ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុណ្យភ្ជុំបិណ្ឌ
សេដ្ឋកិច្ច
ធ្វើ​យ៉ាងម៉េច​ឲ្យ​ភ្ជុំបិណ្ឌ​ហើយ នៅសល់​លុយ​ដល់​ដាច់​ខែ​!
10, Oct 2018 , 7:59 am        
រូបភាព
ដោយ:
​ជារឿយៗ នៅពេល​ពិធីបុណ្យ​បានបញ្ចប់ យុវជន​មួយចំនួន​តែង​រអ៊ូ​រឿង​អស់​ថវិកា​សម្រាប់​ចាយវាយ​ក្រោយ​បុណ្យ ទម្រាំ​តែ​បើក​ប្រាក់ខែ​សម្រាប់​ខែ​ថ្មី​។ ពិត​ហើយ​ថា​ត្រូវ​ចាយវាយ​ក្នុង​កំឡុង​បុណ្យទាន​ម្ដងៗ​។ ទៅលេង​ស្រុក​ជួបជុំ​បងប្អូន ឳ​ពុក​ម្ដាយ ទៅ​វត្ត ដើរ​កម្សាន្ត ជប់លៀង​តិចតួច​ជាមួយ​មិត្តភក្ដិ​ជាដើម​។ អ្វី​ទាំងនេះ​សុទ្ធតែ​ត្រូវ​ចំណាយ​។



​ប៉ុន្តែ​បើ​ចាយ​ដៃ​ទូលាយ​ពេក ច្រើនពេក ការលំបាក​នឹង​កើតមាន​នៅពេល​ក្រោយ​។ អ្នកខ្លះ​ត្រូវសុំ​លុយ​ឳ​ពុក​ម្ដាយ ឬ​ខ្ចី​គេ ត្រឡប់មក​ទីក្រុង​វិញ ទម្រាំ​បើក​ប្រាក់ខែ ឬ​រកលុយ​បាន​។​
​លោក ង៉ែត ជូ អ្នកជំនាញ និង​ជា​អ្នក​ចូលចិត្ត​ចែករម្លែក​ពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ បាន​លើកឡើងថា ការចាយវាយ​ដែល​មិនបាន​គិតគូរ​បាន​ត្រឹមត្រូវ នឹង​បង្ក​ជា​ផល​លំបាក​នៅពេល​ក្រោយ​។ ប៉ុន្តែ​ទោះជា​មាន​ទម្លាប់​ចាយវាយ​មិន​ត្រឹមត្រូវ ក៏​យុវជន​នៅតែ​អាច​រៀបចំ​ឥរិយាបទ​ចាត់ចែង​ថវិកា​របស់ខ្លួន​បានល្អ​ដដែល ឲ្យ​តែ​ព្រម​ចាប់ផ្ដើម​គិតពី​បញ្ហា​នេះ និង​អនុវត្ត​វា​។​
 
​អ្នកជំនាញ​ហិរញ្ញវត្ថុ​រូបនេះ បាន​ប្រាប់​ពី​ការគិតគូរ​ខ្លះៗ ដែល​យុវជន​អាចអនុវត្ត​បាន​។ ទី​១ គេ​គួរ​ខំ​រក និង​សន្សំ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុន​ពិធីបុណ្យ​មកដល់​។ ទី​២ ប្រើប្រាស់​ប្រាក់​ឧបត្ថម bonus ដែល​ទទួលបាន​ពី​ស្ថាប័ន​ខ្លួន​សម្រាប់​ពិធីបុណ្យ​។ ទី​៣ លៃលក​ការចាយវាយ​សម្រាប់​ក្រោយ​ពិធីបុណ្យ និង​បន្ថយ​ការចាយ​ទៅលើ​របស់​អ្វីដែល​មិនចាំបាច់​។ 

សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ ដូចតទៅនេះ៖



 
គេ​អាច​ដឹងថា បើ​ខ្លួន​ចាយ​ច្រើនពេក នឹង​ខ្វល់ខ្វាយ​រឿង​ថវិកា​នេះ​នៅពេល​ក្រោយ​។ គេ​ដឹងថា បើ​សន្សំ ឬ​ចាយ​ត្បិតត្បៀត នឹងមាន​ផល​ល្អ​។ តែ​ការអនុវត្ត គឺ​ផ្សេង​។ ត្រង់ចំណុច​នេះ លោក ង៉ែត ជូ លើកឡើង​ពី​វិន័យ​នៃ​ការចាយវាយ​។ លោក​មានប្រសាសន៍ថា ការអនុវត្ត​វិធានការ​ហិរញ្ញវត្ថុ​របស់ខ្លួន​បានល្អ លុះត្រាតែ​បុគ្គល​នោះ​មាន​វិន័យ ដោយ​តាំងចិត្ត​ថា​ត្រូវតែ​អនុវត្តតាម​ការគិត​ទុក​របស់ខ្លួន មិន​បណ្ដោយ​ការចាយ​ទៅតាម​អារម្មណ៍​នោះឡើយ​៕
 

Tag:
 ភ្ជុំបិណ្ឌ​
  ចាយវាយ​
© រក្សាសិទ្ធិដោយ thmeythmey.com