អន្តរជាតិ
អ៊ីរ៉ង់​ថា លោក​ដូ​ណា​ល់​ត្រាំ​មិនអាច​ទម្លាក់​តម្លៃ​ប្រេង​ដោយ​ការ​សម្លុត​បានឡើយ​
17, Oct 2018 , 8:59 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ:
​រដ្ឋមន្ត្រី​ប្រេងកាត​អ៊ីរ៉ង់​បាន​និយាយ​នៅ​ថ្ងៃទី​១៦ ខែតុលា​ថា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មិនអាច​ទម្លាក់​តម្លៃ​ប្រេង ដោយ​ការ​សម្លុត​ប្រទេស​ដ៏​ទៃ​ផ្សេងទៀត​បាន​នោះឡើយ​។ រដ្ឋមន្ត្រី​រូប​អ៊ីរ៉ង់​នេះ​ក៏បាន​អះអាងថា មូល​ហេតុដែល​បណ្តាល​ឲ្យ​ទីផ្សារ​មាន​ភាព​រង្គោះរង្គើ​គឺ​ដោយសារតែ ការផ្គត់ផ្គង់​ប្រេង​នៅក្នុង​ទីផ្សារ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ក្រោយ​អាមេរិក​ដាក់​គំនាប​លើ​ការនាំចេញ​អ៊ីរ៉ង់​។​

 
​កន្លងទៅ​រដ្ឋបាល​សហ​រដ្ឋ​អាមេរិក​បានដាក់​គំនាប​លើ​សម្ពន្ធមិត្ត​របស់ខ្លួន ដើម្បី​កាត់ផ្តាច់​ការនាំ​ចូល​ប្រេង​ពី​ក្រុមហ៊ុន​អ៊ីរ៉ង់​។ លើសពីនេះ​ក្រុង​វ៉ាស៊ីនតោន ក៏បាន​លើកទឹកចិត្ត​អា​រ៉ា​ប៊ី​សា​អូឌីត​, រុស្ស៊ី និង​សមាជិក​អង្គការ OPEC ផ្សេងទៀត​ឲ្យ​បង្កើន​ការ​បូម​ប្រេង​បន្ថែមទៀត​ដើម្បី​សមស្រប​ទៅនឹង​ការធ្លាក់ចុះ​ការផ្គត់ផ្គង់​ថ្មីៗ​នេះ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត​មាន Reuters លោក Bijan Zanganeh រដ្ឋមន្ត្រី​ប្រេងកាត​អ៊ីរ៉ង់​បាន​និយាយថា​៖ «​ទីផ្សារ​ប្រេង​កំពុង​រង្គោះរង្គើ​ដោយសារ​ការផ្គត់ផ្គង់​មានការ​ធ្លាក់ចុះ ហើយ​បញ្ហា​នេះ​មិនអាច​ដោះស្រាយបាន ដោយ​ប្រើប្រាស់​ត្រឹមតែ​ពាក្យសម្តី​នោះឡើយ​។ ត្រង់នេះ​លោក ដូ​ណា​ល់ ត្រាំ គិតថា​លោក​អាច​ទម្លាក់​តម្លៃ​ប្រេង​បាន ដោយ​គ្រាន់តែ​ប្រើប្រាស់​ការ​សម្លុត​»​។ 
 
​តម្លៃ​ប្រេង​បាន​ហក់​ឡើង​ខ្ពស់​គឺ​ដោយសារតែ ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំងនឹង​ការនាំចេញ​ថាមពល​របស់​អ៊ីរ៉ង់​។ ហើយ​បញ្ហា​នេះ​អាច​នឹងត្រូវ​ដោះស្រាយ​វិញ​បាន ដោយ​គ្រាន់តែ​ក្រុង​វ៉ាស៊ីនតោន​ប្រកាស​ដក​វិធានការ​ទាំងនោះ​ទៅវិញ​។ នេះ​ជាការ​ពន្យល់​របស់លោក Zanganeh​។ 
 
​កាលពី​ថ្មីៗ​នេះ សហរដ្ឋអាមេរិក​បាន​បញ្ជាក់ថា ខ្លួន​នឹង​ពិចារណា​បើកផ្លូវ​ឲ្យ​ម៉ូយ​ទិញ​ប្រេង​អ៊ីរ៉ង់ ក្នុងនោះ​មាន​ឥណ្ឌា​ជាដើម​។ យ៉ាងណាមិញ​ក្រុង​វ៉ាស៊ីនតោន​ក៏បាន​ប្រកាសថា រដ្ឋបាល​អាមេរិក​នឹង​បញ្ឈប់​ការ​នាំចូល​ប្រេង​ពី​អ៊ីរ៉ង់​ទាំងស្រុង ដែលជា​ប្រទេស​ផលិត​ប្រេង​ធំ​បំផុត​លំដាប់​ទី​បី​នៃ​អង្គការ OPEC​។ 
 
​ក្រោយពី​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពី​ខែមិថុនា​កន្លងទៅ   រដ្ឋបាល​លោក ត្រាំ បានប្រកាស​ដាក់ទណ្ឌកម្ម​ជាថ្មី​លើ​ក្រុង​តេ​ហេ​រ៉ង់ ដែល​នឹងត្រូវ​ចូល​ជា​ធរមាន​នា​ថ្ងៃទី​០៤ ខែវិច្ឆិកា​ខាងមុខ​។ គួរបញ្ជាក់​បន្តិច​ដែរ​ថា ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ទណ្ឌកម្ម​អន្តរជាតិ​ស្ទើរតែ​ទាំងអស់​ដែល​ដាក់​ប្រឆាំងនឹង​អ៊ីរ៉ង់ ត្រូវបាន​លុបចោល​វិញ​ក្នុង​ឆ្នាំ​២០១៦ ដើម្បី​ជា​ថ្នូរ​នឹង ក្រុង​តេ​ហេ​រ៉ង់​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​៕
 

Tag:
 អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ​
  តម្លៃ​ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com