នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី ស៊ានឡុង បានអំពាវនាវឲ្យបណ្តាប្រទេសអាស៊ាន បន្តប្រកាន់ខ្ជាប់នូវប្រព័ន្ធពហុភាគីនិយម និងគាំទ្រសមាហរណកម្មតំបន់ដើម្បីធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីឥណ្ឌួណេស៊ី ចូកូ វីដូដូ (Joko Widodo) ក្រោយកិច្ចប្រជុំបណ្តាប្រមុខដឹកនាំអាស៊ាន រួមជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) នៅកោះប៉ាលីថ្ងៃ ១១ ខែតុលា លោក លី ស៊ានឡុង បានលើកឡើងពីសារសំខាន់នៃប្រព័ន្ធពហុភាគី និងការបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់។
បើតាម ទូរទស្សន៍សិង្ហបុរី Channel NewsAsia លោក លី បាននិយាយបែបនេះ៖ «អាស៊ាននៅតែរក្សាយ៉ាងខ្ជាប់ខ្ជួនក្នុងការប្រកាន់យកប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ដោយផ្អែកលើច្បាប់ និងបើកចំហរ ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ក្នុងពេលប៉ុន្មានទសវត្សន៍ចុងក្រោយនេះ»។
ដើម្បីសម្រេចបានគោលដៅខាងលើ នាយករដ្ឋមន្ត្រីវ័យ៦៦ឆ្នាំរូបនេះលើកឡើងថា សិង្ហបុរីសម្រេចកំណត់យក «ការអភិវឌ្ឍប្រកបដោយចីរភាព» ជាមូលបទចម្បងសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ក្នុងឆ្នាំ២០១៨នេះថែមទៀតផង។
បន្ថែមពីនេះ លោក លី ក៏បានកត់សម្គាល់ផងដែរពីបញ្ហាប្រឈមមួយចំនួនដែលអាស៊ានជួបប្រទះជុំវិញការឈានទៅសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ បញ្ហាទាំងនោះរួមមាន ការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធសេដ្ឋកិច្ច, កំណើនយ៉ាងលឿនរហ័សនៃនគររូបនីយកម្ម និងកំណើនមនុស្សវ័យចំណាស់ក្នុងតំបន់ជាដើម។
«ស្របពេលយើងប្រឹងប្រែងសម្រេចឲ្យបាននូវសមាហណកម្មសេដ្ឋកិច្ច វាពិតជាសំខាន់ណាស់ដែលអាស៊ានគួរតែអនុវត្តគោលដៅរបស់ខ្លួន ឲ្យស្របជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាលទ្ធផលនោះកំណើនសេដ្ឋកិច្ច នឹងផ្តល់នូវការរីកចម្រើនយ៉ាងប្រាកដ ទៅដល់ជីវភាពប្រជាពលរដ្ឋរបស់យើង»។ លោកលី បានពន្យល់បែបនេះ។
ក្នុងនាមជាប្រធានអាស៊ាន លោក លី បញ្ជាក់ថា សិង្ហបុរីផ្តោតសំខាន់លើកការពន្លឿសមាហរណកម្មសេដ្ឋកិច្ចតំបន់តាមរយៈការដាក់ចេញគំនិតផ្តួចផ្តើមមួយចំនួនដែលមានគោលដៅលើកស្ទួយ និងពង្រឹងការកសាងសមត្ថភាព បច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សក្នុងតំបន់អាស៊ាន។ គំនិតផ្តួចផ្តើមទាំងនោះមានការដំឡើងកម្រិតមជ្ឈមណ្ឌលសម្រាប់សមាហណកម្មអាស៊ាន ក្នុងប្រទេសកម្ពុជា, វៀតណាម និងឡាវ ទៅជាមជ្ឈមណ្ឌលសហប្រតិបត្តិការសិង្ហបុរី។
លើសពីនេះទៅទៀត ដើម្បីបន្ថយគម្លាតនៃការអភិវឌ្ឍក្នុងតំបន់ សិង្ហបុរីក៏បានបង្កើតការិយាល័យហេដ្ឋារចនាសម្ព័ន្ធ ឬរចនាសម្ព័ន្ធអាស៊ី (Infrastructure Asia) កាលពីខែមេសាកន្លងទៅដើម្បីគាំទ្រការអនុវត្ត និងជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
លោកលី បានអះអាងបែបនេះ និងបង្ហាញក្តីសង្ឃឹមថា សកម្មភាពទាំងអស់នេះនឹងផ្តល់សន្ទុះដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងបណ្តាសមាជិកអាស៊ាន។
ជាចុងក្រោយ លោក លី បានលើកឡើងជាថ្មីថា ការអភិវឌ្ឍប្រកបដោយចីរភាពជាគោលដៅរួមមួយសម្រាប់បណ្តាសមាជិកអាស៊ាន។ លោកនិយាយដូច្នេះថា៖ «វាគ្មានគំរូជាក់លាក់ណាមួយទេសម្រាប់ប្រទេសទាំងអស់ ប៉ុន្តែយើងមានពេលវេលាច្រើនគួរសមសម្រាប់រៀនសូត្រពីបទពិសោធន៍គ្នាទៅវិញទៅមក ហើយយើងអាចទទួលបានផលប្រយោជន៍ដ៏សមប្រកបសម្រាប់យើងទាំងអស់គ្នា»៕