អន្តរជាតិ
ប្រមុខ​ការពារជាតិ​អាមេរិក​ជួប​សម​ភាគី​ចិន​ដើម្បី​សម្រួល​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​
18, Oct 2018 , 10:39 pm        
រូបភាព
រូបភាព៖ Japan Times
រូបភាព៖ Japan Times
ដោយ:
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស (Jim Mattis) ជួប​សម​ភាគី​ចិន នៅ​ថ្ងៃទី​១៨ ខែតុលា ក្រោយពី​កិច្ចពិភាក្សា​លើក​មុន​ត្រូវបាន​លុបចោល​។ ជំនួប​នេះ​ធ្វើ​ដំឡើង ដើម្បី​ឈានទៅ​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​ដែល​បណ្តាលមកពី​សង្គ្រាម​ពាណិជ្ជកម្ម និង​ការដាក់ទណ្ឌកម្ម​ជាដើម​។

 
​ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារ​អាមេរិក ជេ​ម ម៉ា​ធី​ស និង​សម​ភាគី​ចិន Wei Fenghe ត្រូវធ្វើឡើង​នៅឯ​ក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក (ADMM Plus)​នៅ​សិង្ហ​បុរី​។ គេ​រំពឹងថា ប្រមុខ​ការពារជាតិ​ទាំងពីរ​នេះ​នឹង​ប្តេជ្ញា​បន្ត​ទំនាក់ទំនង​ខាង​ផ្នែក​យោធា​ដ៏​យូរអង្វែង​ដែលមាន និង​អាច​ឈានទៅ​សម្រួល​ភាព​តានតឹង​មួយកម្រិត​ក្នុង​បញ្ហា​សេដ្ឋកិច្ច និង​នយោបាយ​ផង​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ឧបការី​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក និង​អាស៊ី Randall Schriver បាន​អះអាងថា ការពិភាក្សា​ទល់មុខ​រវាង​លោក​ម៉ា​ធី​ស និង​លោក Wei បានបង្ហាញ​ឲ្យ​ឃើញថា ក្រុង​ប៉េកាំង​ចាប់អារម្មណ៍​ក្នុងការ​រក្សា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​នៅ​ធម្មតា និង​មាន​ស្ថិរភាព​ឡើងវិញ​។  
 
​កាលពី​សប្តាហ៍​មុន​ជំនួប​ទ្វេភាគី​រវាង​លោក ម៉ា​ធី​ស និង​លោក Wei ត្រូវបាន​ភាគី​គ្រោង​រៀបចំ​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង  ប៉ុន្តែ​ក្រុង​ប៉េកាំង​ចិន​សម្រេច​លុបចោល​ជំនួប​នេះ​ទៅវិញ​។ លុបចោល​ដ្បិតថា ចិន​ខឹងសម្បារ​យ៉ាងខ្លាំង​ព​បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន​ដាក់ទណ្ឌកម្ម​លើ​យោធា​ចិន​ជុំវិញ​រឿង​ទិញ​សព្វាវុធ​ពី​រុស្ស៊ី ព្រមទាំង​រឿង​ដែល​អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​ជាច្រើន​គ្រឿង​ទៅ​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​៕
 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  ជេ​ម ម៉ា​ធី​ស
© រក្សាសិទ្ធិដោយ thmeythmey.com