន្លោះ​ពី​១៦​ទៅ​២៤​ឆ្នាំ​៕
 

Tag:
 Simon Cowell
© រក្សាសិទ្ធិដោយ thmeythmey.com