កីឡាជាតិ
ជាតិ
អតីតមិត្តរួមក្រុម Pahang FA ថា វឌ្ឍនាកា ជាកីឡាករដែលអាចបង្កគ្រោះថ្នាក់ដល់សិង្ហបុរី
× ភ្នំពេញ៖ កីឡាករសិង្ហបុរី Safuwan Baharudin អតីតមិត្តរួមក្លិបក្របខណ្ឌកំពូលម៉ាឡេស៊ី Pahang FA បានចាត់ទុក ចាន់ វឌ្ឍនាកា ជាខ្សែប្រយុទ្ធដ៏ល្អ និងមានទេពកោសល្យខ្ពស់ ដែលអាចបង្កគ្រោះថ្នាក់ដល់ក្រុមសិង្ហបុរី នាជំនួបមិត្តភាពអន្តរជាតិនៅថ្ងៃទី១៦ ខែតុលា នាពហុកីឡដ្ឋានជាតិ។ តែខ្សែការពាររូបនេះ ប្តេជ្ញាខិតខំលេងឲ្យអស់ពីសមត្ថភាព និងការពារឲ្យបានល្អ ដើម្បីរារាំងកុំឲ្យមានការស៊ុតបញ្ជូលទី។
ក្នុងក្រសែភ្នែកអតីតមិត្តរួមក្លិបក្របខណ្ឌកំពូលម៉ាឡេស៊ី Pahang FA រូបនេះ កីឡាករ ចាន់ វឌ្ឍនាកា ជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់កម្ពុជា ដែលពោរពេញដោយបទពិសោធ និងបច្ចេកទេស។ លើសពីនេះ រូបគេបានចាត់ទុកខ្សែប្រយុទ្ធឆ្នើមរូបនេះថា ជាកីឡាករដែលអាចបង្កគ្រោះថ្នាក់ ដែលសិង្ហបុរីត្រូវផ្តោតសំខាន់ និងយកចិត្តទុកដាក់ខ្ពស់។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ កីឡាករអាចលេងច្រើនទីតាំងរូបនេះបាននិយាយថា៖«បើសិនយើងមិនផ្តោតនិងយកចិត្តទុកដាក់ឲ្យបានល្អ គាត់ប្រហែលជាអាចបង្កបញ្ហាដល់ក្រុមយើង។ ខ្ញុំបានមើលការប្រកួតជាច្រើនរបស់ វឌ្ឍនាកា ពិសេសក្នុងព្រឹត្តិការណ៍ AFF Suzuki Cup លើកមុន ក៏ដូចជាការហ្វឹកហាត់រួមគ្នានៅ Pahang FA គាត់ជាកីឡាករមានបច្ចេកទេស និងបំលាស់ទីល្អ ដែលអាចយកឈ្នះកីឡាករពី២ទៅ៣នាក់ក្នុងពេលហ្វឹកហាត់និងប្រកួត»។
រូបគេបានបន្ថែមថា៖«តាមបទពិសោធជាមិត្តរួមក្រុមជាមួយគ្នានៅ Pahang FA ចំនួន៦ខែ ខ្ញុំមើលឃើញថា វឌ្ឍនាកា ជាកីឡាករមានបច្ចេកទេសខ្ពស់ និងជាខ្សែប្រយុទ្ធដ៏ល្អបំផុតរបស់កម្ពុជា និងជាកីឡាករសំខាន់ក្នុងក្រុមជម្រើសជាតិកម្ពុជា។ គាត់ជាកីឡាករអាចផ្លាស់ប្តូរស្ថានភាពក្នុងការប្រកួត តាមរយៈការបង្កើតឲ្យឱកាសកើតឡើងក្នុងស្ថានភាពក្រុមគ្មានអ្វីសោះ»។
កីឡាករដែលអាចលេងនៅតំបន់ការពារ បម្រើ និងប្រយុទ្ធរូបនេះប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព សម្រាប់ជំនួបមិត្តភាពអន្តរជាតិជាមួយកម្ពុជា ដើម្បីស្វែងរកលទ្ធផលមួយដ៏ល្អ។ តែយ៉ាងណារូបគេថា ការជួបគ្នាលើកនេះ នឹងក្លាយជាជំនួបដ៏តានតឹងនិងស្វិតស្វាញបំផុត ព្រោះក្រុមទាំងពីរសុទ្ធតែបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ជំនួបមួយនេះ។
ទោះបីវាជាជំនួបមិត្តភាព តែជាការប្រកួតតេស្តសមត្ថភាពកីឡាករក្នុងការស្វែងរកទម្រង់លេងល្អមួយ ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF Suzuki Cup ប្រចាំឆ្នាំ២០១៨ នាខែវិច្ឆិកា ខាងមុខនេះ។
មុនមកជួបកម្ពុជា ក្រុមសិង្ហបុរីបានប្រកួតមិត្តភាពអន្តរជាតិ៣លើករួចមកហើយ ដោយលទ្ធផលស្មើ ១-១ ជាមួយក្រុមជម្រើសជាតិម៉ូរីស មុនយកឈ្នះជម្រើសជាតិហ្វ៊ីជី ២-០ និងឈ្នះម៉ុងហ្គោលី ២-០។ ចំណែកកម្ពុជាចាញ់ម៉ាឡេស៊ី ៣-១ និងស្មើ ២-២ ជាមួយទីម័រខាងកើត៕
Tag:
ជម្រើសជាតិកម្ពុជា
ចាន់ វឌ្ឍនាកា
សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com