កីឡាអន្តរជាតិ
អន្តរជាតិ
Koscielny ចូលនិវត្តន៍ពីជម្រើសជាតិបារាំង ព្រោះអន់ចិត្តដែល Deschamps កន្តើយនឹងរបួសខ្លួន
× Laurent Koscielny បានសម្រេចចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំងបន្ទាប់ពីរូបគេបានរិះគន់លោក Didier Deschamps ដែលព្រងើយកន្តើយពីដំណើរការព្យាបាលរបួសរបស់ខ្លួន។
ខ្សែការពារ និងជាប្រធានក្រុម Arsenal រូបនេះបានទទួលរងរបួសនៅពេលប៉ះ Atletico Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League តាំងពីខែឧសភាកន្លងទៅ ដែលធ្វើឲ្យរូបគេត្រូវខកខានចូលរួមជាមួយមាន់គកបារាំងក្នុងការប្រកួត World Cup នៅរុស្ស៊ីទៀតផង។
Koscielny ដែលបច្ចុប្បន្នមានវ័យ ៣៣ឆ្នាំបានលើកឡើងថា៖«មានអ្នកខកចិត្តចំពោះគាត់ អំឡុងពេលគាត់ឈប់សំរាកដោយសាររបួសនោះ។ នៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពល្អអ្នកមានមិត្តភក្តិច្រើន តែនៅពេលដែលអ្នកញាំញីដោយរបួសរយៈពេលយូរនោះ អ្នកត្រូវបានបំភ្លេចចោល។ គាត់ [Deschamps] បានទូរសព្ទមកខ្ញុំម្តងនៅថ្ងៃខួបកំណើតរបស់ខ្ញុំនៅខែកញ្ញា។ មានមនុស្សជាច្រើនខកចិត្តនឹងខ្ញុំ មិនត្រឹមតែគ្រូបង្វឹកប៉ុណ្ណោះទេ»។
Koscielny រងរបួសជើងអំឡុងពេលប៉ះ AT-Madrid ពាន Europa League
ខ្សែការពារឆ្នើមរបស់ក្រុមកាំភ្លើងធំរូបនេះ ធ្លាប់បានប្រកាសពីការចូលនិវត្តន៍ពីជម្រើសជាតិម្តងដែរ កាលពីឆ្នាំ២០១៧ ពោលគឺមុនការប្រកួត World Cup ២០១៨នេះ ហើយថែមទាំងនិយាយថា ទោះមិនមានវត្តមានក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះក៏ដោយ តែរូបគេនៅតែមិនផ្លាស់ប្តូរចិត្តដែរ។
Koscielny បានបង្ហាញខ្លួន ៥១ប្រកួតឲ្យជម្រើសជាតិបារាំង ពោលគឺតាំងពីខែវិច្ឆិកា ឆ្នាំ ២០១១ និងបានចូលរួមក្នុងព្រឹត្តិការណ៍ European Championships ក្នុងឆ្នាំ ២០១២ និង ២០១៦ ក៏ដូចជាការប្រកួត World Cup ឆ្នាំ២០១៤ នៅប្រេស៊ីលផងដែរ៕
Tag:
បាល់ទាត់
Laurent Koscielny
Didier Deschamps
ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com