កីឡាអន្តរជាតិ
អន្តរជាតិ
Henry ទំនងឡើងជំនួសតំណែង Jardim នៅ Monaco
× Thierry Henry ដែលបច្ចុប្បន្នជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក ទំនងជាអាចក្លាយជាអ្នកចាត់ការទូទៅថ្មីក្រុម AS Monaco បន្ទាប់ពីលោក Leonardo Jardim បានសម្រេចចាកចេញពីតំណែងកាលពីថ្ងៃព្រហស្បតិ៍។
អតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិបារាំងដែលបានជួយក្រុមឈ្នះពាន World Cup ឆ្នាំ១៩៩៨ ធ្លាប់មានប្រវត្តិស៊ុតបាល់បញ្ចូលទីលើសពី ៤០០ គ្រាប់ និងទទួលបានពានកិត្តិយសជាច្រើនពីក្លិបធំៗដែលរូបគេបានប្រកបអាជីព។
Thierry Henry កាលនៅជាកីឡាកររបស់ AS Monaco
បន្ទាប់ពីការប្រកាសរបស់ក្លិប Monaco ពីការចាកចេញរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ វ័យ៤៤ឆ្នាំ Jardim ដែលបានដឹកនាំក្រុមអស់រយៈពេល៤ឆ្នាំដោយបានឈ្នះពាន Ligue 1 មួយលើក និងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League មួយលើកនោះ ក៏មានការចុះផ្សាយពីបណ្តាសារព័ត៌មានល្បីៗថាក្លិបនេះកំពុងចរចាដើម្បីនាំយក Henry មកដឹកនាំជំនួសវិញ។
បច្ចុប្បន្ន Monaco ស្ថិតក្នុងចំណាត់ថ្នាក់ទី១៨ ក្នុងតារាងក្របខណ្ឌ Ligue 1 ដោយឈ្នះតែ១ប្រកួតប៉ុណ្ណោះក្នុងចំណោម៩ ប្រកួតក្រោមការដឹកនាំរបស់លោក Jardim ដែលបានដឹកនាំក្លិបនេះឈ្នះពានកំពូលបារាំងនៅឆ្នាំ២០១៧ ជាលើកទី១ ចាប់តាំងពីឆ្នាំ២០០០មក។
Henry អតីតខ្សែប្រយុទ្ធ Arsenal, Barcelona និង Juventus ដែលមានវ័យ៤១ឆ្នាំ ក៏ត្រូវបានទាក់ទងនឹងការងារជាអ្នកចាត់ការ Aston Villa ផងដែរ ខណៈពេលនេះរូបគេនៅជាជំនួយការគ្រូបង្វឹកកលោក Roberto Martinez របស់ជម្រើសជាតិបែលហ្ស៊ិកនៅឡើយ។
Henry បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ដំបូងរបស់ខ្លួននៅ Monaco នេះឯង ដោយនាំក្រុមឈ្នះជើងឯក Ligue 1 នៅរដូវកាល ១៩៩៦-៩៧។ កាលនោះ Monaco ស្ថិតក្រោមការដឹកនាំរបស់លោក Jean Tigana និងសម្បូរដោយកីឡាករមានទេពកោសល្យដូចជា David Trezeguet, Emmanuel Petit, John Collins, Enzo Scifo និងអ្នកចាំទី Fabien Barthez ជាដើម៕
Tag:
បាល់ទាត់
Monaco
Thierry Henry
Leonardo Jardim
© រក្សាសិទ្ធិដោយ thmeythmey.com