ជាតិ
សេដ្ឋកិច្ច
ទុនវិនិយោគក្នុងវិស័យសំណង់ រយៈពេល៩ខែ ​ជិត ៥​ពាន់​លាន​ដុល្លារ
17, Oct 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖  រយៈពេល​៩​ខែ ឆ្នាំ​២០១៨​នេះ  កម្ពុជា​បានទទួលទុនវិនិយោគ ៤,៨២០​លាន​ដុល្លារ ពី​វិស័យ​សំណង់ ដោយ​អជ្ញាធរ​ផ្ដល់​សិទ្ធិ​ក្នុងការ​វិនិយោគ​ចំនួន ២,៥៤១ គម្រោង ដែលមាន​ផ្ទៃក្រឡា ១០,៩៨២,១១៧​ម៉ែត្រការ៉េ​។ នេះ​បើតាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

 
​អគ្គលេខាធិការរង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា និង​ជា​អគ្គនាយករង​នៃ​នាយកដ្ឋាន​សំណង់ លោក ឡៅ ទិ​ព្ធ​សីហា បាន​និយាយថា គម្រោង​ជាង​២​ពាន់​នេះ មាន​៣៣​គម្រោង​ជា​របស់​បរទេស ដែលមាន​ផ្ទៃក្រឡា ១,១៤៨,៣៥៣ ម៉ែត្រការ៉េ​។ គម្រោង​ទាំង​៣៣​នេះ មានតម្លៃ ៤៨៤​លាន​ដុល្លារ​។ 


 លោក ឡៅ ទិព្ធសីហា អគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជា និងជាអគ្គនាយករងនៃនាយកដ្ឋានសំណង់ 
 
​ក្រសួង​ដែនដី បាន​ព្យាករណ៍​ថា ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ​នៅ​ឡើង ជាពិសេស​លើ​វិស័យ​ដីធ្លី និង​អាគារ​ខ្ពស់ៗ​។ ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​៩​ខែ ឆ្នាំ​២០១៨ លោក ឡៅ ទិ​ព្ធ​សីហា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការវិនិយោគ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ បានធ្វើ​ឲ្យ​វិស័យ​សំណង់​នៅ​កម្ពុជា បាន​ក្លាយជា​កម្លាំងចលក​រ​ជំរុញ​សេដ្ឋកិច្ចជាតិ បន្ទាប់ពី វិស័យ​ឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍​»​។​
 
​នៅក្នុង​ការវិនិយោគ​វិស័យ​អចលនទ្រព្យ​រយៈពេល​៩​ខែ​នេះ ក្រសួង​ដែនដី​ក៏បានផ្ដល់​សុពលភាព​ដល់​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ និង​សាងសង​ចំនួន​១,០៧០ ក្រុមហ៊ុន​។ ក្នុងនោះ​មាន​ក្រុមហ៊ុន​សិក្សា​គម្រោង​ចំនួន ៤២​ក្រុមហ៊ុន​, ក្រុមហ៊ុន​សាងសង់​ចំនួន​១២៨​ក្រុមហ៊ុន និង​ក្រុមហ៊ុន​សិក្សា​គម្រោង និង​សាងសង់​មកពី​បរទេស​ចំនួន ៣៦៦​ក្រុមហ៊ុន​។ 
 
​ដោយសារតែ​ត្រូវការ​វិស្វករ និង​ស្ថាបត្យករ ក្រសួង​ក៏បាន​អនុញ្ញាត​ឲ្យ​មានការ​ចុះបញ្ជី​រូបវន្តបុគ្គល ដើម្បី​សិក្សា​គម្រោង​ប្លង់ និង​គ្រឿង​បង្គុំ​សំណង់​ចំនួន ១៤០​នាក់​ផងដែរ​។ ក្នុងចំណោម​រូបវន្តបុគ្គល​ទាំងនេះ មាន​ស្ថាបត្យករ​ចំនួន​៨៦​រូប ក្នុងនោះ​មាន​ជនបរទេស​ចំនួន​៣​រូប និង​មាន​វិស្វករ​ចំនួន​៤៦​រូប ដោយមាន​ជនបរទេស​ចំនួន​១​រូប​។ 
 
​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៨​នេះ កម្ពុជា មាន​លំនៅដ្ឋាន​ជា​លក្ខណៈ​បុរី​សរុប​ចំនួន ២២៨​ទីតាំង ដែលមាន​អ្នកស្នាក់នៅ​សរុប​ប្រមាណ ៦៥​ទៅ ៧៥​ភាគរយ​។ ចំណែក​សំណង់​អាគារ​ខ្ពស់ៗ​រាប់​ចាប់ពី​៥​ជាន់​ឡើងទៅ មាន​ចំនួន​៩២​អាគារ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៨​នេះ ។ បើ​រាប់​ពី​ឆ្នាំ​២០០៥ ដល់​បច្ចុប្បន្ន អាគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់​ឡើងទៅ នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន ១,០៨៤​អាគារ ។​
 
​គម្រោង​សាងសង់​ទាំងនេះ​បានផ្ដល់​ការងារ​ដល់ក​ម្មករ និង​កម្មករ​ជំនាញ បាន​រហូតដល់ ២០​ទៅ​២២​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​។ ដោយ​ក្នុង​កម្មករ​ម្នាក់​អាច​ទទួល​ប្រាក់​ក្នុង​មួយថ្ងៃ​ពី​៣៥,០០០​រៀល ទៅ​៤០,០០០​រៀល​ក្នុង​មួយថ្ងៃ​។ សម្រាប់​កម្មករ​ជំនាញ​អាច​ទទួលបាន​ប្រាក់​ពី ៥០,០០០ ទៅ ៧៥,០០០​រៀល​ក្នុង​មួយថ្ងៃ​។ ចំណែក​វិស្វករ និង​ស្ថាបត្យករ​ជំនាញ គឺអាច​ទទួល​ប្រាក់​ចាប់ពី ៤៥០​ដុល្លារ​ឡើង​ក្នុង​មួយខែ​។​នេះ​បើតាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៕
 

Tag:
 ​អចលនទ្រព្យ​
 ​សំណង់​
 ​សេដ្ឋកិច្ច​
 ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com