ជាតិ
រុស្ស៊ី សន្យា​ជួយ​ធ្វើ​ទំនើប​នីយកម្ម​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​
19, Oct 2018 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រុស្ស៊ី សន្យា​ជួយ​ធ្វើ​ទំនើប​នីយកម្ម​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ ការសន្យា​នេះ​កើតឡើង នៅក្នុង​ជំនួប​រវាង​លោក Dmitry Medvedev នាយករដ្ឋមន្ត្រី​រុស្ស៊ី និង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក​។

 
​រុស្សី​នឹង​បន្ត​សហការ​ជាមួយ​កម្ពុជា ទៅលើ​វិស័យ​ជាច្រើន​រួមទាំង​វិស័យ​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បី​ឲ្យ​ទំនាក់ទំនង នៃ​ប្រទេស​ទាំងពីរ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​។ ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ដែល​បាន​ស្រង់​សម្ដី​លោក Dmitry Medvedev នាយករដ្ឋមន្ត្រី​រុស្ស៊ី ដោយបាន​សរសេរ​ដូច្នេះ​ថា​៖« ចាប់ពី​ឆ្នាំ​២០១៩​ទៅ រុស្ស៊ី​នឹង​ផ្តល់ជំនួយ​មួយចំនួន​ដល់​ប្រទេស​កម្ពុជា ហើយ​តាមរយៈ​ការបញ្ជូន​ប្រធាន​ថ្មី​រុស្សី នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​របស់​ប្រទេស​ទាំងពីរ ដែល​គ្រោង​នឹង​បើក​កិច្ចប្រជុំ​នៅក្នុង​ខែមករា ឆ្នាំ​២០១៩»​។​
 
​ក្រៅពី​ការ​ផ្តល់ជំនួយ​បច្ចេកទេស​មួយចំនួន​នេះ រុស្ស៊ី ក៏បាន​សន្យា​ជួយ​ជួសជុល និង​រៀបចំ​ការធ្វើ​ទំនើប​នីយកម្ម​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ផងដែរ​។ ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន បាន​បន្ថែមថា​៖«​សម្តេច​ក៏បាន​អរគុណ​ចំពោះ​រុស្ស៊ី ដែល​បាន​សន្យា​ជួយ​ដល់​ការធ្វើ​ឲ្យ​ទំនើប​នីយកម្ម នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។ សម្តេច​បាន​ចាត់ទុកថា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត គឺ​ពិតជា​មានតម្លៃ​បំផុត​សម្រាប់​កម្ពុជា រួមទាំង​វិទ្យា​ស្ថាប​ច្ចេក​វិទ្យា​កម្ពុជា​តិច​ណូ​ផងដែរ​»​។​
 
​កន្លងមក​កម្ពុជា ធ្លាប់​ស្នើ​រុស្ស៊ី​ឲ្យ​ជួយ​ធ្វើ​ទំនើបកម្ម​បរិក្ខារ​វេជ្ជសាស្ត្រ បច្ចេកទេស​ព្យាបាល និង​ជួយ​បណ្តុះបណ្តាល​ធនធាន​វេជ្ជបណ្ឌិត​ឯកទេស ដើម្បី​លើកកម្ពស់​សេវា​ព្យាបាល​ឲ្យ​ដូច​រុស្ស៊ី​ថែមទៀត​។​
 
​មិន​ត្រឹមតែ​ជួយ​ដល់​ផ្នែក​សុខាភិបាល​ទេ រុស្ស៊ី​ក៏មាន​បំណង​ជួយ​ដល់​ការជួសជុល​ប្រាសាទបុរាណ​មួយចំនួន​របស់​កម្ពុជា​ផងដែរ ។ ការជួយ​នេះ ក៏​ព្រោះ​តែមាន​អ្នកទេសចរ​រុស្ស៊ី​ជាច្រើន បាន​ទៅ​ទស្សនា និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រទេស​កម្ពុជា​។ នេះ​បើតាម​សំណេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី​កម្ពុជា​៕
 

Tag:
 ​ហ៊ុន សែន​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com