ជាតិ
កុមារជាង១ខួបម្នាក់នៅឧត្តរមានជ័យ ជួបគ្រោះបាក់ភ្លៅ ចំពេលឪពុកម្តាយធ្វើការនៅឆ្ងាយ នេះជារូបថតកុមារារងគ្រោះ (សូមអភ័យទោសចំពោះរូបថតដែលមានស្នាមឈាម)
× កុមារាអាយុត្រឹម១ខួប១០ខែម្នាក់នៅខេត្តឧត្តរមានជ័យ បានរងរបួសបាក់ភ្លៅ បែកក្បាល ដោយសារការដួលម៉ូតូ កាលពីវេលាថ្ងៃត្រង់ ថ្ងៃសុក្រ ទី១២ ខែតុលា នេះ នៅភូមិសាស្ត្រភូមិអូរពក សង្កាត់កូនគ្រៀល ក្រុងសំរោង។
កុមារារងគ្រោះមានឈ្មោះ សាយ ណារ៉ុង ដែលរស់នៅជាមួយជីដូនរបស់ខ្លួន។ បើតាមលោក ស្រួច គឿត មេភូមិអូរពក កុមារាវ័យជិត២ខួបរូបនោះ បានធ្វើដំណើរតាមម៉ូតូជាមួយបងស្រីជីដូនមួយរបស់ខ្លួនក្នុងដំណើរត្រឡប់ពីជូនជីដូនទៅកាត់ចុងផ្តៅ នៅក្នុងព្រៃ។
«អ្វីដែលគួរឲ្យអាណិតនោះ គឺឪពុកម្តាយគាត់មិននៅក្បែរនោះឡើយ ដោយម្តាយទើបវិលត្រឡប់ទៅធ្វើការរោងចក្រនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានមួយថ្ងៃប៉ុណ្ណោះក្រោយភ្ជុំបិណ្ឌ ហើយឪពុកទៅរកស៊ីនៅខេត្តផ្សេងទៀត»។ នេះជាការរៀបរាប់របស់លោកមេភូមិអូរពក ដោយអះអាងថា កុមារារងគ្រោះ ត្រូវបានបងជីដូនមួយដែលជិះម៉ូតូដួលនោះ នាំទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាបដើម្បីសង្គ្រោះបន្ទាន់។
លោក ស្រួច គឿត បានបន្ថែមថា ក្នុងដំណើរទៅកាន់មន្ទីរពេទ្យក្នុងខេត្តសៀមរាប ព្រះសង្ឃមួយអង្គបានរ៉ាប់រងលើចំណាយថ្លៃរថយន្ត ប៉ុន្តែការចាយវាយផ្សេងទៀតមានការខ្វះខាតនៅឡើយ។
ថ្លែងប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទ ជាមួយនឹងអាការៈក្តុកក្តួល អ្នកស្រី ឆា រី អាយុ២៦ឆ្នាំ ដែលត្រូវជាម្តាយ បានបញ្ជាក់ថា គាត់ទើបតែត្រឡប់ចូលធ្វើការក្នុងរោងចក្រនៅតាខ្មៅវិញ បានមួយព្រឹកប៉ុណ្ណោះ។ ក្រោយឮដំណឹងបែបនេះ គាត់បានបង្ខំចិត្តសម្រាកពីការងារដើម្បីទៅមើលថែកូននៅមន្ទីរពេទ្យ។
កម្មការិនីរូបនេះ បានរៀបរាប់ថា គាត់បានទុកកូនទាំងពីរឲ្យនៅជាមួយម្តាយ ដោយកូនស្រីច្បងមានអាយុជាង៩ឆ្នាំ និងកូនប្រុសអាយុជាង១ខួប ពីព្រោះគាត់ត្រូវចេញធ្វើការរកលុយ រីឯស្វាមីក៏ធ្វើជាកម្មករផងដែរនៅខេត្តផ្សេង៕
© រក្សាសិទ្ធិដោយ thmeythmey.com