អន្តរជាតិ
ពាក់​ផ្កាយ​បី​លើ​ស្មា លោកស្រី Richardson ក្លាយជា​មេបញ្ជាការ​ស្ត្រី​ទីមួយ​នៃ​ទ័ពជើងគោក​អាមេរិក​
17, Oct 2018 , 10:39 pm        
រូបភាព
ឧត្តមសេនីយ៍ឯក James A. Richardson (រូបភាពពីគេហទំព័រកងទ័ពជើងគោកអាមេរិក)
ឧត្តមសេនីយ៍ឯក James A. Richardson (រូបភាពពីគេហទំព័រកងទ័ពជើងគោកអាមេរិក)
​ឧ​ត្ត​ម​សេនីយ៍​ឯក Laura J. Richardson បាន​ក្លាយជា​ស្ត្រី​ទីមួយ​ដែល​គ្រប់គ្រង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដែលជា​អង្គភាព​មាន​ទាហាន​ច្រើនជាងគេ​របស់​កងទ័ព​ជើងគោក​អាមេរិក​។ វា​ជា​រឿង​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​កងទ័ពជើងគោក​អាមេរិក ដែលមាន​ស្ត្រី​ក្ដាប់​តំណែង​ដ៏​ខ្ពស់​បែបនេះ ហើយ​ដែលមាន​អំណាច​បញ្ជា​ទាហាន​ចំនួន​៧៧​ម៉ឺន​នាក់ និង​បុគ្គលិក​ស៊ីវិល​ចំនួន​ជិត​១០​ម៉ឺន​នាក់​ទៀត​។

 
​នេះ​ជា​លើកដំបូង​ដែល​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក (FORSCOM) មាន​មេបញ្ជាការ​ជា​ស្ត្រី តែ​វា​មិនមែនជា​រឿង​ប្លែក​ឡើយ​សម្រាប់​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ឯក Laura J. Richardson ដែល​បាន​បំបែក​ប្រវត្តិសាស្ត្រ​ច្រើន​ហើយ​ដែរ ក្នុងនាម​ជា​មេបញ្ជាការ​ស្ដ្រី​ទីមួយ​របស់​អង្គភាព​ទ័ព​នានា​ចំណុះ​ទ័ពជើងគោក​អាមេរិក​។ លោកស្រី នឹង​កាន់តំណែង​មេបញ្ជាការ FORSCOM ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍ Robert B. Abrams ។​
 
​បើតាម​ការផ្សាយ​របស់​ទូរទស្សន៍ CNN លោក​ឧ​ត្ត​ម​សេនីយ៍ Abrams បានប្រកាសថា លោក​នឹង​ទៅកាន់​តំណែង​មេបញ្ជាការ​ទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង​វិញ​។ លោក​ចាត់ទុក​រយៈពេល​បី​ឆ្នាំ​ជា​មេបញ្ជាការ FORSCOM ជា​កិត្តិយស​មួយ ហើយ​បាន​អរគុណ​កងទ័ព​ទាំងឡាយ​ចំពោះ​ការងារ​របស់​ពួកគេ​ផង​។ 
 
​ងាក​ទៅ​មេបញ្ជាការ​ស្ត្រី​ទីមួយ​របស់ FORSCOM វិញ លោកស្រី Richardson បាន​ចូល​បម្រើការ​ក្នុង​កងទ័ពជើងគោក​អាមេរិក​នៅ​ឆ្នាំ​១៩៨៦ ធ្លាប់​បើក​យន្តហោះ ធ្លាប់ជា​ទីប្រឹក្សាយោធា​ឲ្យ​អនុ​ប្រធានាធិបតី​អាមេរិក និង​ធ្លាប់ជា​មន្ត្រី​កិច្ចការ​កងទ័ព​នៅ​ព្រឹទ្ធសភា​អាមេរិក​ផង​។ នៅ​ឆ្នាំ​២០១២ លោកស្រី ត្រូវបាន​ដំឡើង​ទៅជា​ឧ​ត្តម​សេនីយ៍​ត្រី ហើយ​ជា​ស្ត្រី​ទីមួយ​កាន់តំណែង​មេបញ្ជាការរង​កងពល​ទ័ព​សេះ​ទីមួយ ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​តិច​សាស់​។​
 
៥​ឆ្នាំ​ក្រោយមក មេបញ្ជាការ​ស្ត្រី​រូបនេះ​ក៏​ពាក់​ផ្កាយ​បី នឹងត្រូវ​បានតែងតាំង​ជា​មេបញ្ជាការរង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​អាមេរិក ដែល​ការងារ​របស់លោក​ស្រី គឺពាក់ព័ន្ធ​នឹង​ការត្រៀមខ្លួន​របស់​យោធា​ក្នុងការ​ពង្រាយ​នៅ​ថ្ងៃ​អនាគត និង​ប្រតិបត្តិការ​បន្ទាន់​។ ជាង​មួយឆ្នាំ​បន្ទាប់មក លោកស្រី Richardson ក៏ត្រូវ​ដំឡើង​តួនាទី​ជា​មេបញ្ជាការ​តែម្ដងទៅ​។ 
 
​សូមបញ្ជាក់ថា FORSCOM គឺជា​អង្គភាព​ដ៏​ធំ​មួយ​ចំណុះ​កងទ័ពជើងគោក​អាមេរិក​ដែលមាន​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បួន Mark A. Milley ជា​នាយសេនាធិការ​។ អង្គភាព​ដែលមាន​មូលដ្ឋាន​នៅ For Bragg ក្នុង​រដ្ឋ North Carolina មួយ​នេះ មាន​កងទ័ព​ចំនួន​៧៧៦,០០០​នាក់ និង​បុគ្គលិក​ស៊ីវិល​ចំនួន​៩៦,០០០​នាក់​ផងដែរ​៕
 

Tag:
 អាមេរិក​
  Laura J. Richardson
© រក្សាសិទ្ធិដោយ thmeythmey.com