អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាន់​វ៉ា ព្រមាន​ថា មិត្តភាព​ជាមួយ​អាស៊ាន​អាច​ប្រេះស្រាំ បើ​អូស្ត្រាលី​ប្តូរ​ស្ថានទូត​ខ្លួន​ទៅ​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​
19, Oct 2018 , 5:49 pm        
រូបភាព
ដោយ: ថ្មីៗ
​សប្តាហ៍​នេះ អនាគត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​លើក​ជា​យោបល់​ថា ទំនាក់ទំនង​រវាង​អូស្ត្រាលី និង​អាស៊ាន​នឹង​ល្អក់កករ បើសិនជា​មហាអំណាច​គីឡូ​មធ្យម​នេះ ប្តូរ​ទីតាំង​ស្ថានទូត​ខ្លួន​ពី Tel Aviv ទៅ​ក្រុង​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​តាម​អាមេរិក​មែន​នោះ​។


​បន្ទាប់ពី​លឺដំណឹង​ថា នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន (Scott Morisson) បញ្ជាក់​ជំហរ​ថា លោក​បើកចំហ​ដល់​ការប្តូរ​ទីតាំង​ស្ថានទូត​អូស្ត្រាលី​ទៅកាន់​ក្រុង​ពិសិដ្ឋ​ហ្សេ​រ៊ុ​យ​សា​ឡិ​ម សមាជិក​រដ្ឋសភា​ម៉ាឡេស៊ី និង​ជា​អនាគត​នាយករដ្ឋមន្ត្រី លោក អាន់​វ៉ា បាន​ព្រមាន​ពី​ផលប៉ះពាល់​ដែល​កើតមានឡើង​ទំនាក់ទំនង​ទ្វេភាគី​រវាង​អូស្ត្រាលី និង​អាស៊ាន​ទាំងមូល​ផង​។​
 
​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Astro Awani អតីត​មេដឹកនាំ​បក្សប្រឆាំង​ដ៏​មាន​ឥទ្ធិពល​រូបនេះ​បាន​និយាយថា អូស្ត្រាលី​មិនគួរ​មើលរំលង​សកម្មភាព​ទាំងឡាយណា​ដែល​បង្កើត​អយុត្តិធម៌​ដែល​កើតមានឡើង​នៅក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ឡើយ​។​
 
 លោក អាន់​វ៉ា ពន្យល់​ដូច្នេះ​ថា​៖ «​ខ្ញុំ​សង្ឃឹមថា រដ្ឋាភិបាល​អូស្ត្រាលី​មិន​ធ្វើតាម​សំណើរ​ឲ្យ​គាំទ្រ​ការសម្រេចចិត្ត​ដោយ​គ្មាន​ហេតុផល​របស់​អាមេរិក​ដើម្បី​បើក​ស្ថានទូត​នៅ​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​ឡើយ​។ បញ្ហា​គឺ​នយោបាយ​នៃ​ការមិន​ទទួល​ការពិត ហើយ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ត្រូវបាន​គេ​ដកហូត​សិទ្ធិ ហើយ​អ្នក​មិនត្រូវ​មើលរំលង​រឿង​អយុត្តិធម៌ ដែល​កើតឡើង​ដោយសារ​សកម្មភាព​រដ្ឋា​ភិ​បាល​អ៊ីស្រាអែល​ឡើយ​»​។​
 
​ក្រៅពី​ពន្យល់​ពី​បញ្ហា​ដែល​កើតឡើង លោក អាន់​វ៉ា ក៏បាន​អំពាវនាវ​ឲ្យ​បណ្តា​រដ្ឋ​អាស៊ាន​ប្រឆាំង​រាល់​សកម្មភាព​ប្តូរ​ទីតាំង​ស្ថានទូត ដែលជា​ការទទួលស្គាល់​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ព្រោះ​វា​ជា​រឿង​ដែល​ប៉ះពាល់​ការស្វែងរក​សន្តិភាព​តំបន់ និង​អយុត្តិធម៌​សម្រាប់​ប៉ា​ឡេ​ស្ទី​ន​។ 
 
​លោក​ក៏បាន​បន្តថា អូស្ត្រាលី​ជា​ផ្នែក​មួយ​នៃ​តំបន់​អាស៊ី ហើយ​ក្លាយជា​មិត្ត​ជិតខាង​ល្អ​របស់​អាស៊ាន​ដែរ​។ ដូច្នេះហើយ លោក ជឿជាក់ថា រាល់​ការសម្រេច​ឯកតោភាគី​របស់​អូស្ត្រាលី​ដោយ​ដើរ​តាម​គន្លង​អាមេរិក​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ច្រើន​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​អាស៊ាន ព្រោះ​សមាជិក​អាស៊ាន​នឹង​តវ៉ា​ប្រឆាំង​មិន​ខាន​។ 
 
​ត្រឡប់មកវិញ ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី ម៉ូ​រី​សុន បាន​បដិសេធ​រាល់​ការអះអាង​ដែលថា អូស្ត្រាលី​ចង់​ដើរ​តាម​អាមេរិក​។ លោក​បាន​បញ្ជាក់ថា ការសម្រេចចិត្ត​របស់​លោក​មិន​មានការ​លូកលាន់​ពី​អាមេរិក​ឡើយ ហើយ​វា​ក៏​មិនកើត​ចេញពី​ការជជែក​ណាមួយ​រវាង​លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ឬ​មន្ត្រី​អាមេរិក​នោះដែរ​។ 
 
​ហ្សេ​រ៊ុ​យ​សា​ឡិ​ម ជាទី​ក្រុង​ពិសិដ្ឋ​ដែល​ស្ថិតក្នុង​ស្ថាន​ភាពមិន​ដាច់ស្រេច​រវាង​ភាគី​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​។ អ៊ីស្រាអែល​បាន​គ្រប់គ្រង​ហ្ស៊េ​រុយ​សា​ឡិ​ម​ពាក់កណ្ដាល និង​បាន​ភ្ជាប់​ជា​ទឹកដី​ភាគ​ខាងលិច​របស់​ទីក្រុង​នេះ​ក្រោយ​សង្គ្រាម​ឆ្នាំ​១៩៦៧ ។ អ៊ីស្រាអែល​បានទាមទារ​ចំណែក​ទីក្រុង​នេះ​ទាំងមូល និង​បាន​ភ្ជាប់​តំបន់​ភាគ​ខាងកើត ដែល​ធ្វើ​ឲ្យ​ទីក្រុង​ទាំងមូល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​។ ឯ​ប៉ា​ឡេ​ស្ទី​ន​ចាត់ទុក​តំបន់​ខាង​កើតជា​រដ្ឋធានី​របស់ខ្លួន​នៅ​ថ្ងៃ​អនាគត​។​
 
​ប៉ុន្តែ​បញ្ហា​កាន់តែ​ស្មុគស្មាញ​ក្រោយ លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឲ្យ​គេ​រើស​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅកាន់​ហ្សេ​រ៊ុ​យ​អា​ឡិ​ម​កាលពី​ចុងឆ្នាំ ២០១៧​កន្លងទៅ​ដែល​បង្ហាញថា អាមេរិក​ទទួលស្គាល់​ទីក្រុង​នេះ​ជា​រដ្ឋធានី​អ៊ីស្រាអែល​។ សកម្មភាព​អាមេរិក​នេះ​ត្រូវបាន​ពិភពលោក​ទាំងមូល​ថ្កោលទោស ហើយ​វា​ក៏​ពិតជា​បង្ក​ឲ្យ​ដំណើរការ​ស្វែងរក​សន្តិ​ភាព​មជ្ឈិមបូព៌ា​ដែល​ជាប់គាំង​ស្រាប់​នោះ កាន់តែ​ពិបាក​ស្តារឡើងវិញ​ថែមទៀត​៕ 

Tag:
 ហ្សេ​រ៊ុ​យ​សា​ឡិ​ម​
  អាន់​វ៉ា អ៊ីប្រាហ៊ីម​
  អាមេរិក​
  ប៉ា​ឡេ​ស្ទី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com