អន្តរជាតិ
តើ​ប្រទេស​ណាខ្លះ​ដែល​បាន​ប្តូរ​ឈ្មោះ​ក្នុង​រយៈពេល ៦ ទសវត្សរ៍​ចុងក្រោយ​នេះ​?
09, Oct 2018 , 8:59 pm        
រូបភាព
រដ្ឋបាល់​កង់​ម៉ា​សេ​ដ្វា​ន​បាន​ឯកភាព​ជាមួយ​ក្រិ​ក​ប្តូរ​ឈ្មោះ​ទៅជា​សាធារណរដ្ឋ​ម៉ា​សេ​ដ្វា​ន​ខាងជើង​វិញ​ដើម្បី​បញ្ចប់​ជម្លោះ​រឿង​ឈ្មោះ​នេះ ប៉ុន្តែ​វា​នៅ​នីតិវិធី​មួយចំនួន​ដែល​ត្រូវ​សម្រេច​មុន​ឈ្មោះ​នេះ​ត្រូវគេ​ប្តូរ​ជា​ផ្លូវការ​។ ក្រៅពី​ម៉ា​សេ​ដ្វា​ន​ដែល​ប្តូរ​ឈ្មោះ​ដោយសារ​ដោះស្រាយ​ជម្លោះ ប្រទេស​មួយចំនួនទៀត​ក៏បាន​ប្តូរ​ឈ្មោះ​របស់ខ្លួន​ដែរ​កន្លងមកនេះ ហើយ​ប្រទេស​តាំង​នោះ​ប្តូរ​ឈ្មោះ​ក្រោយ​ប្រកាស​ឯករាជ្យ  និង​ក្រោយ​មានការ​បំបែក​រដ្ឋ​ជាដើម​។​


 
​ប្រទេសមួយ​ចំនួន​ដែល​បាន​ប្តូរ​ឈ្មោះ​ពេល​ទទួលឯករាជ្យ​មានដូចជា បង់​ក្លា​ដែ​ស ឆ្នាំ ១៩៧១ (​ធ្លាប់មាន​ឈ្មោះថា ប៉ា​គី​ស្ថាន​ខាងកើត​), បូត​ស្វា​ណា​ឆ្នាំ ១៩៦៦ (​ធ្លាប់មាន​ឈ្មោះថា Bechuanaland), ហ្កា​ណា​ឆ្នាំ ១៩៥៧ ( ធ្លាប់មាន​ឈ្មោះថា Gold Coast), ឥណ្ឌូណេស៊ី​ឆ្នាំ ១៩៤៥ (​ធ្លាប់មាន​ឈ្មោះថា Dutch East Indies), ម៉ាឡាវី​ឆ្នាំ ១៩៦៤ (​ធ្លាប់មាន​ឈ្មោះថា​Nyasaland) និង​ស៊ីម​បា​វ៉េ​ឆ្នាំ ១៩៨០ (​ធ្លាប់មាន​ឈ្មោះថា Rhodesia)​។ 
 
​ចំណែក​ប្រទេស​ដែល​ប្រកាស​ប្តូរ​ឈ្មោះ​ក្រោយ​មានការ​បំបែក​រដ្ឋ​នោះ​មាន បេឡា​រ៉ុ​ស ដែល​ប្តូរ​ឈ្មោះ​ពី​ប៉េ​ឡា​រុស្ស៊ី បន្ទាប់ពី​សហភាពសូវៀត​រលំរលាយ​នៅ​ឆ្នាំ ១៩៩១ ដល់​បន្សល់ទុក​រដ្ឋ​ឯករាជ្យ ១៥​នោះ​។ រីឯ​រដ្ឋ​ដែល​ផ្តាច់ខ្លួន​ចេញពី​គ្នា​ដូចជា សាធារណរដ្ឋ​ឆេ​ក និង​ស្លូ​វ៉ា​ក រួមជាមួយ​បណ្តា​ប្រទេស​អតីត​សហភាព​យូ​ហ្គោ​ស្លា​វី​នោះ​។
 
​ខាងក្រោម​នេះ​ជា​ឧទាហរណ៍​ខ្លះ​ដែល​បាន​ប្តូរ​ឈ្មោះ និង​មានភ្ជាប់​ជាមួយ​ប្រវត្តិ​សង្ខេប​ផងដែរ​៖
 
១.​ស្វា​ស៊ី​ឡង់​ទៅជា អ៊ី​ស្វា​ទី​នី (eSwatini)
 
​រយៈពេល​ត្រឹម ៥០​ឆ្នាំក្រោយ​បានទទួល​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស ក្សត្រ Mswati ទី​បី បានប្រកាស​កាលពី​ខែមេសា​ថា ទ្រង់​ប្តូរ​ឈ្មោះ​ប្រទេស​ពី ស្វា​ស៊ី​ឡង់​ទៅជា​អ៊ី​ស្វា​ទី​នី​វិញ ដែល​មានន័យថា​ជា​ទឹកដី​នៃ​ប្រជាជន​ស្វា​ស៊ី​។ ការផ្លាស់ប្តូរ​នេះ​ក៏​ដើម្បី​កុំ​ឲ្យ​មានការ​ច្រឡំ​ជាមួយ​ប្រទេស​ស្វី​ស​ដែរ​។ ប៉ុន្តែ​ការប្រកាស​របស់​មហាក្សត្រ​នេះ បាន​ធើ​ឲ្យ​ប្រជាជន​ស្វា​ស៊ី​ឡង់​មួយចំនួន​មិន​សប្បាយចិត្ត​។​
 
២.​ពី​កុង​ហ្គោ​ទៅជា​សា​អៀ (Zaire)  និង​ប្តូរ​ត្រឡប់មកវិញ​
 
​នៅពេល​ទទួលបាន​ឯករាជ្យ​ពី​បែលហ្ស៊ិក​នៅ​ឆ្នាំ ១៩៦០ រដ្ឋ​អាហ្វ្រិក​កណ្តាល​មួយ​នេះ​បាន​ក្លាយជា​សាធារណរដ្ឋ​កុង​ហ្គោ ដោយ​វា​មានឈ្មោះ​ដូចគ្នា​នឹង​រដ្ឋ​ជិតខាង​ដែរ​។ ប្រទេស​ទាំងពីរ​នេះ​ខុសគ្នា​ត្រឹម​រដ្ឋធានី​ប៉ុណ្ណោះ​ដោយ​ម្ខាង​មាន​រដ្ឋធានី​ឈ្មោះ Brazzaville និង​ម្ខាង​ទៀត​មាន​រដ្ឋធានី​ឈ្មោះ Kinshasa​។
 
​ប៉ុ​ន្មា​ឆ្នាំ​ក្រោយមក ប្រទេស​នេះ​បាន​បន្ថែម​ពាក្យ​ថា​ប្រជាធិបតេយ្យ​ក្នុង​ឈ្មោះ​របស់ខ្លួន ដោយ​ក្លាយទៅជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។ ដល់​ឆ្នាំ ១៩៧១ ប្រទេស​នេះ​បាន​ប្តូរ​ឈ្មោះ​ទៀត​ទៅជា ប្រទេស​សា​អៀ ដោយសារ​ការបញ្ជា​រប​ស់​ឧ​ត្ត​ម​សេនីយ៍ Joseph-Desire Mobutu ដែល​បាន​ក្តោប​ក្តាប់​អំណាច​នៅ​ឆ្នាំ ១៩៦៥ ដោយ​ការធ្វើ​រដ្ឋប្រហារ​។ លោក Mobutu បានទទួល​ឈ្មោះថា Mobutu Sese Seko ហើយ​បាន​បង្កើត​របប​ដឹកនាំ​ផ្តាច់ការ​។  យ៉ាងណាមិញ ឈ្មោះ​ប្រទេស​នេះ​ត្រុ​វ​បាន​រក្សាទុក​រហូតដល់​ពេល​លោក​អស់អំណាច​នៅ​ឆ្នាំ ១៩៩៧ នៅពេល​លោក Laurent-Désiré Kabila ដណ្តើម​អំណាច​បាន​។ ឈ្មោះ​ប្រទេស​នេះ​ក៏​ត្រូវបាន​ប្តូរ​មកជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​វិញ​ចាប់ពីពេលនោះ​។
៣.​ភូមា ប្តូរ​ទៅជា​មី​យ៉ាន់​ម៉ា​
 
​នៅក្នុង​ឆ្នាំ ១៩៨៩ រដ្ឋាភិបាលយោធា​បានសម្រេច​ប្តូរ​ឈ្មោះ​រដ្ឋ​អាស៊ីអាគ្នេយ៍​នេះ​ពី​ភូមា ទៅជា​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ដើម្បី​គាស់​រំលើង​ចោល​មរតក​ដែល​បន្សល់ទុក​ពី​សម័យ​អាណានិគម​អង់គ្លេស​។ បារាំង ជប៉ុន និង​អង្គការសហប្រជាជាតិ​ផង​ទទួល​ស្គាល់ឈ្មោះ​ថ្មី ប៉ុន្តែ​អាមេរិក​និង​អង់គ្លេស​នៅតែ​បដិសេធ​ឈ្មោះ​នេះ​។ ការសម្រេច​នេះដែរ​កើតឡើង​ត្រឹម​មួយឆ្នាំ​ប៉ុណ្ណោះ​ក្រោយ​មានការ​បង្ក្រាប​ចលនា​បាតុកម្ម​របស់​សិស្ស​និស្សិត​ដែល​ស្រេកឃ្លាន​ប្រជាធិបតេយ្យ​នោះ​។
 
​យ៉ាងណាក៏ដោយ​ឈ្មោះ​នេះ​មានការ​កែប្រែ​តែ​ក្នុង​ភាសា​អង់គ្លេស​ប៉ុណ្ណោះ ចំណែកឯ​ភាសា​មី​យ៉ាន់​ម៉ា​មិនមាន​អ្វី​ប្រែប្រួល​ឡើយ​។ ក្នុងអំឡុង​ក្រុម​យោធា​កាន់កាប់​អំណាច ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​រដ្ឋ​នោះ​បដិសេធ​ប្រើប្រាស់​ឈ្មោះ​មី​យ៉ាន់​ម៉ា ដោយសារ​លោកស្រី​ព្យាយាម​បដិសេធ​មរតក​នយោបាយ​ក្រុម​យោធា​។ 
​រហូត​ដល់ពេល​មានការ​បើកចំហ​នយោបាយ​ខ្លះ និង​មានការ​ចាប់ផ្តើម​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម​ឆ្នាំ ២០១២ ពាក្យ​មី​យ៉ាន់​ម៉ា ត្រូវបាន​គេ​ប្រើប្រាស់​កាន់តែច្រើន​ឡើយ​។
៤.​ពី Upper Volta ទៅជា​បួ​គី​ណា​ហ្វា​សូ
 
​បន្ទាប់ពី​បានទទួល​ឯករាជ្យ​ពី​បារាំង​ឆ្នាំ ១៩៥៨ ប្រទេស​អាហ្វ្រិក​ខាងលិច​មួយ​បានសម្រេច​ជ្រើសរើស​ឈ្មោះ​ខ្លួន​ថា «Upper Volta»​ដោយសារតែ​វា​មាន​ទីតាំង​នៅតាម​បណ្តា​យ​ទន្លេ Volta​។ ប៉ុន្តែ​មកដល់​ឆ្នាំ ១៩៨៤ មេដឹកនាំ​រដ្ឋប្រហារ​ដ៏​មាន​ប្រជាប្រិយភាព​លោក Thomas Sankara ដែល​ដណ្តើម​អំណាច​បាន​ឆ្នាំ ១៩៨៣​នោះ បានសម្រេច​ប្តូរ​ឈ្មោះ​ប្រទេស​មកជា បួ​គី​ណា​ហ្វា​សូ វិញ​ដែល​វា​មានន័យថា​ជា «​ទឹកដី​នៃ​បុរស​ឈរ​» ។
៥. Dahomey ទៅជា​ប្រទេស​បេ​ណាំង
​ក្រោយ​ទទួលបាន​ឯករាជ្យ​ពី​បារាំង​រយៈពេល ១៥​ឆ្នាំ និង​មួយ​ឆ្នាំក្រោយ​មា​នាករ​អនុម័ត​យក​គោលនយោបាយ​ម៉ាកស៊ីស​និយម ប្រទេស Dahomey ត្រូវបាន​គេ​ប្តូរ​ឈ្លោះ​ទៅជា​សាធារណរដ្ឋ​ប្រជាមានិត​បេ​ណាំង​នៅក្នុង​ឆ្នាំ ១៩៧៥​។
 
​ការជ្រើសរើស​យក​បេ​ណាំង​នេះ​គឺ​សំដៅលើ​អតីត​រាជាណាចក្រ​បេ​ណាំង​ដ៏​មាន​ឥទ្ធិពល​ដែលមាន​វត្តមាន​មុន​សម័យ​អាណានិគម​នោះ​។ ចក្រភព​បេ​ណាំង​បច្ចុប្បន្ន​គឺ​តំបន់​ស្ថិតនៅ​ទិស​នីរ​តី​ប្រទេស​នី​ហ្សេ​រី​យ៉ា ហើយ​វា​មាន​វត្តមាន​តាំងពី​យូរយារ​ណាស់​មកហើយ រហូតដល់​ចុង​សតវត្ស​ទី ១៩ ទើប​រលំ​រលាយបាត់៕​
 

Tag:
 ពិភពលោក​
  ចំណេះដឹង​ទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com