អន្តរជាតិ
ការផ្ទុះ​គ្រាប់បែក​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​មនុស្ស​១៣​នាក់​
14, Oct 2018 , 7:59 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
ដោយ: VOA
​មនុស្ស​យ៉ាងហោចណាស់​១៣​នាក់​បាន​ត្រូវ​សម្លាប់ ហើយ​២១​នាក់​ទៀត​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ​មួយ​លើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅក្នុង​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​រសៀល​ថ្ងៃ​សៅរ៍​។​


 
​ពួក​មន្ត្រី​នៅក្នុង​ខេត្ត Takhar បាន​និយាយថា ជនរងគ្រោះ​ភាគច្រើន​ជា​ជន​ស៊ីវិល លើកលែងតែ​ប៉ូលិស​២​នាក់​ហើយ​និង​មនុស្ស​ម្នាក់ទៀត​មកពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អា​ហ្វ​ហ្គា​នី​ស្ថាន (NDS)​។​
 
​លោក Khalil Aseer អ្នកនាំពាក្យ​ប៉ូលិស​ខេត្ត Takhar បាន​និយាយថា គ្រឿងផ្ទុះ​ភ្ជាប់​ទៅនឹង​ម៉ូតូ​បាន​ផ្ទុះ​ខណៈដែល​ហ្វូងមនុស្ស​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ចូលរួម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក​ស្រី Nazefa Yosufi បេក្ខជន​ស្ត្រី​សម្រាប់​ការបោះឆ្នោត​សភា​នៅពេល​ខាងមុខ​។ បេក្ខជន​រូបនេះ​មិនបាន​ទទួល​គ្រោះថ្នាក់​ទេ​។​
 
​ស្ត្រី​ជាង​៤០០​នាក់​កំពុង​ឈរឈ្មោះ​នៅក្នុង​ការបោះឆ្នោត​សភា ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២០ នៅ​ខែតុលា​នេះ​។ បេក្ខជន​ជាង​២,៥០០​នាក់​កំពុង​ប្រកួតប្រជែង​អាសនៈ​២៤៩​។ អាសនៈ​សភា​ចំនួន​៦៨​ត្រូវបាន​គេ​រក្សាទុក​សម្រាប់​ស្ត្រី​។ រហូតមកទល់​ពេលនេះ មិនមាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នោះទេ​។​
 
​ទោះជា​យ៉ាងណាក៏ដោយ ពួក​តា​លី​បាន​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ហៅ​ការបោះឆ្នោត​នេះ​ថា ក្លែងក្លាយ​ហើយ​ជាការ​ឃុបឃិត​ដើម្បី​បោកប្រាស់​ពលរដ្ឋ និង​ធ្វើ​ឲ្យ​សម្រេច​ផលប្រយោជន៍​បរទេស ព្រមទាំង​បាន​សុំ​ឲ្យ​ពួក​អ្នកគាំទ្រ​បង្អាក់ដំណើរ​ការបោះឆ្នោត​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com