អន្តរជាតិ
ស៊ែ​ប៊ី​ថ្កោលទោស កូ​សូ​វ៉ូ​ដែល​ហ៊ាន​បង្កើត​ស្ថាប័ន​យោធា​ជាតិ​ផ្ទាល់ខ្លួន
19, Oct 2018 , 10:39 pm        
រូបភាព
រូបភាព៖ Sputnuk
រូបភាព៖ Sputnuk
​សមាជិកសភា​កូ​សូ​វ៉ូ បានសម្រេច​បោះឆ្នោត​អនុម័ត​សេចក្តី​ពី​ព្រាង​ច្បាប់​បង្កើត​យោធា​ជាតិ​ជា​ផ្លូវការ​នៅ​សប្តាហ៍​នោះ​។  សកម្មភាព​បង្កើត​ស្ថាប័ន​យោធា​ជាតិ​របស់​កូ​សូ​វ៉ូ​ដែល​ធ្លាប់ជា​អតីត​ខេត្ត​របស់​អតីត​រដ្ឋ​យូ​ហ្កោ​ស្លា​វី​ស៊ែ​ប៊ី​នោះ ធ្វើ​ឲ្យ​ស៊ែ​ប៊ី​ខឹងសម្បារ​ខ្លាំង​ដែរ​។​


​សេចក្តីព្រាងច្បាប់​ចំនួន​បី​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​ព្រី​ស្ទី​ណា ត្រូវបាន​សភា​អនុម័ត​ជំហាន​ដំបូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដោយ​សំឡេង​ភាគច្រើន ក្នុង​គោលដៅ​ប្តូរ​អង្គភាព​កម្លាំង​សន្តិសុខ​ជាតិ​កូ​សូ​វ៉ូ​ទៅជា​ស្ថាប័ន​យោធា​ថ្នាក់ជាតិ​ដែលមាន​តួនាទី​ធំ​ទូលាយ និង​មាន​កងទ័ព​ប្រមាណ ៥០០០​នាក់​រួមជាមួយ​ទ័ព​បម្រុង ៣០០០​នាក់​ដែរ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សភា​កូ​សូ​វ៉ូ​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​នេះ​ដោយមាន​សំឡេងគាំទ្រ ៩៨ ក្នុងចំណោម​សមាជិកសភា​សរុប ១២០​នាក់​។ ក្នុងចំណោម​នោះ សមាជិកសភា ១១​រូប​ដែល​តំណាង​ឲ្យ​ជនជាតិភាគតិច​ស៊ែ​ប​នោះបាន​ធ្វើពហិកា និង​ចោទប្រកាន់ថា ការបង្កើត​ស្ថាប័ន​យោធា​នេះ​ជា​រឿង​ខុសច្បាប់​។​
 
​ប៉ុន្តែ​តាម​នីតិវិធី​នៃ​ការ​ចងក្រង​និង​អនុម័ត​ច្បាប់ ច្បាប់​ទាំងបី​នេះ​នឹងត្រូវ​សមាជិកសភា​ត្រួតពិនិត្យ និង​ជជែក​ដេញដោល​គ្នា​ជា​លើក​ទី​ពីរ​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ខែវិច្ឆិកា មុននឹង​ត្រូវ​បញ្ជូនទៅ​ឲ្យ​ប្រធានាធិបតី Hashim Thaci ចុះហត្ថលេខា និង​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។​
 
​មុន​ការបោះឆ្នោត​អនុម័ត នាយករដ្ឋមន្ត្រី​កូ​សូ​វ៉ូ Ramush Haradinaj ប្រកាសថា ការអនុម័ត​ច្បាប់​នេះ​នឹង​ឈានទៅ​ពង្រឹងសមត្ថភាព​ការពារ​បូរណភាព​ដែនដី​កូ​សូ​វ៉ូ និង​ការពារ​ប្រជាជន​កូ​សូ​វ៉ូ​នៅ​ទូទាំងប្រទេស​ដែរ​។​
 
​តាមពិតទៅ ការសម្រេច​អនុម័ត​ច្បាប់​ថ្មី​ដែល​សំដៅ​បង្កើន​អំណាច និង​តួនាទី​យោធា​កូ​សូ​វ៉ូ​នេះ​មិនបាន​ឆ្លងកាត់​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឡើយ​។ សមាជិកសភា​ដែល​ធ្វើពហិកា​ចូលប្រជុំ​អនុម័ត​ច្បាប់​ដែលជា​ជនជាតិភាគតិច​ស៊ែ​ប​នោះបាន​អះអាងថា សកម្មភាព​សមាជិកសភា​កូ​សូ​វ៉ូ​នេះ​បំពាន​ដំណោះស្រាយ​អង្គការសហប្រជាជាតិ​លេខ ១២៤៤ ដែល​អនុម័ត​ឆ្នាំ ១៩៩៩ ក្នុង​គោលដៅ​បញ្ចប់សង្គ្រាម​រវាង​កង​ទ័ព​ស៊ែ​ប៊ី និង​ក្រុមគាំទ្រ​ឯករាជ្យ​អាល់​បា​នី​ក្រោយ​បែកខ្ញែក​នៃ​សាធារណៈរដ្ឋ​សហភាព​យូ​ហ្គោ​ស្លា​វី និង​បំពាន​រដ្ឋធម្មនុញ្ញ​កូ​សូ​វ៉ូ​ផងដែរ​។​
 
 តាមពិតទៅ ទឹកដី​នៅក្នុង​តំបន់​បាល់​កង់​កូ​សូ​វ៉ូ​នេះ​មាន​ប្រជាជន ១,៨ លាន​នាក់ ហើយ​បានប្រកាស​ឯករាជ្យ​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០០៨ បន្ទាប់ពី​ផ្តាច់ខ្លួន​ពី​ស៊ែ​ប៊ី​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ ១៩៩៩ ដោយមាន​ការអន្តរាគមន៍​ពី​កងកម្លាំង​ណា​តូ​។ ចាប់ពីពេលនោះ​មក កូ​សូ​វ៉ូ ត្រូវបាន​ការពារ​ដោយ​កងទ័ព​ណា​តូ ហើយ​មកដល់​បច្ចុប្បន្ន​ទ័ព​សម្ព័ន្ធ​យោធា​នេះ ៤០០០​នាក់​នៅ​បន្ត​មាន​វត្ត​មាននៅ​ទីនោះ​ដែរ​។​
 
​ស៊ែ​ប៊ី​ដែល​មិន​ទទួលស្គាល់​ការប្រកាស​ឯករាជ្យ​រប​ស់​កូ​សូ​វ៉ូ​នេះ បានបង្ហាញ​ការខឹង​សម្បារ​ខ្លាំង និង​ជំទាស់​ដាច់ខាត​ចំពោះ​ការ​ឈានទៅ​បង្កើត​កងទ័ព​ជាតិ​នៅ​កូ​សូ​វ៉ូ​ដែរ​។​
 
​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​រដ្ឋាភិបាល​ក្រុង បែ​ល​ក្រា​ត​លោក Aleksandar Vulin បាន​ថ្លែងថា​ការបង្កើត​ស្ថាប័ន​កងទ័ព​កូ​សូ​វ៉ូ​នេះ​នឹង​ក្លាយជា​ការគំរាមកំហែង​ដល់​សន្តិភាព​របស់​ប្រជាជាតិ​ស៊ែ​ប និង​ប្រទេស​ស៊ែ​ប៊ី​ផងដែរ​។​
 
​ដោយឡែក ជុំវិញ​ការបង្កើត​ស្ថាប័ន​កងទ័ព​ជាតិ​នេះដែរ កន្លងមក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​បានប្រកាស​ហើយ​ថា រាល់​ការផ្លាស់ប្តូរ រចនាសម្ព័ន្ធ ប្រតិបត្តិការ និង​កាត​ព្វ​នៃ​កងកម្លាំង​សន្តិសុខ​ជាតិ​កូ​សូ​វ៉ូ​នោះ​ជា​អំណាច​របស់​រដ្ឋាភិបាល​កូ​សូ​វ៉ូ​ផ្ទាល់​។ 

Tag:
 ស៊ែ​ប៊ី​
  កូ​សូ​វ៉ូ​
  ណា​តូ​
© រក្សាសិទ្ធិដោយ thmeythmey.com