អន្តរជាតិ
អាមេរិក​ចាប់ផ្តើម​ចរចា​ជាមួយ​កូរ៉េខាងត្បូង​ជាថ្មី​រឿង​ទារ​ថ្លៃ​ការពារ​
12, Oct 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កូរ៉េខាងត្បូង​និង​អាមេរិក​នឹង​ចាប់ផ្តើម​ពិភាក្សាគ្នា​ជាថ្មីទៀត​នៅ​ដើម​សប្តាហ៍​ក្រោយ​លើ​ការទាមទារ​របស់លោក ដូ​ណា​ល់ ត្រាំ ឲ្យ​កូរ៉េខាងត្បូង​បង្កើន​ថ្លៃ​ចំណាយ​លើ​ថ្លៃ​ការពារ​។ ក្រុង​សេ​អ៊ូ​ល​មិន​ចង់​ឲ្យ​មានការ​បង្កើន​សព្វាវុធ​ឬ​ទ័ព​អាមេរិក​បន្ថែម​ឡើយ ប៉ុន្តែ​ខ្លួន​នៅ​ចាត់ទុក​វត្តមាន​កងទ័ព​អាមេរិក​ជិត ៣​ម៉ឺន​នាក់​ជា​រឿង​ចាំបាច់​។


 
​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី ១២ ខែតុលា ដោយ​ស្រង់​សម្តី​ក្រសួងការបរទេស​កូរ៉េខាងត្បូង​ថា កិច្ចពិភាក្សា​រវាង​កូរ៉េខាងត្បូង និង​អាមេរិក​លើ​ការ​ឈានទៅ​សម្រាល​បន្ទុក​នៃ​ការចំណាយ​របស់​អាមេរិក​នៅ​កូរ៉េខាងត្បូង​នឹងមាន​រយៈពេល​ពីរ​ថ្ងៃ​ចាប់ផ្តើម​ឡើង​ពីថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។ វា​ជា​កិច្ចប្រជុំ​លើ​ទី​ប្រាំបី​ហើយ​។ 
 
​ក្រសួង​ដដែល​នេះ​បាន​បញ្ជាក់ថា កិច្ចពិភាក្សា​នឹង​ផ្តោត​សំខាន់​លើ​ការទាមទារ​របស់​អាមេរិក​ដែល​ឲ្យ​កូរ៉េខាងត្បូង​បង្កើន​ថវិកា​សម្រាប់​ជួយ​រម្លែក​បន្ទុក​អាមេរិក​ដែលមាន​កងទ័ព​ប្រហែល ២៨០០០​នាក់​នៅ​ឈរជើង​នៅ​ទីនោះ​ផង​។ វា​មាន​លេច​ធ្លាយ​ព័ត៌មាន​ផងដែរ​ថា អាមេរិក​ចង់​ឲ្យ​កូរ៉េ​បង្កើន​ការចំណាយ​ដល់​៥០​ភាគរយ​បន្ថែមទៀត​លើ​ការចំណាយ​បច្ចុប្បន្ន​។​
 
​នៅក្នុង​ពេលធ្វើ​សវនកម្ម​របស់​សភា​លើ​កិច្ចការងារ​របស់​ក្រសួងការបរទេស​នៅ​ដើម​សប្តាហ៍​នេះ សមាជិកសភា​មកពី​បក្ស​សេរីភាព​កូរ៉េ​ដែលជា​បក្សប្រឆាំង​ដ៏​ធំ​មួយ Chung Jin-seok បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ បង្កើន​ការចំណាយ​ឲ្យ​ដល់ ១,៥​ទ្រី​លាន​វ៉ុ​ន ឬ ១,៣ ពាន​លាន​ដុល្លារ​អាមេរិក ខណៈដែល​ការចំណាយ​បច្ចុប្បន្ន​មាន​ត្រឹម ៩៦០ ពាន់​លាន​វ៉ុ​ន ឬ​៨៤៨ លាន​ដុល្លារ​ប៉ុណ្ណោះ​។ 
 
​រដ្ឋបាល​អាមេរិក​ចង់​ឲ្យ​កូរ៉េខាងត្បូង​ចំណាយ​បន្ថែម​លើ​ការពង្រាយ​អាវុធ​យុទ្ធសាស្ត្រ​ក្នុង​លក្ខខណ្ឌ​ធម្មតា និង​ស្ថាន​ភាពអាសន្ន​នៅលើ​ទឹកដី​កូរ៉េ និង​ក្នុង​ប្រតិបត្តិការ​ផ្សេង​ទៀតផង​។ សព្វាវុធ​យុទ្ធសាស្ត្រ​នោះ​មាន​រួមបញ្ចូល​ទាំង​យន្តហោះ​បំបាំងកាយ​, នាវា​ដឹក​យន្តហោះ​ចម្បាំង និង​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ផងដែរ​។​
 
​យ៉ាងណាក៏ដោយ កូរ៉េខាងត្បូង​ជំទាស់​ដាច់ខាត​លើ​ការបង្កើន​សព្វាវុធ ឬ​វត្តមាន​កងទ័ព​ជា​លក្ខ​ខណៈ​ទ្រង់ទ្រាយ​ធំ​នោះ ប៉ុន្តែ​រដ្ឋាភិបាល​នេះ​នៅតែ​យល់ស្រប​ចំពោះ​ការធានា​រក្សា​វត្តមាន​ក​ង​ទ័ព​អាមេរិក​ប្រមាណ ២៨៥០០​នាក់​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​របស់ខ្លួន​ដដែល​។​
 
​តាមពិតទៅ វា​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ​ដែល​ការចរចា​គ្នា​លើ​ការចែករំលែក​បន្ទុក​នៃ​ការចំណាយ​យោធា​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​នេះ​។ តាំងពី​ពេល​ឃោសនាបោះឆ្នោត​ឆ្នាំ ២០១៦ មក លោក ត្រាំ បាន​បន្ត​លើក​ឡើងជា​ញឹកញាប់​ថា អាមេរិក​ចង់​ឲ្យ​ទាំង​កូរ៉េខាងត្បូង និង​ជប៉ុន​បង្កើន​ការចំណាយ​លើ​ថ្លៃ​ការពារ​ដែល​អាមេរិក​ផ្តល់​ឲ្យ​ជាពិសេស​វត្តមាន​កងទ័ព​អាមេរិក​រាប់ម៉ឺន​នាក់​ដែល​កំពុង​ឈរជើង​នៅ​ជប៉ុន និង​ឧបទ្វីប​កូរ៉េ​ផង​នោះ​។ 
 

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  ការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com