ជាតិ
រយៈពេល​៨​ខែ មាន​ពលរដ្ឋ​ជាង​៨​លាន​នាក់ បាន​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ​
13, Oct 2018 , 7:39 pm        
រូបភាព
រូបភាព​ពី​ក្រសួង​សុខាភិបាល
រូបភាព​ពី​ក្រសួង​សុខាភិបាល
​ភ្នំពេញ​៖ ក្នុង​រយៈពេល ៨​ខែ​ដើម​ឆ្នាំនេះ ប្រជាពលរដ្ឋ​ចំនួន ៨,៥៧៣,៦៩០​នាក់ បាន​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ​ទូទៅ​ប្រទេស​។



ចំនួន​ទាំងអស់នោះ ផ្ដោត​ទៅ​ការពិនិត្យ​ពិគ្រោះ​ជំងឺ​ក្រៅ​, អ្នកជំងឺ​សម្រាក​ព្យាបាល និង​ស្ត្រី​សម្រាលកូន​។ នេះ​បើតាម​ស្ថិតិ​នៃ​ការប្រើប្រាស់​សេវា​ថែទាំ​សុខភាព ដែល​ចេញផ្សាយ​ដោយ​ក្រសួងសុខាភិបាល​។​
 
​ស្ថិតិ​នៃ​ការប្រើប្រាស់​សេវា​ថែទាំ​សុខភាព​របស់​ពលរដ្ឋ​ក្នុង​រយៈពេល ៨​ខែ​ដើមឆ្នាំ​២០១៨ គិត​ចាប់ពី​ខែមករា ដល់​ខែសីហា បាន​បង្ហាញថា ពលរដ្ឋ​កម្ពុជា​ចំនួន ៨,៥៧៣,៦៩០​នាក់ បានមក​ទទួល​សេវា​ថែទាំ​សុខភាព នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ​ទូទាំងប្រទេស​។

បើតាម​ស្ថិតិ​ខាងលើ ពលរដ្ឋ​ចំនួន ៧,៧៥១,២៣៦​នាក់ បានមក​ពិនិត្យ​ពិគ្រោះ​ជំងឺ និង​ពលរដ្ឋចំនួន៦៣៣,៦៩៤​នាក់​ផ្សេងទៀត បានមក​សម្រាក​ព្យាបាល​។ ដោយឡែក ស្ដ្រី​សម្រាលកូន មាន​ចំនួន ១៨៨,៧៦០​នាក់ ក្នុងនោះ ៩៦,៦៤៣​នាក់ សម្រាលកូន​នៅ​មណ្ឌល​សុខភាព​។ 
 
​យោងតាម​ស្ថិតិ​ដដែល ក្នុងចំណោម​ពលរដ្ឋ​ចំនួន ៨,៥៧៣,៦៩០​នាក់ ដែល​មកប្រើប្រាស់​សេវា​ថែទាំ​សុខភាព​នេះ មាន​ពលរដ្ឋ​ចំនួន ១,៤៦០,០៦៥​នាក់ ជា​ពលរដ្ឋ​ក្រីក្រ ដោយ​ពួកគេ​ទទួលបាន​ការគាំទ្រ​ពី​កម្មវិធី​មូលនិធិ​សមធម៌ របស់​រាជរដ្ឋាភិបាល​៕
 

Tag:
 ក្រសួងសុខាភិបាល​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com