កីឡាជាតិ
ជាតិ
សម្តេច ស ខេង ផ្តល់ថវិកា២០លានរៀលដល់ក្រុមសូហ្វតិន្នីស ក្រោយឈ្នះមេដាយអាស៊ាន១០
× សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់ថវិកាចំនួន២០លានរៀលដល់ក្រុមកីឡាសូហ្វតិន្នីសកម្ពុជា ដើម្បីជាការលើកទឹកចិត្ត ក្រោយពួកគេដណ្តើមបានមេដាយចំនួន១០ពីព្រឹត្តិការណ៍ SEA Soft Tennis Championship 2018 ដែលរៀបចំនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។
ដើម្បីលើកទឹកចិត្តដល់កីឡាករកីឡាការិនីកីឡាសូហ្វតិន្នីស ដែលបានសាងភាពល្បីល្បាញនៅលើឆាកអន្តរជាតិ ក្រោយដណ្តើមបានមេដាយមាស២ ប្រាក់៣ និងសំរឹទ្ធ៥ ពីព្រឹត្តិការណ៍ SEA Soft Tennis Championship 2018 សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់ថវិកាចំនួន៥០លានរៀល។ ថវិកាទាំងនេះត្រូវបានលោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃប្រគល់ជូនក្រុមកីឡាករសូហ្វតិន្នីស កាលពីព្រឹកថ្ងៃទី១២ ខែតុលា នៅទីស្នាក់ការក្រសួងមហាផ្ទៃ។
លទ្ធផលជារួម កម្ពុជាឈរចំណាត់ថ្នាក់លេខ២ក្នុងចំណោម៦ប្រទេសចូលរួម។ សម្រាប់ព្រឹត្តិការណ៍ដែលរៀបចំនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនពីថ្ងៃទី៥-៧ ខែតុលានេះ កម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីចំនួន១៤រូប(ស្រី៦)ឲ្យចូលរួម។ ប្រតិភូកីឡា ដែលដឹកនាំដោយលោក ជា ប៊ុនហេង អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បាននាំយកមេដាយទាំងនេះមកដល់កម្ពុជាកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។
កម្ពុជាធ្លាប់ចូលរួមព្រឹត្តិការណ៍នេះពីរលើករួចមកហើយ កាលពីហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០១៧ កម្ពុជាឈ្នះមេដាយមាសលើវិញ្ញាសាវាយជាក្រុមបុរស ក្រោយយកឈ្នះម្ចាស់ផ្ទះហ្វីលីពីនយ៉ាងប្រផិតប្រផើយនៅវគ្គផ្តាច់ព្រ័ត្រ។ នៅឆ្នាំ២០១៦ នៅម៉ាឡេស៊ី កម្ពុជាទទួលបានមេដាយប្រាក់លើវិញ្ញាសាវាយជាក្រុមនារី៕
Tag:
សូហ្វតិន្នីស
SEA Soft Tennis Championship
© រក្សាសិទ្ធិដោយ thmeythmey.com