អន្តរជាតិ
ពូ​ទីន​៖ ប្រជាជន​អតីត​សហភាពសូវៀត​សោកស្តាយ​ដែល​រដ្ឋ​នេះ​រលំរលាយ​
20, Oct 2018 , 8:29 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​១៨ ខែតុលា ប្រជាជន​ជាច្រើន​នៃ​អតីត​សហភាពសូវៀត​សោកស្តាយ​ចំពោះ​ការ​ដួល​រំលំ​នៃ​រដ្ឋ​សហព័ន្ធ ដែល​លោក​ធ្លាប់​ពណ៌នា​ថា​ជា «​រដ្ឋ​ដ៏​អស្ចារ្យ​» នោះ​។

 
​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ​អតីត​សហភាពសូវៀត​ជឿថា ជីវិត​នៅក្នុង​សម័យ​នោះ​គឺមាន​សុវត្ថិភាព​, ស្ងប់ស្ងាត់ និង​ប្រាកដប្រជា​ចំពោះ​ខ្លួនឯង ជាជាង​សម័យ​បច្ចុប្បន្ន​។ ពួកគេ​មានឱកាស​ជាច្រើន នៅក្នុង​រដ្ឋ​ដ៏​មាន​ឥទ្ធិពល​ខ្លាំងក្លា​, រួបរួម និង​អស្ចារ្យ​មួយ​នេះ​។ នេះ​ជាការ​លើកឡើង​របស់លោក ពូ​ទីន ដែល​ទីភ្នាក់ងារ​ព័ត៌មាន AFP​ដកស្រង់​ពេល​ថ្លែង​ទៅកាន់​វេទិកា​មួយ ក្នុង​ទីក្រុង Sochi  រុស្ស៊ី​។ 
 
​ក្រោយ​សហភាពសូវៀត (USSR)  បាន​ដួល​រំ​លំនៅ​ឆ្នាំ​១៩៩១ រដ្ឋ​ចំនួន​១៥​បាន​បែក​ចេញពី​សហព័ន្ធ​នេះ ក្នុងនោះ​រួមមាន  អា​មេ​នី​, អា​ស៉ែ​បៃ​ហ្ស​ង់​, បេឡា​រុស​, អេ​ស្តូ​នី​, ហ្ស​ក​ហ្ស៊ី​, កា​ហ្សា​ក់​ស្ថាន​, កៀ​ហ្ស៊ី​ស៊ី​ស្ថាន​, ឡេ​តូ​នី​, លី​ទុយ​អា​នី​, សាធារណៈរដ្ឋ​ម៉ុ​ល​ដា​រី​, រុស្ស៊ី​, តា​ហ្ស៊ី​គី​ស្ថាន​,  តួ​ក​ម៉េ​នី​ស្ថាន​, អ៊ុយ​ក្រែ​ន និង​អ៊ូ​ស​បេ​គី​ស្ថាន​។ 
 
​បញ្ហា​ច្រើន​កើតឡើង​ក្រោយ​ការ​រលំរលាយ​របស់​ស​ហ​ភាព​សូ​វៀត​។ ដូច​ឃើញស្រាប់ ហ្ស​ក​ហ្ស៊ី​បានធ្វើ​សង្គ្រាម​ជាមួយនឹង​អតីត​រដ្ឋ​ជា​មេដឹកនាំ​ខ្លួន​រុស្ស៊ី កាលពី​ឆ្នាំ​២០០៨ ជុំវិញ​ជម្លោះ​លើទឹក​ដី​មួយចំនួន ខណៈ​បណ្តា​រដ្ឋបាល​ទិ​ក ដែល​រួមមាន​រដ្ឋ លី​ទុយ​អា​នី​, ឡេ​តូ​នី និង​អេ​ស្តូ​នី បាន​ឃ្លាតឆ្ងាយ​ពី​រុស្ស៊ី​។ 
 
​ចំណែក​ជម្លោះ​នៅក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដែល​ឆក់យក​ជីវិត​មនុស្ស​ជាង​១​ម៉ឺន​នាក់ កំពុង​បន្ត​ទៅមុខ​អស់​រយៈពេល​៤​ឆ្នាំ​មកហើយ ខណៈ​រដ្ឋាភិបាល​ក្រុង​គៀវ បាន​ប្រឹងប្រែង​តស៊ូ​ដកខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ពី​មូ​ស្គូ និង​ប៉ង​ចូលរួម​ជាមួយ​អឺរ៉ុប ។ បច្ចុប្បន្ន នៅសល់តែ​បេឡា​រុស និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​កណ្តាល​ប៉ុណ្ណោះ ដែល​នៅ​រក្សា​ទំនាក់ទំនង​ជិត​ស្និ​ទ្ធិ​ជាមួយ​រុស្ស៊ី​។​
 
​គួររម្លឹកថា លោកពូ​ទីន​ធ្លាប់​បង្ហាញ​ការសោកស្តាយ​ជុំវិញ​ការ​ដួល​រំលំ​នៃ​សហភាពសូវៀត​ក្នុងអំឡុង​ទសវត្សរ៍​១៩៩០ ច្រើនដង​មកហើយ​។ លោក​ថែមទាំង​បាន​ពណ៌នា​ហេតុការណ៍​នេះ​ថា​ជា «​គ្រោះមហន្តរាយ​នៃ​ភូមិសាស្ត្រ​នយោបាយ​ដ៏​អាក្រក់​បំផុត​ក្នុង​សតវត្សរ៍​ទី​២០»៕
 
 
 
 
 

Tag:
 រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  អតីត​សហភាពសូវៀត​
© រក្សាសិទ្ធិដោយ thmeythmey.com