ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ប្រាប់​ក្យូ​ដូ​ថា​លោក ហ៊ុន ម៉ា​ណែ​ត អាច​ក្លាយជា​មេដឹកនាំ​កម្ពុជា​
09, Oct 2018 , 10:11 am        
រូបភាព
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក
ដោយ: VOA
​ភ្នំពេញ៖ ​នៅក្នុង​អ្វីដែល​អាចជា​ការបង្ហាញ​ជា​សាធារណៈ​ជា​លើកដំបូង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងប្រាប់​កាសែត​ជប៉ុន​នៅក្នុង​សប្ដាហ៍​កន្លងទៅ​ថា កូនប្រុស​ច្បង​របស់លោក គឺ​លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មានលទ្ធភាព​ក្លាយជា​មេដឹកនាំ​ប្រទេស​ទៅ​ថ្ងៃ​អនាគត​។


​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo បានធ្វើ​បទ​សម្ភាស​ជា​លាយលក្ខណ៍អក្សរ​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា អំឡុងពេល​លោក​បំពេញ​ទស្សនកិច្ច​រយៈពេល​ប្រាំ​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ជប៉ុន​-​មេគង្គ បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​៖
«​លោក ហ៊ុន សែន ដែល​កាន់អំណាច​រយៈពេល​៣៣​ឆ្នាំ​មកហើយ បាន​និយាយ​ដែរ​ថា លោក​បានចាត់ទុក​កូន​ប្រុស​ច្បង​របស់លោក គឺ​លោក ហ៊ុន ម៉ា​ណែ​ត ថា​អាចជា​មេដឹកនាំ​មួយរូប​ទៅ​ថ្ងៃ​អនាគត​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​»​។​
 
​លោកនាយក​រដ្ឋមន្ត្រី ទើបបាន​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ទទួល​ជ័យជម្នះ​លើ​ការបោះឆ្នោតជាតិ​កាលពី​ខែ កក្កដា ដោយ​បានទទួល​សំឡេងគាំទ្រ​គ្រប់គ្រង​អាសនៈ​ទាំងអស់​១២៥​នៅ​រដ្ឋសភា​ក្រោម​សន្ធឹក​រិះគន់ ថា​ការបោះឆ្នោត​បាន​ប្រព្រឹត្តទៅ​ក្រោម​បរិបទ​នៃ​ការដេញ​ចាប់ចង​អ្នកជំទាស់​។​
 
​អំឡុង​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​គេ​មើលឃើញថា ជា​គូប្រជែង​ស្មើ​គីឡូ​តែមួយគត់​នឹង​គណបក្ស​ប្រជាជន ត្រូវបាន​តុលាការ​កំពូល​រំលាយចោល​កាលពី​ខែ វិច្ឆិកា ឆ្នាំទៅ​មិញ គេ​បានឮ​លោក ហ៊ុន សែន ទន្ទេញ​ជាប់មាត់​ថា​លោក​នឹង​បន្ត​កាន់អំណាច​រយៈពេល​យ៉ាងហោចណាស់​១០​ឆ្នាំ​ទៀត​។​
 
​សារព័ត៌មាន​ដដែល​របស់​ជប៉ុន​បាន​ចុះផ្សាយ​បន្ត ដោយ​ស្រង់​សម្ដី​លោក ហ៊ុន សែន ទៀតថា​៖«​យ៉ាងណាក្ដី លោក [​ហ៊ុន សែន​] បាន​ទទួលស្គាល់ថា មិន​ថា លោក​...​ឧត្ដមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត មាន​សមត្ថភាព​ដល់ក​ម្រិ​ត​ណាក៏ដោយ នៅពេលដែល​ពេលវេលា​មកដល់ មានតែ​អំណាច​ប្រជាជន​នៅ​ទូទាំងប្រទេស​ទេ ដែល​អាច​សម្រេច​ថា​អ្នកណា​នឹង​ក្លាយជា​មេដឹកនាំ​ថ្មី​របស់​ពួកគេ​»​។​
 
​កាលពី​ខែកញ្ញា​កន្លងទៅ លោក ហ៊ុន ម៉ា​ណែ​ត ដែល​គ្មាន​តួនាទី​នយោបាយ​ផ្លូវការ ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ នរោត្តម សីហមុនី ត្រាស់បង្គាប់​តែងតាំង​ជា មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា អតីត​មេបញ្ជាការ​ចាស់វស្សា ដែល​ត្រូវ​ទៅ​ទទួល​តំណែង​ជា​ទេសរដ្ឋមន្ត្រី​នៅក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​របស់លោក ហ៊ុន សែន​។
​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ធ្លាប់បាន​ថ្លែងប្រាប់​សាធារណជន​ថា មិនយូរ​មិនឆាប់ លោក ហ៊ុន ម៉ា​ណែ​ត មុខជា​នឹង​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្ដិ​ជា «​នាយ​ឧត្ដមសេនីយ៍ ផ្កាយ​មាស​បួន​» ជាក់​ជាមិនខាន​។​
 
​លោក ហ៊ុន ម៉ា​ណែ​ត ជា​កូនប្រុស​ច្បង​របស់លោក ហ៊ុន សែន នៅក្នុង​ចំណោម​បងប្អូន​ប្រុស​បីនាក់ ដែល​ត្រូវបាន​អ្នកតាមដាន​ប្រ​មើ​មើល​ទុក​ពី​នាយ​ថា​អាច​នឹង​ស្នង​តំណែង​កំពូល​របស់​ឪពុក​ពួកគេ​។​
 
​លោក ហ៊ុន ម៉ានិត កូនប្រុស​ទី​ពីរ បច្ចុប្បន្ន​ជា​អគ្គនាយក​ចារកម្ម​យោធា នៅ​ក្រសួងការពារជាតិ ខណៈដែល​លោក ហ៊ុន ម៉ា​នី កូនប្រុស​ពៅ កំពុង​បំពេញ​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​អប់រំ​និង​វប្បធម៌​នៅ​រដ្ឋសភា ក្នុងនាម​ដំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​អ្នកដឹកនាំ​ចលនា​យុវជន​ធំ​បង្អស់​មួយ​របស់​ប្រទេស​។
​នៅពេល​ត្រូវបាន​សួរថា​លោក​មាន​គោលបំណង​ស្នង​តំណែង​ពី​លោក ហ៊ុន សែន ជា​ឪពុក​ឬទេ លោក ហ៊ុន ម៉ា​នី ធ្លាប់បាន​ប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ​កាលពី​ចុងឆ្នាំ​២០១៥​ថា ការ​ក្លាយជា​នាយករដ្ឋមន្ត្រីរ​បស់​ប្រទេស​ជា​សេចក្ដីប្រាថ្នា​របស់​យុវជន​គ្រប់រូប​។
​ដោយឡែក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាលា​បណ្ឌិត្យសភា​យោធា​សហរដ្ឋអាមេរិក West Points បានបង្ហាញ​នូវ​ការប្រុងប្រយ័ត្ន ដោយ​មិន​ផ្ដល់​ចម្លើយ​ចំៗ​ទេ​ថា​លោក​ចង់ ឬ​មិន​ចង់ ស្នង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ពី​ឪពុក​របស់លោក នៅពេល​ត្រូវបាន អ្នកសារព័ត៌មាន​នៃ​បណ្ដាញ​ទូរទស្សន៍ ABC អូស្ត្រាលី ជជីក​សួរ​កាលពី​ឆ្នាំ​២០១៥​។​
 
​អំឡុងពេល​អមដំណើរ​លោក ហ៊ុន សែន ទៅ​ចូលរួម​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ កាលពី​ចុងខែ​មុន លោក ហ៊ុន ម៉ា​ណែ​ត បាន​រង​ការចោទប្រកាន់​តាមរយៈ​ការទម្លាយ​ដោយ​អនាមិក​នូវ​សារ​ឆ្លើយឆ្លង​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​អ្នក​ទម្លាយ​ទំនងជា​ចង់បង្ហាញ​អំពី​ទំនាក់ទំនង​ស្នេហា​ក្រៅ​ចំណង​មង្គលការ​របស់លោក​ជាមួយនឹង​ពិធីការនី​ទូរទស្សន៍​មួយរូប​គឺ​នាង យ៉ុង ខេមរា ដែលមាន​តួនាទី​ក្នុង​ជួរ​កងទ័ព​។ ទាំង​លោក ហ៊ុន ម៉ា​ណែ​ត និង​ពិធី​ការិនី​ខាងលើ បាន​ច្រានចោល​ការលើកឡើង ថា​ជា​រឿង​មិន​ពិត​។​
 
​ការឡើង​តំណែង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​នាំឱ្យ​លោក ហ៊ុន ម៉ា​ណែ​ត ទទួលបាន​បន្ថែម​នូវ​ការគ្រប់គ្រង​ដោយឡែក​ទៅលើ​បណ្ដា​កងពល​យុទ្ធសាស្ត្រ​សន្តិសុខ​សំខាន់ៗ​ចំនួន​៥ ដែល​ពីមុន​ធ្លាប់​ស្ថិតនៅក្រោម​បញ្ជា​ផ្ទាល់​របស់​អគ្គបញ្ជាការ​ដ្ឋា​ន​កងយោធពល​ខេមរភូមិន្ទ​។​
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​និយាយថា ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ផ្អែកទៅលើ​ការពិសោធ​និង​ការអង្កេត​ផ្ទាល់ខ្លួន​ទៅលើ​គុណភាព​ការងារ​នៃ​កូនប្រុស​ច្បង​របស់លោក ដែល​លោក​បាន​បន្ថែមថា​វា​នឹង​ពឹង​ផ្អែកលើ​សេរីភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​សម្រេច​ជ្រើសរើស​បេក្ខភាព​មេដឹកនាំ​បន្ទាប់​របស់​បក្ស​និង​ជាតិ ក្រោម​អ្វីដែល​លោក​ហៅថា​«​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​បក្ស​»​។​
 
​លោក ផៃ ស៊ី​ផាន បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា​៖«​ក៏ប៉ុន្តែ​ដាច់ដោយឡែក យើង​ឃើញ​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត មាន​អ្វីដែល​គេ​ហៅថា វិជ្ជាជីវៈ ជា​នាយទាហាន​ដែល​បាន​ហ្វឹកហ្វឺន​ពី​សហរដ្ឋអាមេរិក មានការ​ទទួល​វប្បធម៌​ពី​ខាងលិច​... ជាមួយ​ហ្នឹង លោក​ក៏បាន​ចំណាយពេល​ច្រើន​ជាមួយនឹង​ការងារ​ជាតិ ការពារ​ប្រទេសជាតិ​»​។
​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ក៏បាន​បញ្ជាក់ដែរថា ការ​បង្ហើប​របស់លោក​នាយករដ្ឋមន្ត្រី មិនមែនជា​ការបង្ហាញ​អំពី​ការរៀបចំ​ផ្ទេរអំណាច​ផ្ដាច់មុខ​ណាមួយ​ទៅឱ្យ​កូនចៅ បន្ត​វង្ស​ត្រកូល​នោះទេ ដ្បិតអី​លោក​ថា របប​សេរី​ពហុបក្ស​របស់​ជាតិ​និង​បក្ស​នឹង​បន្ត​បើក​ឱ្យមាន​ការពិចារណា​ជា​បន្ត​ទៅលើ​បេក្ខភាព​មេដឹកនាំ​បន្តវេន​។​
 
«​ចំពោះ​គណបក្ស​ប្រជាជន យើង​មាន​របៀបរបប​ការងារ​ក្នុងការ​វាយតម្លៃ​បេក្ខជន​ណាមួយ​ឱ្យក្លាយ​ទៅជា​ឥស្សរជន​នៅក្នុង​ការងារ​របស់រ​ដ្ឋ រាប់ទាំង​រដ្ឋមន្ត្រី​រហូត​ទៅដល់​នាយករដ្ឋមន្ត្រី​។ ដូច្នេះ​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​តាមរយៈ​លទ្ធិប្រជាធិបតេយ្យ មានការ​ព្រមព្រៀង​នៃ​ការបោះឆ្នោត ផ្ដល់នូវ​លទ្ធភាព​ដល់​បេក្ខជន​ណាមួយ ក្លាយជា​នាយករដ្ឋមន្ត្រី ក្នុងការ​ប្រកួតប្រជែង​តាមរយៈ​ការបោះឆ្នោត​សកល​នោះឯង​»​។​
 
​សម្រាប់​អ្នក​អត្ថាធិប្បាយ​នយោបាយ កញ្ញា លី ស្រី​ស្រស់ ការ​បង្ហើប​របស់លោក​នាយករដ្ឋមន្ត្រី​អំពី​បេក្ខភាព​មេដឹកនាំ​ទៅ​ថ្ងៃ​អនាគត មិនមែនជា​រឿង​ចម្លែក ឬ​ជា​រឿង​ភ្ញាក់ផ្អើល​អ្វី​ពេក​នោះទេ ដោយ​ថា​ការ​បង្ហើប​របស់លោក ហ៊ុន សែន នៅមាន​លក្ខណៈ​ទូលាយ ដោយ​មិន​បញ្ជាក់ថា​«​មេដឹកនាំ​មួយរូប​»​ចង់​សំដៅ​ទៅលើ​តំណែង​«​នាយករដ្ឋមន្ត្រី​»​ឬ​យ៉ាងណា​។​
«​ខ្ញុំ​ឃើញថា វា​អត់​មាន​អ្វីដែល​លក្ខណៈ​ថា​ជាការ​ចម្លែក​ទេ ពីព្រោះថា អំណាច​នៅក្នុង​ថ្ងៃ​អនាគត​របស់​ប្រទេស​កម្ពុជា​ហ្នឹង លោកនាយក​រដ្ឋមន្ត្រីរ​បស់​យើង​ហ្នឹង អាច​ផ្ទេរ​ទៅកាន់​កូន​គាត់ ឬក៏​អ្នកណា​ដែលជា​សាច់ឈាម​ស្និទ្ធ​របស់គាត់​អ៊ីចឹងទៅ​»​។
 
​តែ​កញ្ញា លី ស្រី​ស្រស់ ថា បេក្ខភាព​របស់លោក ហ៊ុន ម៉ា​ណែ​ត មានលទ្ធភាព​នៅ​ជួរមុខ​គេ ដោយសារតែ​ការ​កាន់​តួនាទី​សំខាន់​របស់លោក ក្នុង​ជួរ​យោធា​កម្ពុជា ហើយ​កញ្ញា​បន្ថែមថា បើ​លោក​ទៅគ្រប់​គ្រង​ប្រទេស​នា​ថ្ងៃ​អនាគត នឹង​នាំឱ្យមាន​សេណារីយោ​មួយ​ដែល​យោធា​មាន​តួនាទី​កាន់តែ​សំខាន់​ជាង​មុន​ក្នុង​កិច្ចការ​អភិបាលកិច្ច​ប្រទេស​៕

ប្រភពពី VOA 

© រក្សាសិទ្ធិដោយ thmeythmey.com